ភ្នំពេញៈ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ចង់​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​បង្កើន​ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ដោយ​លោក​កត់សម្គាល់​ថា វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ។

សេចក្តី​ប្រកាស​ព័ត៌មាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​លោក ហ៊ុន សែន នាថ្ងៃទី​១៦ កក្កដា ​បញ្ជាក់​ថា៖ «ទោះបីជា​មាន​ការ​ផ្តល់​ជំនួយ​[ជប៉ុន]​ច្រើន​ពិត​មែន​ប៉ុន្តែ​សម្តេច​តេជោ ​[លោក​ ហ៊ុន សែន] សង្កេត​ឃើញ​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ។ សម្ដេច​ចង់​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​បង្កើន​ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា​ដើម្បី​ជំរុញ កំណើន​សេដ្ឋកិច្ច​កម្ពុជា»។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុង​ជំនួប​ជាមួយ​លោក Yamaguchi Natsuo សមាជិក​ព្រឹទ្ធសភា​ជប៉ុន និង​ជា​ប្រធាន​គណបក្ស Komeito នា​ថ្ងៃទី​១៦ កក្កដា នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ។

លោក​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​បរិយាកាស​វិនិយោគ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ហើយ​ថា​ជប៉ុន​បាន​ជួយ​កម្ពុជា​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្លូវ​គោក និង​ផ្លូវទឹក ដែល​បច្ចុប្បន្ន​កំពង់ផែ​ស្វយ័ត​កម្ពុជា​កំពុង​ឈាន​ទៅ​ដល់​ការ​ពង្រីក​សមត្ថភាព​សម្រាប់​ការ​ចូល​ចត​នាវា​ខ្នាត​ធំ។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា៖ «ចំពោះ​ការ​ជំរុញ​វិនិយោគ​ជប៉ុន​មក​កម្ពុជា ឯកឧត្ដម Yamaguchi នឹង​ពាំនាំ​ខ្លឹមសារ​នេះ​ទៅ​ដល់​រដ្ឋាភិបាល​ជប៉ុន និង​ជាពិសេស ទៅ​រដ្ឋមន្ត្រី​សាធារណការ​ជប៉ុន ដែល​ជា​សមាជិក​គណបក្ស Komeito ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​នៅ​កម្ពុជា ឱ្យ​បាន​ច្រើន និង​សម្បូរ​បែប​ថែម​ទៀត ដែល​ជា​កត្តា​សំខាន់​សម្រាប់​អ្នក​វិនិយោគ»។

ប្រភព​ដដែល​បន្ត​ថា លោក Yamaguchi បាន​បង្ហាញ​មោទនភាព​ដែល​ជប៉ុន និង​កម្ពុជា​ឈាន​ទៅ​ដល់​ការ​បង្កើត​ទំនាក់ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កាល​ពី​ឆ្នាំ​២០២៣។ ទំនាក់ទំនង​នេះ​បាន​នាំ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-ជប៉ុន ត្រូវ​បាន​ពង្រីក​ទៅ​ដល់​វិស័យ​យោធា សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឌីជីថល ការ​ប្រែប្រួល​អាកាសធាតុ ជាដើម។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន លោក Yamaguchi បាន​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ប្រជាជន​ជប៉ុន​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ ៤ ០០០នាក់ រីឯ​ប្រជាជន​កម្ពុជា​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ​ ២ម៉ឺន​នាក់។ 

លោក​ថា ក្រៅ​ពី​ទំនាក់​ទំនង​ពាណិជ្ជកម្ម ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​កម្ពុជា-ជប៉ុន នឹង​ចូលរួម​ចំណែក​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-ជប៉ុន ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ផង៕