ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា​ លោកស្រី Flerida Ann Camille P. Mayo បាន​ពិភាក្សា​គ្នា​ជំរុញ​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​ឡើង​វិញ​ពី​ទីក្រុង​សេប៊ូ​នៃ​ប្រទេស​ហ្វីលីពីន​មក​កាន់​ខេត្ត​សៀមរាប ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​។

ភាគី​ទាំងពីរ​ក៏​បាន​ពិភាក្សា​គ្នា​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម និង​ការ​នាំចេញ​ផលិតផល​កសិកម្ម​ផង​ដែរ។

ការ​ពិភាក្សា​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត  និង​លោកស្រី Mayo ​​កាលពី​ថ្ងៃទី​១៦ កក្កដា នៅ​រាជធានី​ភ្នំពេញ។

សេចក្តី​ប្រកាស​ព័ត៌មាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​លោក​នាយក​រដ្ឋមន្ត្រី​នា​ថ្ងៃ​ទី​១៦ កក្កដា បញ្ជាក់​ថា៖ «[ភាគី​ទាំងពីរ] ​បាន​ពិភាក្សា​លើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម តាម​រយៈ​ការ​ខិតខំ​បន្ថែម​ទៀត​លើ​ការ​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម ការ​នាំ​ចេញ​ផលិតផល​កសិកម្ម,​ ការ​ជំរុញ​វិស័យ​ទេសចរណ៍​តាម​រយៈ​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​ឡើង​វិញ​ពី​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន មក​កាន់​ខេត្ត​សៀមរាប, វិស័យ​អប់រំ និង​វិស័យ​សំណង់»។

លោក​ ជ័យ តិច អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការដែល​ហ្វីលីពីន និង​កម្ពុជា​គឺ​ជា​សមាជិក​អាស៊ាន និង​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ (RCEP) អាច​នឹង​បង្ក​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច។

លោក​ថ្លែង​ថា៖ «ការ​តភ្ជាប់​ជើង​ហោះហើរ​ដោយ​ផ្ទាល់​ពី​សេប៊ូ​មក​សៀមរាប​គឺ​ជា​រឿង​ល្អ​មួយ នៅ​ក្នុង​ការ​នាំ​យក​នូវ​អ្នកទេសចរ ពីព្រោះ​សេប៊ូ និង​សៀមរាប​គឺជា​ទីក្រុង​សំខាន់​ដូចគ្នា​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​គឺ​ទំនាក់ទំនង​ផ្នែក​ទេសចរណ៍​នេះ ដែល​នឹង​អាច​នាំ​យក​នូវ​ភ្ញៀវ​ទេសចរ​ហ្វីលីពីន​មក​លេង​ទឹកដី​កម្ពុជា​បន្ថែម​ទៀត»។

លោក​បន្ត​ថា ប្រទេស​ទាំងពីរ​នៅ​មាន​សក្ដានុពល​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយ​គ្នា ជា​ពិសេស​ក្នុង​វិស័យ​ស្រូវ​អង្ករ ដោយសារ​ប្រទេស​ហ្វីលីពីន​ជា​ប្រទេស​ដែល​នាំចូល​អង្ករ​ដ៏​ច្រើន។ លោក​ថា៖ «សម្រាប់​ការ​នាំចេញ​ពី​កម្ពុជា​គឺ​ទាក់ទង​ទៅ​នឹង​អង្ករ​គឺជា​ទំនិញ​ដែល​ត្រូវ​នាំចេញ​ទៅ​ហ្វីលីពីន​ដែល​មាន​សក្ដានុពល ពីព្រោះ​ទីផ្សារ​ហ្វីលីពីន​គឺ​មាន​ទំហំ​ធំ»។

លោក​ ជ័យ តិច ថ្លែងថា ហ្វីលីពីន​ក៏​មាន​សក្ដានុពល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​ទៅ​លើ​ការ​បង្កើត​រោងចក្រ​កែច្នៃ​ចំណីអាហារ ឃ្លាំង​ស្តុក​ស្រូវ​អង្ករ និង​ម៉ាស៊ីន​កិន​ស្រូវ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​តាម​ស្តង់ដារ​អន្តរជាតិ​ដើម្បី​នាំចេញ​ទៅ​ប្រទេស​របស់​ខ្លួន។

ក្នុង​ជំនួប​នេះ លោកស្រី Mayo ​បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត និង​ការ​ខិតខំ​ប្រឹងប្រែង​បន្ត​ពង្រឹង ​និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ហ្វីលីពីន-កម្ពុជា​ឱ្យ-​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ​នៅ​ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​លោកស្រី ខណៈ​លោក ហ៊ុន ម៉ាណែត ជឿជាក់​ថា ក្នុង​បេសកកម្ម​ការទូត​របស់​លោកស្រី  ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​នឹង​កាន់តែ​ត្រូវ​បាន​បន្តពង្រឹង និង​ពង្រីក​បន្ថែម​ទៀត។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោកស្រី​ឯកអគ្គរដ្ឋទូត​ដើម្បី​ពង្រឹង និងពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​បន្ថែម​ទៀត។

ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​ជាតិ ដូចជា​ការ​ធ្វើ​លំហាត់​រួម​គ្នា ការ​បណ្ដុះបណ្ដាល និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​ឆ្លងដែន​។ 

លោក ជ័យ តិច ថ្លែងថា ប្រទេស​ហ្វីលីពីន​គឺជា​ប្រទេស​ដែល​មាន​ជំនាញ​ច្រើន​ទៅ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា សំណង់ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បាន ក៏ដូចជា​ផ្នែក​សន្តិសុខ​ជាតិ។ 

លោកថា៖ «នៅ​ហ្វីលីពីន​មាន​កងទ័ព​ជើងទឹក​ដែល​មាន​បទពិសោធន៍​ច្រើន​ដែល​យើង​អាច​ធ្វើ​សមយុទ្ធ​រួមគ្នា​ដើម្បី​ទទួល​បាន​នូវ​បទពិសោធន៍​បន្ថែម​ទៀត​ទាក់ទង​ទៅ​នឹង​សន្តិសុខ​ដែន​ទឹក»៕