កោះកុង៖ តំបន់អភិរក្ស​ពាម​ក្រសោប ក្នុង​ខេត្ត​កោះកុង ​​ជាទី​តាំង​ល្អ​សម្រាប់​ការ​ចិញ្ចឹម​គ្រំ​ចំពុះ​ទា ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO)។

គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​លើក​កម្ពស់​ផលិតផល​ក្រោយ​ការ​ប្រមូល​ផល និង​ជំរុញ​ការចូលរួម​សហគមន៍​មូលដ្ឋាន ដោយ​ផ្តល់​នូវ​ជម្រើស​ជីវភាព​រស់នៅ​ប្រកប​ដោយ​និរន្តរភាព ​ព្រមទាំង​ការ​លើក​កម្ពស់​សន្តិសុខ​ស្បៀង និង​ស្ថិរភាព​សេដ្ឋកិច្ច​ក្នុង​តំបន់។

លោក វង្ស តារា ជា​អ្នក​ចិញ្ចឹមគ្រំ​ចំពុះទា​ជា​លក្ខណៈ​គ្រួសារ បាន​លើក​ឡើង​ពី​សក្តានុពល​ពិសេស​នៃ​តំបន់​អភិរក្ស​​ពាម​ក្រសោប ដោយ​សង្កត់ធ្ងន់​ទៅលើ​ព្រៃកោងកាង​ដ៏​ធំ​ល្វឹងល្វើយ និង​បរិស្ថាន​ល្អ​ប្រណិត ដែល​ជា​លក្ខខណ្ឌ​ដ៏​ល្អ​សម្រាប់​ការ​ចិញ្ចឹម​គ្រំ។

លោក​បាន​ឱ្យ​ដឹង​ថា៖ «ភាព​សម្បូរ​បែប​នៃ​ព្រៃកោងកាង ​​ទឹកស្អាត និង​ជា​តំបន់​​ការពារ បង្កើតជា​ជម្រក​ដ៏​ល្អ​ឥតខ្ចោះ​សម្រាប់​គ្រំ​ចំពុះ​ទា​ក្នុង​ការ​​លូតលាស់ និង​បន្ត​ពូជ»។

លោក​បន្ដថា​៖ «​ប្រព័ន្ធ​អេកូឡូស៊ី​ពិសេស​នេះ​មិន​ត្រឹមតែ​ជួយ​ដល់​ការ​លូតលាស់​នៃ​ចំនួន​គ្រំ​ល្អៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធានា​នូវ​ការ​អនុវត្ត​ការ​ប្រមូល​ផល​ប្រកប​ដោយ​និរន្តរភាព ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សហគមន៍​របស់​យើង​ផងដែរ»។

ដើម្បី​បង្កើត​ទីជម្រក​បែប​ធម្មជាតិ​របស់​គ្រំ​ចំពុះទា​ក្នុង​តំបន់​អភិរក្ស​ពាម​ក្រសោប សហគមន៍​ផ្តោត​លើ​ការ​ជ្រើសរើស​តំបន់​ទឹក​ស្អាត សម្បូរ​សារធាតុ​ចិញ្ចឹម និង​ស្រទាប់​ខាងក្រោម​មាន​ស្ថេរភាព។

ការ​ចិញ្ចឹម​ត្រូវធ្វើ​ឡើង​ដោយ​ការ​បោះ​បង្គោល​ និង​ចង​បាវ​សម្រាប់​ឱ្យ​គ្រំ​មក​នៅ ​ក៏​ដូចជា​បង្ក​កូន​ពូន​ជា​ចៅ ដែល​ប្រជាសហគមន៍​អាច​ប្រមូល​មួយ​រដូវ​ដោយ​ចំណាយ​រហូតដល់ ៣ ខែ។ 

ដំណើរការ​ចាប់ផ្តើម​ជាមួយ​នឹង​ការប្រមូល​ដង្កូវ​ទឹកប្រៃ​ដោយ​ប្រើ​ឧបករណ៍​ប្រមូល​សំណាញ់ ដែល​បន្ទាប់មក​ត្រូវ​បាន​ផ្ទេរ​ទៅ​តំបន់​លូតលាស់​ដែល​មាន​រចនាសម្ព័ន្ធ​យុទថ្កា។ ការ​ត្រួត​ពិនិត្យ​ជាប្រចាំ​ធានា​បាន​នូវ​ការ​លូតលាស់ និង​សុខភាព​ដ៏​ល្អប្រសើរ ដែល​នាំ​ឱ្យ​មាន​ការ​ប្រមូល​ផល​យ៉ាងច្រើន។

លោក តារា បាន​ឱ្យ​ដឹងថា​៖ «​តាំងពី​តូចប៉ុន​គ្រាប់​ល្ងចាប់​ពី ៦ ខែ ៨ ខែ និង​ ១២ ខែ ទើបយើង​ប្រមូល​ផល​ ខណៈ​មួយ​រដូវ យើង​ប្រមូល​ផល​ម្ដង ដែល​មាន​ប្រមាណ​រហូត​ដល់​រាប់​ពាន់​តោន​ ដោយសារ​ក្នុង​ចំណោម​ប្រជាជននៅ​ឃុំ​នេះ​ជាង ៣០០​គ្រួសារ មាន​ជាង ៥០ភាគរយ​ហើយ​ដែល​ប្រកប​របរ​ចិញ្ចឹម​គ្រំ​ចំពុះទា​នេះ​»។ 

លោក​អះអាងថា ប្រជាពលរដ្ឋ​ចិញ្ចឹម​គ្រំ​ចំពុះទា​ដែល​មាន​ដើម​ទុន​ប្រមាណ ៤ ទៅ ៥​លាន​រៀល​អាច​រក​ប្រាក់​ចំណេញ​បាន​ ២-៣លាន​រៀល​ក្នុង​មួយ​រដូវ។ 

នៅមុន​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ គ្រំ​ ប្រមាណ​ជិត​ ៨០ភាគរយ​ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​ថៃ ១៥ភាគរយ​ ទៅ​វៀតណាម និងជិត​ ៥ភាគរយ​ទៀត​លក់​ក្នុងស្រុក​។​

លោក វង្ស តារា បាន​ចាប់​អាជីព​ចិញ្ចឹម​គ្រំ​ចំពុះ​ទាជា​លក្ខណៈ​គ្រួសារ​ទាំងពី​ឆ្នាំ​១៩៩៤។ ដោយ​ជួប​វិបត្ដិ​ជំងឺ​រាត​ត្បាត​សកល​ ការ​នាំ​ចេញ​គ្រំ​ចំពុះ​ទាទៅ​កាន់​ប្រទេស​ជិត​ខាង​​មាន​ការ​កក​ស្ទះជាមួយ​បរិមាណ​ពី ២៥០០ ទៅ ៣០០០​តោន​ក្នុង​មួយ​ឆ្នាំ​ ជា​ហេតុ​ដែល​លោក​ត្រូវ​សម្រេច​ចិត្ដ​ធ្វើ​ការ​កែច្នៃ​ផលិត​ផល​គ្រំ​ចំពុះទាក្នុង​ឆ្នាំ​២០២១​សម្រាប់​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក។ 

លោក​បាន​និយាយថា​៖ «ដោយសារ​មិន​ទាន់​មាន​បទពិសោធ និង​ជំនាញ​គ្រប់​គ្រាន់​ ខ្ញុំ​មិន​អាច​នាំ​ផលិតផល​ទាំង​អស់​នោះ​ចូល​ក្នុង​ផ្សារ​ទំនើប​បាន​ទេ។ ដូច្នេះ វា​ត្រូវ​មាន​អ្នក​ទី ៣ ក្នុងការ​ដឹកនាំ​ផលិតផល​របស់​ខ្ញុំ​ចេញ​ទៅលក់​លើ​ទីផ្សារ​»។ 

UNIDO និង CAPFISH-Capture Project៖ បង្កើន​ការ​ទទួល​បាន​ទីផ្សារ

ក្រោម​ការគាំទ្រ​គម្រោង CAPFISH-Capture លោក តារា ​បាន​បោះ​ជំហាន​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រតិបត្តិការ​របស់​ខ្លួន និង​ពង្រីក​ទីផ្សារ​របស់​ខ្លួន។​

សកម្មភាព​សំខាន់ៗ​រួមមាន​ការសាងសង់​កន្លែង​កែច្នៃ​ថ្មី​ដែល​បំពេញ​តាម​ស្តង់ដា​​ការអនុវត្ត​អនាម័យ​ល្អ (GHP) និង​ការអនុវត្ត​ផលិតកម្ម​ល្អ (GMP) កំណត់​អ្នកទិញ​ថ្មី​នៅ​ភ្នំពេញ និង​បណ្តុះបណ្តាល​បុគ្គលិក​លើ​តម្រូវការ CQS។​

ប្រជានេសាទនៅសហគមន៍ពាម​ក្រសោបក្នុង​ខេត្ត​កោះកុង ប្រមូល​ផល​ពី​​ការ​​ចិញ្ចឹម​គ្រំ​​ចំពុះ​ទា។ រូបថត ហុង រស្មី

សហគ្រាស​ក៏បាន​ពង្រឹង​សម្ភារៈ​វេច​ខ្ចប់ និង​ស្លាក​ផលិតផល ដោយ​បន្ថែម​តម្លៃ​ដល់​ការផ្តល់ជូន​របស់ខ្លួន​។​

សហគ្រាស​បានទទួល​អ​ត្ថ​ប្រយោជន៍​យ៉ាងច្រើន​ពី​ជំនួយ​បច្ចេកទេស CAPFISH ដោយ​ទទួលបាន​ការ​បណ្តុះបណ្តាល​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម ការអភិវឌ្ឍន៍​សំណើ ការដាក់​ស្លាក​យីហោ និង​សុវត្ថិភាព​ចំណីអាហារ​។​

លោក​ តារា បាន​ឱ្យ​ដឹងថា​៖ «​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​​បាន​នាំឱ្យ​មាន​សមិទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់ ​ដូចជា​ការបញ្ជាក់ CQS-Basic ការកើនឡើង ៣១ភាគរយ​នៃ​ការ​លក់ ការ​កើន​ឡើង​នៃ​ប្រាក់​ចំណូល ៦៨ភាគរយ​ និង​ការ​ទាក់ទាញ​របស់​អ្នកទិញ​ថ្មី​ចំនួន ៥ រួម​ទាំង ផ្សារ​ទំនើប​ម៉ាក្រូ​ផង​ដែរ​»។​

ការងារ​នៅ​សហគ្រាស​ក៏មាន​ការកើនឡើង ៦០ភាគរយ ដែល​សុទ្ធ​តែជា​​បុគ្គលិក​ស្រីទាំង​អស់​​។​

ស្ថិតនៅ​ចម្ងាយ​ប្រហែល ៨ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត សហគ្រាស​កែច្នៃ​បង្គា​ក្រៀម គ្រំ​ចំពុះទា​ វង្ស តារា បន្ត​រីកចម្រើន និង​រួមចំណែក​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក ដោយ​បង្ហាញ​ពី​ភាពជោគជ័យ​ដែល​អាច​សម្រេចបាន​តាម​រយៈ​ការសហការ​សហគមន៍ និង​គំនិត​ផ្តួចផ្តើម​គាំទ្រ​គោលដៅ​។​

សហគ្រាស​បានទទួល​​វិ​ញ្ញាប​ន​បត្រ​និមិត្ដ​សញ្ញា​គុណភាពផល ផលិតផល​ជលផល​កម្ពុជា​ (CQS)​ ជា​ផ្នែក​មួយ​នៃ​គម្រោង​ដែល​ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប និង​អនុវត្ត​ដោយ​អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍​ឧស្សាហកម្ម(UNIDO)​។​

វិញ្ញាបនបត្រ​នេះ​មាន​គោលបំណង​កែលម្អ​ស្តង់ដា​សុវត្ថិភាព​ចំណីអាហារ និង​លើកកម្ពស់​ការអនុវត្ត​នេសាទ​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។​

លោក តារា បាន​ឱ្យ​ដឹងថា​៖ «​ក្រោយ​ធ្វើការ​កែច្នៃ​ទៅតាម​បច្ចេកទេស​របស់​អង្គការ​ UNIDO ផលិតផល​គ្រំ​ចំពុះទា​កែច្នៃ​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​មាន​តម្លៃ​ខ្ពស់​ជាង​ការ​នាំ​ចេញផលិត​ផល​ស្រស់​ទៅ​ប្រទេស​ជិត​ខាង​ ដោយសារ​ការ​ដឹកជញ្ជូន និង​លក់​មានតម្លៃ​ទាប»។ 

លោក​បាន​បញ្ជាក់ថា កន្លងមក ទីផ្សារ​គ្រំ​ចំពុះទា​ក្នុង​ស្រុក​មាន​ប្រមាណតែ ៥ភាគរយ ខណៈ​ដែល​បច្ចុប្បន្ន​ទីផ្សារ​បាន​កើន​ឡើង​ប្រមាណ ២០​ភាគរយ​។ 

បញ្ហាប្រឈម និង​ពន្លឺ​នាពេល​អនាគត

ប្រធានសហគមន៍ពាមក្រសោប លោក តារា បាន​និយាយថា យ៉ាងណាមិញ ដោយសារ​ការ​បញ្ជា​ពី​ប្រទេស​​ជិត​ខាង ជា​ទីផ្សារ​ធំ​របស់​សហគមន៍​លោក​ធ្លាក់​ចុះ ឆ្នាំ​២០២៤ នេះ ផលិតផល​គ្រំ​ចំពុះទា​មានតម្លៃ​ធ្លាក់​ចុះ​ ជា​ហេតុ​នាំ​ឱ្យ​តម្លៃ​ធ្លាក់​ចុះ​ពី ១៨០០ ទៅ ២០០០​រៀល​ មក​ត្រឹម ៦០០-៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម។ 

កម្មករកំពុងហាលគ្រំ​​ចំពុះ​ទា ដើម្បីត្រៀមវេចខ្ចប់​សម្រាប់​នាំ​ចេញ។ រូបថត ហុង រស្មី

លោក​បាន​ឱ្យ​ដឹងថា ប្រជា​សហគមន៍​មិន​អាច​ទ្រទ្រង់​ជីវភាព​បាន​នោះ​ទេ ប្រសិនបើ​ពួកគេ​មិន​ធ្វើ​ការ​ចិញ្ចឹម​ដោយ​ខ្លួន​ឯង ខណៈ​តម្លៃ​លក់​ទាប​បែប​នេះ។ 

លោក Bryan Fornari ប្រធាន​កិច្ចសហប្រតិបត្តិការនៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា (EUD) បាន​ថ្លែងថា ការងារ​ត្រូវបានធ្វើ​ក្នុង​រយៈពេល​វែង​។​

លោក​បានលើកឡើង​ពី​សារៈសំខាន់​នៃ​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ការវិនិយោគ​លើ​ឧបករណ៍ ដើម្បី​ជួយ​សហគ្រាស​រីកចម្រើន ផ្តល់​ការងារ និង​នាំ​ផលិតផល​ទៅកាន់​ទីផ្សារ​។​

លោក Fornari ​បាន​ថ្លែង​ថា៖ «​យើង​ពិតជា​រីករាយ​ក្នុងការ​គាំទ្រ និង​ជា​ដៃគូ​ជាមួយ​ក្រសួង និង​ជាពិសេស​លើ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ដើម្បី​គាំទ្រ​ដល់​ការកែច្នៃ និង​គាំទ្រ​ដល់​ការបង្កើន​តម្លៃ​បន្ថែម​សម្រាប់​ផលិតផល​កម្ពុជា»។​

លោក​បន្ដថា​៖ «​នៅទីនេះ ​យើង​ឮ​ពីការ​ផ្សព្វផ្សាយ​​ការប្រើប្រាស់​ក្នុងស្រុក ​ជា​តម្រូវការ​ច្រើន ហើយ​នេះ​ពិតជា​ល្អ​ណាស់ដែ​លវា​អាច​ត្រូវបាន​អភិវឌ្ឍ។ ប៉ុន្តែ​វា​ក៏មាន​ខ្សែសង្វាក់​តម្លៃ​មួយទៀត​ផងដែរ ដើម្បីឱ្យ​វា​អាច​ទៅដល់​ទីផ្សារ​ខាងក្រៅ»​។​

កិច្ចខិតខំប្រឹងប្រែងសហគមន៍ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផល​គ្រំ​ចំពុះទា​

លោក តារា​ ជា​ប្រធាន​សហគមន៍​ បាន​ពន្យល់​ថា ​ផលិត​គ្រំ​ចំពុះទា​របស់​សហគមន៍​លោក​មាន​​ច្រើន​​លើស​ពី​តម្រូវ​ការ​ក្នុង​ស្រុក។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សហគមន៍​បាន​រៀបចំ​ផ្សព្វផ្សាយ​មុខ​ម្ហូប​ចម្អិន​ពី​គ្រំ​ចំពុះទា​ ដើម្បីលើក​កម្ពស់​ការ​យល់​ដឹង និង​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​របស់​វា​ដល់​អ្នក​សារព័ត៌មាន និងសាធារណជន​ទូទៅ។

ប្រជានេសាទនៅសហគមន៍ពាម​ក្រសោបក្នុង​ខេត្ត​កោះកុងចម្អិន​គ្រំ​ចំពុះទា​ ដើម្បីលើក​កម្ពស់​ការ​យល់​ដឹង និង​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​របស់​វា​ដល់​អ្នក​សារព័ត៌មាន និងសាធារណជន​ទូទៅ។ រូបថត ហុង រស្មី

អ្នកស្រី យ៉ង ស្រីទូច​ ដែល​ប្រកប​របរ​ចិញ្ចឹម​គ្រំ​ចំពុះទា​តាំងពី​វ័យ​ក្រោម​ឆ្នាំ​២០ រហូត​ដល់​វ័យ​ជាង ៤០​ឆ្នាំ បាន​ឱ្យ​ដឹងថា ថ្ងៃនេះ​សហគមន៍​ធ្វើការ​ផ្សព្វផ្សាយ​មុខ​ម្ហូប​អំពី​គ្រំ​ចំពុះទា​ចំនួន ៩ មុខ​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ ដើម្បី​ឱ្យ​ពួកគេបាន​ភ្លក្ស​រសជាតិ​ និងបន្ដ​ផ្សព្វផ្សាយ​ដល់​មហាជន​ទូទៅ​អំពី​សក្ដានុពល​គ្រំ​ចំពុះទា​។ 

គ្រង​ឈុត​ពណ៌​បៃតង​ និង​អៀមរុំ​ពណ៌​ផ្ទៃ​មេឃ ដៃកំពុងតែ​ចម្អិន​គ្រំ​បំពង​ អ្នកស្រី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «​យើង​ចម្អិន​ម្ហូប​គ្រំ​ចំពុះទា​ចំនួន ៩មុខ​ ដូចជា គ្រំ​បំពង​ម្សៅ ការី​គ្រំ​ជាមួយ​ម្នាស់ ម្ជូរ​ខ្ទិះ ឆា​ក្រៀម ញ៉ា គ្រំ​ឆៅ ដែល​ស្រដៀង​អយស្ទើរ គ្រំ​ចំហុយ ការី​គ្រំ​ជាមួយ​ម្រះ និង​ត្រប់​ពុតញង ជាដើម។ 

អ្នកស្រី​បាន​និយាយថា ថ្វីដ្បិតតែ​ទទួល​បានជំនួយ​ពី​អង្គការ UNIDO ​យ៉ាង​ណា​ក៏ដោយ ក៏​ផលិត​ផល​គ្រំ​របស់​សហគមន៍​លក់​មិន​អស់ ដោយសារ​ទីផ្សារ​ក្នុង​ស្រុក​មាន​បរិមាណ​តិច​តួច​បំផុត។ 

បច្ចុប្បន្ន​នេះ ទីផ្សារ​របស់គ្រំ​ចំពុះ​ទា​​សហគមន៍​ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​វៀតណាម ដែល​ធ្វើ​ការ​កុម្ម៉ង់​ទិញ​ប្រមាណ ៥០​តោន​ក្នុងមួយ​​សប្ដាហ៍៕