កំណើន​ឥណទាន​នៅ​កម្ពុជា​បាន​ថមថយ​ជា​បន្ត​បន្ទាប់​ដល់កម្រិត​ទាប​ក្នុង​អត្រា​ ២,៦​ ភាគរយ​ដែល​ជា​កម្រិត​ទាប​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​​ចុង​ក្រោយ។ ប៉ុន្តែ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ជា​ទូទៅ​ក្នុង​រយៈ​ពេល ៦ខែ​ឆ្នាំ​នេះ​មាន​កំណើន​ខ្ពស់​ក្នុង​អត្រា ៦,៣ ភាគរយ។ នេះ​បើតាម​លោកស្រី ជា សិរី អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា។

ថ្លែង​នៅ​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី១ ឆ្នាំ​២០២៤ រៀបចំឡើង​នៅ​ថ្ងៃ​នេះ លោកស្រី​ ជា សិរី ថ្លែង​ថា​ ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ឥណទាន​បណ្ដាល​មក​ពី​ការ​ប្រុង​ប្រយ័ត្ន​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ស្រប​ពេល​មាន​ភាព​មិន​ប្រាកដ​ប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក​បណ្ដាល​មក​ពី​សង្គ្រាម​នៅ​តំបន់​អឺរ៉ុប​និង​មជ្ឈិម​បូព៌ា និង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ។

លោកស្រី​ថ្លែង​ថា៖ «ភាព​មិន​​ប្រាកដ​ប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក​ និង​ក្នុង​តំបន់​ បាន​ជំរុញ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បង្កើន​ការ​ប្រុង​ប្រយ័ត្នជាង​មុន​ក្នុង​ការ​ផ្ដល់​ឥណទាន ហើយ​ស្រប​ពេល​នៃ​ការងើប​ឡើង​យឺត​នៃ​វិស័យ​មួយ​ចំនួន​ផង​នោះ កំណើន​ឥណទាន​បាន​ថមថយ​ជា​បន្ត​បន្ទាប់​ដល់​កម្រិត​ទាប​ក្នុង​អត្រា​ ២,៦ ភាគរយ ដែល​ជា​កម្រិត​ទាប​ក្នុង​រយៈ​ពេល ២ ទសវត្សរ៍​ចុងក្រោយ»។

លោស្រី​បន្ត​ថា ស្រប​ពេល​ជាមួយ​គ្នា​នេះ អនុបាត​ឥណនា​មិន​ដំណើរ​ការ​ (ការសង​មិន​បាន​តាម​កាល​កំណត់) មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ដល់ ៦,៨ ភាគរយ​ក្នុង​វិស័យ​ធនាគារ និង ៨,៣ ភាគរយ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ។ កម្រិត​ខ្ពស់​នេះ​មួយ​ផ្នែក​ក៏ដោយសារតែ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ឥណទាន​ផងដែរ។

យ៉ាងណា​ក៏ដោយ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​ឡើង ៦,៣ ភាគរយ​នៅ​ឆមាស​ទី១​នៃ​ឆ្នាំ​នេះ​ និង​ត្រូវបាន​ព្យាករណ៍​ថា​នឹង​មាន​កំណើន ៦ ​ភាគរយ​សម្រាប់​ឆ្នាំ​២០២៤​ ដែល​កើន​លើស​ឆ្នាំ​មុន​ ១ ភាគរយ។

បើតាម​លោកស្រី ជា សិរី កំណើន​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​វិស័យ​សំខាន់​ដូចជា​វិស័យ​កាត់ដេរ ​ដែល​មាន​ ១៧,២ ភាគរយ, វិស័យ​ទេសចរណ៍ មាន​ ២១,២​ ភាគរយ និង​វិស័យ​កសិកម្ម​កើន​ឡើង​ ៤៧,៨​ភាគរយ។ សម្រាប់​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ដែល​ជា​សរសេរ​ស្ដម្ភ​គាំទ្រ​ដល់​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​ក៏​រង​ការ​ប៉ះពាល់​ដោយ​កត្តា​ខាង​ក្រៅ​ដែរ​ ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ត្រឹមតែ ១,៤​ ភាគរយ និង ០,៨ ភាគរយ​រៀង​គ្នា។

ចំណុច​វិជ្ជមាន​ដែល​កម្ពុជា​សម្រេច​បាន គឺ​ការ​រក្សា​អត្រា​អតិផរណា​ទាប​ក្នុង​កម្រិត​ត្រឹម​តែ ០,៤​ភាគរយ​នៅ​ក្នុង​រយៈ​ពេល ៦​ខែ​ឆ្នាំ​នេះ។ អត្រាអតិផរណា​ទាប​នេះ​ក៏​ដោយសារ​តែ​ការធ្លាក់​ថ្លៃ​នៃ​ក្រុម​ទំនិញ​មួយ​ចំនួន ​ប្រេង​ឥន្ធនៈ និង​សេវា​ពាក់​ព័ន្ធ។ លើស​ពី​នេះ​ទៀត អត្រាប្ដូរ​ប្រាក់​ក៏​មាន​ស្ថិរភាព​ល្អ​ដែរ គឺ​មាន​ត្រា​ ៤០៧៥ រៀល​ក្នុង​មួយ​ដុល្លារ កើន​ឡើង​តែ​ ០,៤​ ភាគរយ​លើស​ឆ្នាំ​មុន។

លោកស្រី​ថ្លែង​ថា៖ «ការ​រក្សា​បាន​អត្រា​ប្ដូរ​ប្រាក់​ឲ្យ​នៅ​ក្រោម​ ១ ភាគរយ គឺជា​ជោគជ័យ​មួយ​របស់​កម្ពុជា​បើប្រៀបធៀត​ទៅ​នឹង​រូបិយប័ណ្ណ​មួយ​ចំនួន​នៅ​ក្នុង​តំបន់... ការ​រក្សា​បាន​ស្ថិរភាព​នេះ​ដោយសារ​តែ​ការ​អនុវត្ត​នយោបាយ​រូបិយវត្ថុ​ដ៏​ប្រុង​ប្រយ័ត្ន»។

លើស​ពីនេះ​ទៀត កម្ពុជា​ក៏​បាន​ពង្រឹង​ទំនុក​ចិត្ត​ដល់​វិនិយោគិន​ និង​សាធារណជន​ទៅ​លើ​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ខ្លួន​តាម​រយៈ​ការ​សម្រេច​បាន​ទុន​បម្រុង​អន្តរជាតិ​ខ្ពស់​រហូត​ដល់​ទៅ​ប្រមាណ ២០​ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​លោក​ស្រី ជា សិរី។

ពាក់​ព័ន្ធ​នឹង​ការ​ថមថយ​នៃ​ការ​ផ្ដល់​ឥណទាន លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ថា វា​បង្ហាញ​ពី​ស្ថានភាព​ជាក់ស្ដែង ព្រោះ​ថា​អ្នក​ទទួល​ឥណទាន​ជួប​ការ​លំបាក ហើយ​អ្នក​ផ្ដល់​ឥណទាន​ដូចជា​គ្រឹះស្ថាន​ធនាគារ ឬ មីក្រូហិរញ្ញវត្ថុ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​និង​ពិចារណា​លើ​គុណវុឌ្ឍ​របស់​អ្នក​ទទួល។ លោកថា បើតាម​លោកដឹង កម្ចី​ដែល​អត់​មាន​គុណភាព​ដូចជា​ការ​សង​យឺតយ៉ាវ​មាន​ចំនួន​ច្រើន ដែល​ធ្វើ​ឲ្យប៉ះពាល់​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ។

លោកថា៖ «វាជាការ​ពិត វា​ជាកត្តា​សត្យានុម័ត​ដែល​វា​ត្រូវ​តែ​ថុយចុះ ដោយសារ​យើ​ងដឹង​ហើយ​ថា មាន​បញ្ហា​ជា​ច្រើន​រាប់ចាប់​ពី​កូវីដ បន្ត​ដោយ​សង្គ្រាម​នៅ​អ៊ុយក្រែន​និង​នៅ​តំបន់​មជ្ឈិម​បូព៌ា ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច ជាពិសេស​អាជីវករ ឬ​បុគ្គល​ រងការ​ប៉ះពាល់ ហើយ​វា​ធ្វើ​ឲ្យ​ចំណូល​របស់​គាត់​មាន​បញ្ហា​ជាច្រើន បូករួម​ទាំង​បញ្ហា​លើ​ឥណទាន​ចាស់។

លោក​បន្ត​ថា៖ «ដូច្នេះ​ ការ​ផ្ដល់​ឥណទាន​ត្រូវពិនិត្យ​លក្ខខណ្ឌ​ជាក់​លាក់​ និង​ប្រព័ន្ធ​ចំណូល​ជាដើម ដែល​នេះ​ធ្វើ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ពិបាក​បញ្ចេញ​ថវិកា​ឲ្យ​ខ្ចី​ណាស់។ ទីពីរ គឺ​អ្នក​ដែល​ជាប់​បំណុល​ចាស់​ស្រាប់​គាត់​មិន​ហ៊ាន​ទៅ​ខ្ចី​ទៀត​ព្រោះ​ទូទាត់​អាចាស់​មិន​ទាន់​ចប់​ផង។ អ្នក​ដែល​មិន​ជាប់​បំណុល​ចាស់​ក៏​មិន​ហ៊ាន​ទៅ​ខ្ចី​ព្រោះ​គាត់​អត់​មាន​លទ្ធភាព»។

លោក ហុង វណ្ណៈ ពន្យល់​ថា ការ​ធ្លាក់​ចុះ​នៃ​ឥណទាន​នេះ​ក៏​ឆ្លុះ​បញ្ចាំង​អំពី​ស្ថានភាព​សេដ្ឋកិច្ច​ជាក់ស្ដែង​របស់​ប្រជាពរលដ្ឋ​ដែរ គឺ​ពួកគាត់​អាច​រក​ចំណូល​បាន​ត្រឹម​តែ​ទប់ទល់​នឹង​ជីវភាព​ និង​សង​បំណុល​ចាស់​សម្រាប់​អ្នក​ដែល​កំពុង​ជាប់​បំណុល។

លោក​និយាយ​ថា កំណើន​នៃ​ឥណទាន​អាច​កើនឡើង​វិញ​នៅ​ពេល​វិស័យ​ផ្សេងៗ​ទៀត​មាន​កំណើន​ពីព្រោះ​វិស័យ​ធនាគារ​ត្រូវការ​កម្លាំង​ជំរុញ​ពី​វិស័យ​ផ្សេងៗ និង​កំណើន​ចំណូល​បុគ្គល៕