ធនាគារ​ជាតិ​ដាក់​ចេញ​យន្តការ​បន្ទាប់​សម្រាប់​ខេត្ត​សៀមរាប​ពាក់​ព័ន្ធ​ប្រាក់​ដុល្លារ​អាមេរិក ចាស់ ឬ ប្រឡាក់ ដោយ​តម្រូវ​ឱ្យ​សាខាធនាគារ​ពាណិជ្ជ​ខេត្ត​សៀមរាប​ទទួល​យក​ប្រាក់​ដុល្លារ​អាមេរិក​ចាស់​ឬ ប្រឡាក់​ដោយ​មិន​ទាមទារ​កម្រៃ​សេវា​ពី​អតិថិជន​របស់​ខ្លួន។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​លើ​ការ​សម្រប​សម្រួល​ចរាចរណ៍​ក្រដាស​ប្រាក់​ ដុល្លារ​អាមេរិក​នៅ​ខេត្ត​សៀមរាប​ ជាមួយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី២១ ខែកក្កដា ម្សិល​មិញ ដឹកនាំ​ដោយ​លោកស្រី ជា សិរី អគ្គទេសាភិបាល​ធនាគារ​ជាតិ។ កិច្ច​ប្រជុំ​នេះ​ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី​បាន​ស្នើ​ឲ្យ​ធនាគារ​ជាតិ​រក​ដំណោះ​ស្រាយ​អំពី​បញ្ហា​នេះ​កាល ពី​ថ្ងៃទី​១៨ ខែកក្កដា។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ ក្នុង​ករណី​ដែល​​ក្រដាស​ប្រាក់​ដុល្លារ​ចាស់​ខ្លាំង​ដែល​គិត​ថា​មិន​គួរ​បន្ត​ឱ្យ​ចរាចរ​នៅ​លើ​ទីផ្សារ​បាន​ ធនាគារ​ពាណិជ្ជ​នៅ​ ក្នុង​ខេត្ត​សៀមរាប​ត្រូវ​បញ្ជូន​បន្ត​ទៅ​ប្តូរ​យក​ក្រដាស​ប្រាក់​ថ្មី​នៅ​សាខា​ធនាគារជាតិ​ខេត្ត​សៀមរាប ដោយ​ពុំ​មាន​គិត​កម្រៃ​សេវា​ និង​ពុំ​ចាំ​បាច់​រង់​ចាំ​ផ្ញើ​ទៅ​ទីស្នាក់​ការ​កណ្តាល​របស់​ធនាគារ​ពាណិជ្ជ​នៅ​រាជធានី​ភ្នំពេញ។

ធនាគារជាតិ​ក៏​ «តម្រូវ​ឱ្យ​គ្រឹះ​ស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំង​អស់​នៅ​ខេត្ត​សៀមរាប​ដាក់​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ២០​ដុល្លារ​ និង​៥០ ដុល្លារ​ជំនួស​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១០០​ដុល្លារ​នៅ​ក្នុង​ម៉ាស៊ីន​ដក​ប្រាក់ ​ATM ​ដើម្បី​សម្រួល​ដល់​ការ​ចាយ​វាយ​របស់​ភ្ញៀវទេសចរ»។

ប៉ុន្តែ ការ​ដាក់​ប្រាក់​បញ្ញើ​តាម​ម៉ាស៊ីន​ដាក់​ប្រាក់​គឺ​នៅ​ទទួល​គ្រប់​ប្រភេទ​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក។

ធនាគារជាតិ​ក៏​នឹង​ផ្សព្វផ្សាយ​អំពី​យន្តការ​នេះ​ទៅ​កាន់​អាជីវករ​ប្តូរ​ប្រាក់​ ម្ចាស់​សណ្ឋាគារ​និង​ភោជនីយដ្ឋាន ដើម្បី​ឱ្យ​បាន​យល់​កាន់​តែ​ច្បាស់​និង​ត្រៀមវ​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការអនុវត្ត​យន្តការ​បន្ត​ទៀត។​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជា​អ្នក​ស្នើ​សុំ​ឲ្យ​មាន​ដំណោះស្រាយ​លើ​បញ្ហា​ប្រាក់​ដុល្លារ​ចាស់ ឬ​ទក់ ឬ​ហែក​បន្តិច​បន្តួច បាន​បង្ហោះ​សារ​នៅ​ព្រឹក​នេះ​នៅ​លើ​ហ្វេសប៊ុក បង្ហាញ​ការគាំទ្រ​ចំពោះ​វិធានការ​ចំពោះ​មុខ​នេះ។​

លោក​ថ្លែង​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​ចំណាត់​ការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា នឹង​លុប​បំបាត់​បញ្ហា​លំបាក​ពាក់​ព័ន្ធ​នឹង​ការ​ចាយ​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ និង​ជួយ​សម្រួល​ដល់​ការ​លក់​ដូរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក៏​ដូចជា​ទេសចរ​ដែល​ទស្សនា​ខេត្ត​សៀមរាប​ផងដែរ»។

លោក​ក៏ស្នើ​ឱ្យ​សាខា​ធនាគារជាតិ​នៃកម្ពុជា​ខេត្ត​សៀមរាប​ និង​បណ្ដា​ធនាគារ​ឯកជន​ទាំងអស់​នៅ​ក្នុង​ខេត្ត​សៀមរាប​ ក៏ដូច​អាជីវកម្ម​ឯកជន និង​ប្រជាពលរដ្ឋ​អ្នក​លក់​ដូរ​ទាំង​អស់​នៅ​ក្នុង​ខេត្ត ចូល​រួម​អនុវត្ត​នូវគោលការណ៍​ថ្មី​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឱ្យ​បាន​ស្រុះ​គ្នា។

បន្ថែម​លើ​យន្តការ​រយៈ​ពេល​ខ្លី ធនាគារជាតិ​ក៏​ជំរុញ​ការ​ប្រើ​ប្រាស់​កម្មវិធី​ទូរស័ព្ទ ​Bakong Tourist​ App ​ដែល​នឹង​ដំណើរ​ការ​នាពេល​ខាង​មុខ​នេះ ដើម្បី​គាំទ្រ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា តាម​រយៈ​ការ​ជួយ​សម្រួល​ដល់​ការ​ទូទាត់​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​ ដែល​អញ្ជើញ​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា។

ធនាគារជាតិ​ក៏​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​លក់​ម៉ាស៊ីន​រាប់​ស្រាល់​ជ្រើស​ ដើម្បី​កំណត់​លក្ខខណ្ឌ​ស្តង់ដារ​មួយ​ដែល​មានសង្គតិភាព​ជាមួយ​គ្នា៕