ABA​ ដែល​ជា​ធនាគារ​ពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា ទទួល​បាន​ពាន​រង្វាន់​ដ៏​មាន​កិត្យានុភាព​ចំនួន ៣ នៅ​កម្មពិធីប្រគល់​ពាន​រង្វាន់ Euromoney 2024 ដែល​ជា​សក្ខីភាព​បង្ហាញ​ពី​លទ្ធផល​សម្រេច​បាន​ដ៏​ឥត​ខ្ចោះ និង​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាក​រេ​របស់ ABA។

ឆ្នាំនេះ ABA មាន​កិត្តិយស​ដែល​បាន​ទទួល​ស្គាល់​ជា “ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា ឆ្នាំ ២០២៤” និង​ទទួលបាន​ពាន​រង្វាន់​ធំៗ​រហូត​ទៅ​ដល់​ពីរ​បន្ថែម​ទៀត​គឺ “ធនាគារ​ឌីជីថល​ឆ្នើម​បំផុត​នៅ​កម្ពុជា ឆ្នាំ​២០២៤” និង “ធនាគារ​ឆ្នើម​បំផុត​លើ​កិច្ចការ​ទំនួល​ខុសត្រូវ​សង្គម​នៅ​កម្ពុជា ឆ្នាំ​២០២៤”។ ABA ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា ដប់​មួយ​ឆ្នាំ​ជាប់ៗ​គ្នា​ពី​ទស្សនាវដ្តី Euromoney។

លទ្ធផល​ហិរញ្ញ​វត្ថុ​រឹងមាំ និង​ការ​ពង្រីក​បណ្តាញ​សេវា

ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ ដើម្បី​សម្រេច​បាន​កំណើន​ប្រកប​ដោយ​ស្ថិរភាព​របស់ ABA បាន​ស្ដែង​ឲ្យ​ឃើញ​យ៉ាង​ប្រត្យក្ស​នៅ​លើ​គ្រប់​ទិដ្ឋភាព​ធុរកិច្ច​របស់​ខ្លួន។ ធនាគារ សម្រេច​បាន​ម៉ាទ្រីក​លទ្ធផល​ហិរញ្ញ​វត្ថុ​គួរ​ឲ្យ​កត់​សំគាល់នៅ​ឆ្នាំ ២០២៣ ដែល​បន្ត​ឈរ​យ៉ាង​រឹងមាំ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា។ ទ្រព្យ​សកម្ម​សរុប​មាន​ការ​កើន​ឡើង ២៧% រហូត​ដល់ ១១.៥ ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ឆ្នាំ ២០២៣។ ជា​មួយ​គ្នា​នេះដែរ ប្រាក់​បញ្ញើ​អតិថិជន​បាន​កើន​ឡើង ២៦% រហូត​ដល់ ៩.២ ប៊ីលាន​ដុល្លារ​អាមេរិក និង​កម្ចី​ដុល​ សម្រេច​បាន​ចំនួន​ ៩.២ ប៊ីលាន​ដុល្លារ​អាមេរិក ដែល​មាន​ការ​កើន​ឡើង ២១%​ បើ​ប្រៀបធៀប​នឹង​ដំណាច់​ឆ្នាំ​មុន​នេះ។

លើស​ពី​លទ្ធផល​ហិរញ្ញ​វត្ថុ ធនាគារ ABA ក៏​បាន​បន្ត​ពង្រីក​បណ្តាញ​សាខា​របស់​ខ្លួន​ផងដែរ។ រាប់​ចាប់​ពី​ដំណាច់ឆ្នាំ ២០២៣ ABA បាន​បម្រើ​សេវាកម្ម​អតិថិជន​តាម​រយៈសាខា​ចំនួន ៩៥ និង​ទីតាំង​ស្វ័យ​សេវា ABA 24/7 ចំនួន ៤៥ កន្លែង​ដែល​បង្ហាញ​ពី​កំណើន​ទីផ្សារ​យ៉ាង​ធំ។ គួរ​កត់​សម្គាល់​ថា ការ​ផ្តោត​សំខាន់​របស់ ABA ទៅលើ​ដំណោះ​ស្រាយ​ឌីជីថល​ថ្មីៗ បាន​រំលេច​ឲ្យ​ឃើញ​អំពី​ការ​ប្តេជ្ញា​បន្ត​ជំហាន​នាំ​មុខ​គេ​ក្នុង​វិស័យ​ធនាគារ​ឌីជីថល ដែល​កំពុង​មាន​សន្ទុះ​នៅ​កម្ពុជា។

ឈាន​មុខគេ​ក្នុង​វិស័យ​ធនាគារ​ឌីជីថល

កម្មវិធី ABA Mobile ដែល​ជា​ផលិតផល​ឯក​របស់​យើង បាន​បន្ត​ឈាន​មុខ​គេ​កាន់​តែ​ឆ្ងាយ​បន្ថែម​ទៀត ក្នុង​នាម​ជា​អេបធនាគារ​ដ៏​មាន​ប្រជាប្រិយភាព និង​ពេញ​និយម​បំផុត​នៅ​កម្ពុជា។ នៅឆ្នាំ ២០២៣ អ្នក​ប្រើប្រាស់ ABA Mobile បាន​កើន​ឡើង ៣០% ធៀប​នឹង​ឆ្នាំមុន ដោយ​សម្រេច​បាន​រហូត​ដល់​ ៣.១ លាន​នាក់ ដែល​ឆ្លុះ​បញ្ចាំងពី​ការ​ខិតខំ​ប្រឹងប្រែង​ពង្រឹង​នូវ​សេវាកម្ម​និង​មុខងារ​ផ្សេងៗ​លើ ABA Mobile។​

អំឡុង​ពេល​ពេញ​មួយ​ឆ្នាំ ABA Mobile ទទួល​បាន​នូវ​វឌ្ឍនភាព​ថ្មី​សំខាន់ៗ​ជាច្រើន។ ចំណុច​ដែល​គួរ​ឲ្យ​កត់សំគាល់​នោះគឺ ការ​កែប្រែ​ផ្ទៃ​អន្ដរ​កម្ម​ក្នុង​កំណែ​ 5.0​ ដោយ​បន្ថែម​បទ​ពិសោធ​ថ្មី​ដល់​អ្នក​ប្រើប្រាស់។ ​ការកែប្រែ​ថ្មី​នេះ​​ ផ្ដល់​នូវ​ការ​ប្រើប្រាស់​ឲ្យ​កាន់តែ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ និង​ងាយស្រួល​ជូន​អតិថិជន​ ពង្រឹង​មុខងារ​សុវត្ថិភាព​ ព្រមទាំង​អាច​ដូរ​ និង​រៀបចំ​ផ្ទៃ​អេ​ក្រង់​ឲ្យ​ស្រួល​ប្រើប្រាស់​ ដូច​ជាកែ​ទំហំ​អក្សរ​ និង​ម៉ូ​ដ​រចនា​ជាដើម​។ ការផ្ដល់​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ​ក្នុង ABA Mobile សម្រាប់​ប្រព័ន្ធ​ទូរស័ព្ទ​មួយ​ចំនួន ជួយ​សម្រួល​ឲ្យ​អតិថិជន​ប្រើប្រាស់​សេវា​ធនាគារ ដោយ​មិន​ចាំ​បាច់​មាន​ទិន្នន័យ​អ៊ីនធឺណិត​ផ្ទាល់​ខ្លួន ដែល​ជា​ចំណែក​មួយ​ជួយ​ជំរុញ​ដល់​បរិយាបន្ន​ហិរញ្ញវត្ថុ​ និង​ការ​ប្រើប្រាស់​របស់​អតិថិជន។ ABA ក៏​បាន​ប្រកាស​ដាក់​ដំណើរ​ការ​សេវា​ទូទាត់​ឆ្លងប្រទេស​តាម​រយៈ QR នៅ​ក្នុង​ប្រទេស​ថៃ កាល​ពី​ឆ្នាំ២០២៣ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់ ABA​​ ធ្វើ​ប្រតិបត្តការ​ដោយ​រលូន ដោយ​ប្រើ ABA Mobile ស្គែនកូដ ThaiQR ផងដែរ។

លើសពី​នេះ​ទៀត ធនាគារ​បាន​ពង្រីក​បណ្តាញ​ទូទាត់ KHQR សម្រាប់​អាជីវករ​កាន់​តែ​ទូលំទូលាយ ដែល​កើនឡើង​រហូត​ដល់ ៤៣%។ កម្មវិធី ABA Merchant ក៏​បន្ត​ទទួល​បាន​ការ​កែប្រែ ដូចជា មុខងារ​វិភាគ ដែលអនុញ្ញាត​ឲ្យ​អាជីវកម្ម​តូច​ធំ​នានា​ប្រើប្រាស់ និង​វិភាគ​ទិន្នន័យ​ដែល​ជួយ​ឲ្យ​ពួក​គាត់​គ្រប់គ្រង​សកម្មភាព​លក់ដូរ ប្រកប​ដោយ​ភាព​ងាយស្រួល និង​ប្រសិទ្ធភាព។ ភាព​ទំនើប​ឈាន​មុខ​ទាំង​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​គោល​ជំហរ​យ៉ាង​រឹងមាំ​របស់ ABA ក្នុង​នាម​ជា​ធនាគារ​ផ្ដល់​សេវា​ទូទាត់​ឌីជីថល​ឈាន​មុខ​គេ និង​ភាព​ងាយ​ស្រួល​កាន់​តែ​ប្រសើរ​ជា​លំដាប់​សម្រាប់​អតិថិជន។

ការ​កសាង​អនាគត​ប្រកប​ដោយ​និរន្តរភាព​តាម​រយៈ​ទំនួល​ខុស​ត្រូវ​សង្គម

គណៈវិនិច្ឆ័យ​របស់ Euromoney បាន​ទទួល​ស្គាល់​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ ABA លើ​ទំនួល​ខុសត្រូវ​សង្គម ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្តល់​វិភាគទាន​ត្រលប់​ទៅ​កាន់​សហគមន៍ និង ការ​រួម​ចំណែក​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ។ ទំនួល​ខុសត្រូវ​សង្គម​សំខាន់ៗ​របស់​ធនាគារ ABA រួមមាន​ការ​រួម​ចំណែក​ជួយ​វិស័យ​អប់រំ និង​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ព្រម​ទាំង​ពង្រឹង​សមត្ថភាព​យុវជន នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ការ​រួម​ចំណែក​ទាំង​អស់​នេះ​ បង្ហាញ​ពី​ ការ​ប្តេជ្ញា​ចិត្ត​របស់ ABA ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ។

ABA បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន ២0,000 ដុល្លារ​អាមេរិក ដល់​វិទ្យាល័យ​នៅ​ស្រុក​កំពង់រោទ៍ ខេត្ត​ស្វាយរៀង សម្រាប់​ជួសជុល​អគារ និង​រៀបចំ​ឲ្យ​មាន​ថ្នាក់រៀន​កុំព្យូទ័រ ដើម្បីកែ​លម្អ​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​សាលារៀន​ឲ្យ​កាន់​តែ​ប្រសើរ។ លើស​ពី​នេះ​ទៀត ABA ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៣00,000 ដុល្លារ​អាមេរិក ដល់​សមាគមសិស្ស-និស្សិត​អាហារូបករណ៍​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត (AMT) សម្រាប់​ឆ្នាំ ២០២៣-២០២៥ ដើម្បី​កម្មវិធី​ផ្តល់​អាហា​រូបករណ៍ និង​កម្មវិធី​អប់រំ​របស់​សមាគមន៍។

ធនាគារ ABA ក៏​បាន​ពង្រីក​ថ្នាក់​ចំណេះដឹង​ហិរញ្ញវត្ថុ​ដំណាក់​កាល​ទី​៣ របស់​ខ្លួន នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្ត​រតនគិរី ដើម្បី​ផ្តល់​ចំណេះដឹង​ចាំបាច់​មួយ​ចំនួន​ដល់​អ្នក​ចូលរួម។ ការ​បើក​ថ្នាក់​ចំណេះដឹង​ហិរញ្ញ​វត្ថុ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​ ដោយ​មាន​អ្នក​ភូមិ អ្នកស្រុក ជាច្រើន​ចូលរួម​ប្រមាណ​ ៥០០​នាក់។

ដោយ​ទទួល​ស្គាល់​សារៈសំខាន់​នៃ​ការ​ពង្រឹង​សមត្ថភាព​យុវជន ABA បាន​សហការ​ជាមួយ​មូលនិធិ​កុមារ​កម្ពុជា ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​កុមារ​ដែល​ខ្វះខាត​តាម​រយៈការ​ពង្រឹង​ចំណេះ​ដឹង និង​ការ​អភិវឌ្ឍវិស័យ​អប់រំ ដោយ​មាន​ផ្តល់​ការ​ហាត់ការ និង​ឱកាស​ការងារ អាហារូបករណ៍ ការ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​សម្រាប់​ហេដ្ឋារចនា​សម្ព័ន្ធ​សាលារៀន និង​កម្មវិធី​ស្ម័គ្រ​ចិត្ត​ផ្សេងៗ។

ការ​ទទួល​ស្គាល់​ពី Euromoney គឺជា​សក្ខីភាព​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​របស់ ABA ចំពោះ​ឧត្តម​ភាពសម្រាប់​អតិថិជន នវានុវត្តន៍ និង​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ខ្លួន។ ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ចំពោះ​សមិទ្ធផល​ដ៏​លេចធ្លោ​ទាំង​នេះ បាន​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​អនាគត​ដ៏​ភ្លឺស្វាង ដល់​អតិថិជន​គ្រប់រូប និង​អាជីវកម្ម​ឲ្យ​កាន់​តែ​រីកចម្រើន៕