អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ចែករំលែកបទពិសោធន៍ជោគជ័យលើការរៀបចំ «មជ្ឈមណ្ឌលគាំទ្រធុរកិច្ច» ឬ Business Support Center ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជានីតិវិធីមួយកម្ពុជាចង់បានដើម្បីសម្រួលដល់ការវិនិយោគ។
ការចែករំលែកបទពិសោធន៍នេះ ត្រូវបានរៀបចំឡើងដោយ JETRO សម្រាប់មន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងវគ្គបណ្ដុះបណ្ដាលមួយស្ដីពីឧត្តមានុវត្តន៍ និងបទពិសោធន៍ជោគជ័យលើការរៀបចំមជ្ឈមណ្ឌលគាំទ្រធុរកិច្ចក្នុងប្រទេសជប៉ុន (JETRO Business Support Center) ពីថ្ងៃទី២៥-២៦ ខែកក្កដា។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍។
វគ្គបណ្ដុះបណ្ដាលនេះ គឺជាលទ្ធផលនៃជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកស្រី Marisa Haruta តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន កាលពីខែឧសភា ឆ្នាំ២០២៤ នៅប្រទេសជប៉ុន។
នៅក្នុងជំនួបនាពេលនោះ លោក ស៊ុន ចាន់ថុល បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ និងចង់ឃើញមានរបៀបវារៈ ឬ នីតិវិធីស្រដៀងគ្នានេះអាចអនុវត្តបាននៅកម្ពុជា នោះគឺការបង្កើត «មជ្ឈមណ្ឌលគាំទ្រធុរកិច្ច» ឬ Business Support Center។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា ជម្ឈមណ្ឌលនេះមានលក្ខណៈដូចជា One Stop Services ដែលមានតួនាទីជួយសម្រួលដល់ក្រុមហ៊ុននានាក្នុងដំណើរការបង្កើតការវិនិយោគ រាប់ចាប់ពីការទទួលបានព័ត៌មានសម្រាប់ការវិនិយោគ រហូតដល់ពួកគេទទួលបានអភ័យឯកសិទ្ធិស្របច្បាប់វិនិយោគ។
ក្នុងជំនួបបន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ លោក ស៊ុន ចាន់ថុន បានថ្លែងអំណរគុណលោកស្រី Marisa Haruta តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន JETRO និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ការគាំទ្រ និងសហការយ៉ាងសកម្មលើការរៀបចំឱ្យមានដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់ថ្នាក់ដឹកនាំកម្ពុជានាពេលកន្លងមក រួមទាំងបេសកកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២៣។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា៖ «ជំនួបនេះបានបង្ហាញពីការតាំងចិត្តខ្ពស់នឹងបន្តជួយលើកិច្ចការងារជំរុញវិនិយោគ ផ្គូផ្គងវិស័យឯកជន និងផ្សព្វផ្សាយសក្ដានុពលរបស់កម្ពុជាឱ្យដល់ក្រុមហ៊ុនជប៉ុនផ្សេងទៀត ដែលមានបំណងចង់បណ្ដាក់ទុនវិនិយោគរបស់ខ្លួន[នៅកម្ពុជា]»៕