ភ្នំពេញៈ ក្រុមហ៊ុន​កាណាដា Lee Li Holdings កំពុង​សម្លឹង​មើល​ឱកាស​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន ​រួមមាន វិស័យ​ឧស្ម័ននិងប្រេង, សុខាភិបាល, ការ​កែច្នៃ​ចំណី​អាហារ និងឡូជីស្ទីក (Logistics), យានយន្ត, និង​មជ្ឈមណ្ឌល​វាយតម្លៃ​ទទួលស្គាល់​សម្រាប់​ការ​នាំចេញ។

ក្នុង​ជំនួប​ជាមួយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាថ្ងៃទី២ ខែ​កក្កដា លោក Lee Q. Shim ប្រធាន​ក្រុមហ៊ុន Lee Li Holdings បាន​លើកឡើង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​កម្ពុជា​​មាន​បំណេង​​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​សក្ដានុពល​ទាំង ៥នេះ ខណៈ​លោក ហ៊ុន ម៉ាណែត ស្វាគមន៍​ចំពោះ​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​នេះ​ក្នុង​ការ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី នា​ថ្ងៃ​ទី២ កក្កដា។

ក្នុង​ជំនួប​នៅ​រាជធានី​ភ្នំពេញ​នេះ លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា កម្ពុជា​បាន​បង្កើត​តំណាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ចំនួន​ពីរ​នៅ​ប្រទេស​កាណាដា គឺ​នៅ​ទីក្រុង​តូរុនតូ (Toronto) និង​ទីក្រុង​ម៉ុងត្រេអាល់ (Montreal) ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ កាណាដា ក៏ដូចជា​ជួយ​សម្របសម្រួល​ការ​នាំចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​កាន់​កាណាដា និង​ពី​កាណាដា​មក​កាន់​កម្ពុជា​ផង​ដែរ។

លោក​បន្ត​ថា៖ «តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ចូលរួម​ចំណែក​បន្ថែម​ទៀត​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ កម្ពុជា-កាណាដា»។

លោក ហ៊ុន ម៉ាណែត ​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុមហ៊ុន​នេះ​បន្ត​ពិភាក្សា​លម្អិត​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូចជា​ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​សុខាភិបាល។

លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​តែងតែ​គាំទ្រ​ដល់​វិស័យ​ឯកជន ដោយ​ផ្តល់​ការ​លើក​ទឹកចិត្ត  និង​ជួយ​សម្របសម្រួល​ក្រុមហ៊ុន ដែល​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​ទទួល​បាន​ជោគជ័យ និង​មាន​ការ​រីកចម្រើន​ធំធាត់។ 

លោក​ ជ័យ តិច អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រទេស​កាណាដា​គឺជា​ប្រទេស​មួយ​ដែល​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ដ៏​ធំ​មួយ​។ សម្រាប់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) នៅ​ឆ្នាំ ​២០២១ ទុន​វិនិយោគ​របស់​កាណាដា​មាន​ដល់​ទៅ​១,១​ពាន់​លាន​ដុល្លារ​អាមេរិក។ 

លោក​លើកឡើង​ថា ក្នុង​រយៈ​ពេល​៤ខែ​ដំបូង​ក្នុង​ឆ្នាំ ២០២៤​នេះ ការ​នាំចេញ​របស់​កម្ពុជា​ទៅ​កាន់​កាណាដា​មាន​ការ​កើន​ឡើង​២៣,៨ ភាគរយ​ស្មើ​នឹង ​៣១១​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល ​៤ខែ​ដូច​គ្នា ​ក្នុង​ឆ្នាំ ២០២៣។ ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំចេញ​ទៅ​កាណាដា​មាន​ដូចជា​សម្លៀកបំពាក់ ស្បែកជើង ទំនិញយួរដៃ​សម្រាប់​ធ្វើ​ដំណើរ និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក ។ល។ ​ទំនិញ​ដែល​នាំចូល​ពី​កាណាដា​មក​កម្ពុជា​វិញ​មាន​ដូចជា​គ្រឿង​ម៉ាស៊ីន និង​រថយន្ត។ 

លោក ជ័យ តិច ថ្លែង​ថា៖ «បំណង​នៃ​ការ​ពង្រីក​ការ​វិនិយោគ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​វិស័យ​ទាំង៥​ដែល​បាន​លើកឡើង​នេះ គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​ថា​កាណាដា​ជា​ប្រទេស​មួយ​ដែល​មាន​ជំនាញ​បច្ចេកវិទ្យាខ្ពស់ ហើយអ៊ីចឹង​ទេ អាច​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ជួយ​ពង្រីក​នូវ​ពិពិធកម្ម​សេដ្ឋកិច្ច​របស់​កម្ពុជា​ទាក់ទង​នឹង​ថាមពល​ស្អាត ទូរគមនាគមន៍ កសិកម្ម។ល។»។

លោក​បន្ថែម​ថា៖ «វិស័យ​ឧស្ម័ន និង​ប្រេង​នេះ​គឺ​យើង​បាន​ជាប់គាំង បន្ទាប់​ពី​មាន​ការ​ក្ស័យធន​របស់​ក្រុមហ៊ុន​មុនៗ។ ដូច្នេះ វា​ជា​សញ្ញា​មួយ​ល្អ​ក្នុង​ការ​អភិវឌ្ឍ​នូវ​វិស័យ​ឧស្ម័ន និង​ប្រេង​របស់​កម្ពុជា ហើយ​ក៏ដូចជា​វិស័យ​ចំណីអាហារ ឡូជីស្ទីក ដោយសារ​កម្ពុជា​យើង​មាន​បញ្ហា​មួយ​ចំនួន​ទាក់ទង​បញ្ហា​ឡូជីស្ទីក​ដែល​ជា​របាំង​មួយ​ទាក់ទង​នឹង​ការ​ពង្រីក​ការ​វិនិយោគ ក៏ដូចជា​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា»។ 

ចំពោះ​បំណង​វិនិយោគ​លើ​វិស័យ​យានយន្ត លោក ជ័យ តិច បញ្ជាក់ថា វា​គឺ​ជា​ការ​ចូលរួម​ចំណែក​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ក្លាយជា​មណ្ឌល​ផលិត និង​ដំឡើង​យានយន្ត​ប្រចាំ​តំបន់។ លោក​​ក៏​បញ្ជាក់​ពី​សារៈសំខាន់​នៃ​មជ្ឈមណ្ឌល​វាយ​តម្លៃ​ទទួល​ស្គាល់​សម្រាប់​ការ​នាំចេញ ដោយសារ​ការ​នាំចេញ​ទំនិញ ជា​ពិសេស​កសិផល តម្រូវ​ឱ្យ​មាន​ការ​វាយតម្លៃ​ មាន​ការ​ទទួល​ស្គាល់ និង​មាន​លក្ខណៈ​ស្តង់ដារ​ដើម្បី​អាច​នាំចេញ​ទំនិញ​ទៅ​បណ្ដា​ប្រទេស​អឺរ៉ុប ឬ​សហរដ្ឋអាមេរិក និង​កាណាដា​ជាដើម។ 

លោកថ្លែង​ថា៖ «នេះ​គឺជា​ចំណុច​ដែល​ល្អ​ដែល​យើង​ចង់​ឃើញ​ដើម្បី​ពង្រីក​ការ​វិនិយោគ​និង​ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ»៕