ភ្នំពេញ៖ សេដ្ឋកិច្ច​កម្ពុជា​កំពុង​មាន​ស្ទុះ​ងើបឡើង​វិញ​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ឆ្នាំ២០២៤ ជាមួយ​អត្រា​កំណើន​ដែល​រំពឹង​ទុក ៦ ភាគរយ ដូច​ដែល​បាន​រាយការណ៍​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ការ​ព្យាករណ៍​ប្រកប​ដោយ​សុទិដ្ឋិនិយម​នេះ ត្រូវបាន​សន្មត​ថា​បាន​មក​ពី​ការ​ងើប​ឡើងវិញ​បន្តិច​ម្តងៗ​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​ស្ថេរភាព​នៃ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក ជាពិសេស​ស្របតាម​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​កម្ពុជា​។​

ក្រសួង​រំពឹងថា​នឹង​មាន​កំណើន​ជា​បន្តបន្ទាប់​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ជាមួយ​អត្រា​ការ​ព្យាករណ៍ ៦,៣ ភាគរយ​សម្រាប់​ឆ្នាំ ២០២៥ និង​ជា​មធ្យម ៦,៦ ភាគរយ​សម្រាប់​ឆ្នាំ ២០២៦-២០២៧។

ទោះបី​ជា​មាន​សូចនាករ​សេដ្ឋកិច្ច​វិជ្ជមាន​ទាំងនេះ​ក៏ដោយ ក៏​ប្រជាជន​កម្ពុជា​ជាច្រើន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ជីវភាព​រស់នៅ​របស់​ពួកគេ​ពី​កំណើន​លើ​តួលេខ​ផលិតផល​ក្នុង​ស្រុក​សរុប ឬ(ផ.ស.ស.) ដែល​កំពុង​រីកចម្រើន​នេះ។

លោក ផាន់ ផល្លា រដ្ឋលេខាធិកា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​លើក​ឡើង​ថា ឆ្នាំ​២០២៣ ជា​លើក​ដំបូង​ដែល​ផលិតផល​មិន​មែន​ផលិតផល​កាត់ដេរ​មាន​ការ​នាំ​ចេញ​ច្រើន​។ 

លោក​បាន​ឱ្យ​ដឹង​ថា ផសស ត្រូវបាន​បែង​ចែក​ជាពីរ​ប្រភេទ គឺ​ការ​គណនា​ជាក់ស្ដែង​ ដែល​ផ្ដោតលើ​ ផសស ឆ្នាំ​កន្លង​ទៅ ជាអ្វី​ដែល​វិទ្យាស្ថាន​ស្ថិតិ​ពឹង​ផ្អែក​លើ​តួលេខ​ជាក់ស្ដែង និង​ការ​ព្យាករណ៍​អត្រា​កំណើន ផសស ដែល​​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​ពិនិត្យ​មើល​លើ​សេដ្ឋកិច្ច​សកល។

លោក ផល្លា បាន​ថ្លែងថា​៖ «សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ពឹង​ផ្អែក​លើ​ប្រទេស​ណាខ្លះ​សម្រាប់​ការ​នាំ​ចេញ ដូចជា សហគម​អឺរ៉ុប អាមេរិក និង​នាំ​ចូល​ពី​ចិន​ច្រើន​។ ឧទាហរណ៍ បើ​សេដ្ឋកិច្ច​នៅ​តំបន់​អឺរ៉ុប​មាន​ភាព​ប្រសើរ​ វាមានន័យ​ថា ការ​ប្រើប្រាស់ និងការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​មានការ​កើន​ឡើង​ដែរ​»។ 

ឆ្លើយ​តប​នឹង​ការ​ត្អូញត្អែរ​ពី​ស្ថានភាព​ជីវភាព​របស់​ប្រជាពលរដ្ឋ​ និង​រិះគន់​ការ​អះអាង​អំពី​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៦ ភាគរយ លោក ផល្លា បាន​ឱ្យដឹងថា បើការ​ព្យាករណ៍​ឃើញ​កំណើន​សេដ្ឋកិច្ច​កើនឡើង​ ឬ​វិជ្ជមាន វា​មាន​ន័យ​ថា សកម្មភាព​សេដ្ឋកិច្ច​ល្អ​ប្រសើរ។ 

លោក​បន្ដថា ការ​កើនឡើង​ ផសស រង្វង់​ ៥ ឬ ៦ភាគរយ​នេះ កើត​ឡើងពី​វិស័យ​មួយ​ចំនួន​ គឺ​សកម្មភាព​នៃ​ការ​ផលិត​មាន​ការ​កើនឡើង​។ ដូច្នេះ ប្រជាពលរដ្ឋ​មាន​ការងារ​ច្រើន​ជាង​មុន​។ ដូចគ្នាដែរ បើ​ប្រទេស​មួយ​គ្មាន​សកម្មភាព​សេដ្ឋកិច្ច ការងារ និងចំណូល​ក៏​ថយ​។ 

លោក​បាន​បញ្ជាក់​ថា​៖ «​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​នេះ មិន​មែន​បង​ប្អូន​ទាំង​អស់​គ្នា​ជួប​ការ​លំបាក​នោះទេ​។ ឧទាហរណ៍ វិស័យ​ធនាគារ​ ជា​វិស័យ​មួយ​ដែល​មាន​ចំណូល​ខ្លាំង​ក្នុង​រយៈ​ពេល​ ២០​ឆ្នាំ​កន្លងមក​នេះ​។ វិស័យ​ធនាគារ​បាន​ផ្ដល់​ការងារ​ជាច្រើន និង​ផ្ដល់​ប្រាក់​ខែ​ក៏​ខ្ពស់​ដែរ​។ 

លោក ផល្លា ទទួល​ស្គាល់​ថា វិស័យ​មួយ​ចំនួន​ទៀត​ជួប​ការលំបាក​ ដូចជា វិស័យ​ទេសចរណ៍ ត្រូវ​បាន​បំផ្លាញ​ដោយ​វិបត្ដិកូវីដ ១៩ ដែល​ធ្លាក់​ពី​ជាង ៥​លាន​នាក់​មក​ត្រឹម​តែ​ប៉ុន្មាន​ម៉ឺន​នាក់​។ ក្រោយ​វិបត្ដិកូវីដ ១៩ កំណើន​ភ្ញៀវ​ទេសចរ​បាន​កើនឡើង​យឺតៗ​ ដែល​នៅ​ឆ្ងាយ​ពី​តួលេខ​មុន​វិបត្ដិ​ជំងឺ​រាត​ត្បាត​សកល​។ 

លោក​បាន​បន្ថែម​ថា​៖ «នៅក្នុង​វិស័យ​មួយ​ចំនួន​ទៀត រួមទាំង ឧស្សាហកម្ម ​ហើយស្ថានភាព​បច្ចុប្បន្ន​នេះ ​ទោះ​បីជា​យើង​មាន​កំណើន​សេដ្ឋកិច្ច​ ក៏​វា​មិន​ទាន់​ដូច​មុន​កូវីដ​ ១៩ ទេ។ អ៊ីចឹង និយាយ​ពី​ចំណូល ពួកគាត់​មាន តែ​មិន​ច្រើន​ដូច​មុន​ទេ»។​

ទោះបី​ជាមាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (ផសស) ក៏ដោយ ក៏​ទស្សនវិស័យ​សេដ្ឋកិច្ច​នៅតែ​មិន​ប្រាកដប្រជា​ខ្ពស់ ដោយសារ​ទិដ្ឋភាព​សេដ្ឋកិច្ច​ពិភព​លោក និង​តំបន់ ដែល​បន្ត​ជួប​វិបត្តិ​ជាច្រើន និង​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​សង្គម​ដែល​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស។

​សិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តីពី​លទ្ធផល​នៃ​ឆ្នាំគោល​​គណនេយ្យ​​ជាតិ​ឆ្នាំ ២០១៤​ ​នៅ​ថ្ងៃទី២ ខែកក្កដា ឯ​សណ្ឋាគារ​សុខា និង​មានការ​ចូលរួម​ពី​មន្ត្រី​សំខាន់ៗ​របស់​រដ្ឋាភិបាល អង្គការ​អន្តរជាតិ និង​អ្នកជំនាញ​សេដ្ឋកិច្ច​។​ រូបថត ហុង រស្មី

ភាពមិន​ប្រាកដប្រជា​ទាំងនេះ​បង្កឱ្យ​មាន​ហានិភ័យ​ដែល​អាច​ជំរុញ ឬ​រារាំង​ដល់​គន្លង​រីក​ចម្រើន​​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។​

លោក អ៊ុង លុយណា អគ្គនាយក​នៃអគ្គនាយកដ្ឋាន​គោល​នយោបាយ​ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​និយាយ​ថា កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០២៤ និង​ឆ្នាំ​២០២៥ ភាគច្រើន​បាន​មកពី​ពាណិជ្ជកម្ម​មិនមែន​ឧស្សាហកម្ម​កាត់ដេរ​ ដូច​ជា ការ​នាំចេញ​សូឡា កង់ សម្បកកង់​រថយន្ដ ហើយ​ឆ្នាំ​២០២៤ នេះ វិស័យ​កាត់ដេរ​បាន​ងើប​ឡើង​វិញ​ខ្លះ​ពីការ​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០២៣។

លោក​បាន​ឱ្យដឹងថា​៖ «ការ​ធ្លាក់​ចុះ​នៃ​វិស័យ​កាត់ដេរ​ប៉ះពាល់​ខ្លាំងដែរ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ដោយ​សារ​កម្មករ​មិនសូវ​មាន​ប្រាក់​ចំណាយ​ ដែល​ជះ​ឥទ្ធិពល​ដល់​ការ​លក់​រាយ»។

លោក លុយណា បន្ដថា ចំពោះ​ការ​នាំចូល​រថយន្ដ​ឡាន វា​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​មែនទែន ដោយសារ​ ​មិន​សូវ​ឃើញ​ប្រើ​ប្រាស់​ឡាន​ប្រណីត តែ​ជា​ប្រភេទ​ឡាន​ធម្មតា​វិញ។

លោក​បាន​លើកឡើងថា​៖ «កម្ពុជា​បន្ដ​ជំរុញ​ស្វែង​រក​ចលករ​វិស័យ​ផ្សេងៗ​ដែល​ជួយ​បង្កើន​សេដ្ឋកិច្ច​ បន្ថែម​ពី​លើ​វិស័យ​កាត់ដេរ។ ដើម្បី​តាមដាន និង​ទ្រទ្រង់​ក្នុង​ការស្វែង​រក​វិស័យ​អាទិភាព​ដទៃ​ទៀត រាជ​រដ្ឋាភិបាល​ត្រូវ​លះបង់​ច្រើន រួមទាំង ការ​លើក​លែង​ពន្ធ ពន្ធដារ​ជាដើម»​។

លោក កែវ ចិត្រា ប្រធាន​នាយកដ្ឋាន​គណនេយ្យ​ជាតិ​ វិទ្យាស្ថាន​ស្ថិតិ នៃ​ក្រសួង​ផែនការ បាន​ឱ្យ​ដឹង​ថា ខេត្ដ​ដែល​មាន​កម្រិត ផសស ទាប​ជាង​គឺ​ខេត្ដ​ឧត្ដរមានជ័យ ខណៈ​ខេត្ដ​មាន​កម្រិត​ ផសស ខ្ពស់​ជាងគឺ​ខេត្ដ​ព្រះសីហនុ ឬជាង​ ៤ពាន់​ដុល្លារ​សម្រាប់​ប្រជាជន​ម្នាក់ ហើយ​តាមពី​ក្រោយ​ គឺ​រាជធានី​ភ្នំពេញ ដែល​ប្រជាជន​​ម្នាក់​មាន​ប្រាក់​ចំណូល​មធ្យម​ជាង ៣​ពាន់​ដុល្លារ​។

លោក​បាន​ពន្យល់​ថា ការ​គណនា​កម្រិត​ ផសស ត្រូវ​ធ្វើ​ឡើង​តាម​ស្ដង់ដា​របស់​អង្គការ​សហប្រជាជាតិ​ ដោយ​ផ្អែក​លើ​ផលិតកម្ម​របស់​ខេត្ដ​នីមួយៗ​។

លោក​ ចិត្រា និយាយថា​៖ «ជាក់ស្ដែង នៅ​ខេត្ដ​ស្ទឹងត្រែង មាន​ទំនប់​វារី​អគ្គិសនី​មួយ​ធំ ដែល​ផលិត​កម្ម​វារីអគ្គិសនី​នេះ​ត្រូ​វបាន​រាប់​បញ្ចូល​ទៅ​ក្នុង​ ផសស ខេត្ដស្ទឹងត្រែង»។

លោក ផល្លា ​​បាន​ទទួល​ស្គាល់​ថា កំណើន​ ផសស ប្រាកដ​ជា​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ការ​អនុគ្រោះ​ផ្សេងៗ​ តែ​ចៀស​មិន​ផុត កម្ពុជា​ត្រូវតែ​ធ្វើ​។ ការ​ផ្លាស់ប្ដូរ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​នេះ វា​កើតឡើង​នៅ​តាម​ពេលវេលា និង​ស្ថាន​ភាព​ជាក់ស្ដែង​នៃ​សេដ្ឋកិច្ច​។

លោក​បាន​អះអាងថា​៖ «​នៅពេល​យើង​កំពុង​តែ​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​អ្នក​មាន ស្រាប់​តែ​មាន​បុគ្គល​ម្នាក់​ទៀត​និយាយ​ថា អត់​ទេ ខ្ញុំ​នៅ​ចង់​ក្រ​។ យើង​ត្រូវតែ​ទៅ​ហើយ ទោះបីជា​ត្រូវ​បាត់បង់​ការ​អនុគ្រោះ​ក៏ដោយ។ យើង​បាន​ត្រៀម​ខ្លួន​រួចហើយ​ ជាពិសេស ការ​ចាក​ចេញពី​ប្រទេស​ក្រីក្រ​ទៅជា​ប្រទេស​កំពុង​អភិវឌ្ឍ​ជាដើម»។

លោក ផល្លា បាន​បដិសេធ​ការ​​តម្លើង​ ផសស ក្នុង​គោល​បំណង​បង្កើន​ការ​ខ្ចី​លុយ​ពី​បរទេស​នោះទេ​ តែ​ដើម្បី​ភាព​ជាក់ស្ដែង​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​។

ដើម្បី​រុញ​ច្រាន​ ផសស កើនឡើង ក្រៅពី​វិស័យ​កសិកម្ម ដែល​មាន​ផលិតភាព​ខ្ពស់​ កម្ពុជា​ត្រូវ​គិតគូរ​ដល់​ការ​កែច្នៃ​ ​វិស័យ​ឧស្សាហកម្ម​​កាត់​ដេរ វិស័យ​មិន​មែន​ផលិតផល​កាត់ដេរ​។

យ៉ាងណាមិញ លោក មាស សុខសេនសាន អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ថា ​​រាជ​រដ្ឋាភិបាល​អត់​ដែល​យក​ពន្ធ​លើ​ប្រាក់​ចំណូល​ពី​ប្រជាពលរដ្ឋ​មាន​ចំណូល​ទាប​នោះទេ។ មន្ដ្រីរាជ​ការ​ដែល​មាន​កាតព្វកិច្ច ក៏​ត្រូវ​បាន​លើកលែង​ចំពោះ​ពន្ធ​ប្រាក់​បៀវត្សរ៍​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​ចំពោះ​សហគ្រាស​តូចៗ យើង​មិន​ដែល​ដាក់​សម្ពាធ​លើ​ពួកគាត់​ទេ។ បើ​មាន​ប្រាក់​ចំណូល​គ្រប់​គ្រាន់ រាជ​រដ្ឋាភិបាល​នឹង​អាច​បង្កើន​ចំណាយ និង​បង្កើន​ប្រសិទ្ធភាព​ចំណាយ​​ ដូចជា​ តាម​រយៈ​ការ​ពង្រឹង​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ និង​ផ្ដល់​កាតព្វកិច្ច​នានា រួមទាំង​កែលម្អ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ​»៕