ភ្នំពេញៈ អ្នកការទូតអាល្លឺម៉ង់បញ្ជាក់ថា ក្រុមហ៊ុនអាល្លឺម៉ង់មួយដែលកំពុងធ្វើការវិនិយោគនៅវៀតណាមកំពុងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ដោយក្រុមហ៊ុននេះកំពុងតែធ្វើការសិក្សាបន្ថែមទៀតនៅលើបរិយាកាសវិនិយោគ។
បណ្ដាញសង្គមលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាថ្ងៃទី៤ កក្កដា បានដកស្រង់សំដីលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ថា៖ «ក្រុមហ៊ុនអាល្លឺម៉ង់មួយដែលកំពុងធ្វើការវិនិយោគនៅវៀតណាមកំពុងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ហើយគេកំពុងតែធ្វើការសិក្សាបន្ថែមទៀតនៅលើបរិយាកាសសម្រាប់ការវិនិយោគ រួមមាននីតិវិធី ពន្ធដារជាដើម»។
លោក Messerer បានបញ្ជាក់ដូច្នេះក្នុងជំនួបជាមួយលោក ហ៊ុន សែន នាថ្ងៃទី៤ ខែកក្កដា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ក្នុងជំនួបនេះ លោក ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងបន្តខិតខំយ៉ាងសកម្មក្នុងការសម្របសម្រួលធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែប្រសើរឡើង។ លោកស្នើលោក Messerer បន្តការងារ ជាពិសេសជំរុញវិស័យសេដ្ឋកិច្ច ការវិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។
លោក ហ៊ុន សែន បានវាយតម្លៃថា ការវិនិយោគតាមរូបមន្ត១បូក ដែលលោកចង់បាននោះ គឺជាការត្រឹមត្រូវ ដោយលោកបានលើកឡើងនូវករណីក្រុមហ៊ុនជប៉ុន Minebea ដែលបាននិងកំពុងវិនិយោគនៅប្រទេសជិតខាងកម្ពុជា ហើយបានបើករោងចក្ររបស់ខ្លួនផងដែរនៅកម្ពុជា ដែលធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់មានភាពរលូនមិនរអាក់រអួល។
យោងតាមបណ្ដាញសង្គមលោក ហ៊ុន សែន បានដឹងថា លោក Messerer បានបញ្ជាក់ថា នៅពេលខាងមុខនេះ គណៈប្រតិភូធុរកិច្ចចំនួន៣របស់អាល្លឺម៉ង់នឹងមកកាន់កម្ពុជា ហើយលោកឯកអគ្គរដ្ឋទូត សង្ឃឹមថា ការវិនិយោគផ្ទាល់ពីអាល្លឺម៉ង់នឹងត្រូវបានពង្រីកថែមទៀតនៅកម្ពុជា។
កាលពីខែមិថុនា អាល្លឺម៉ង់បានបើកស្ថានកុងស៊ុលកិត្តិយសរបស់ខ្លួនប្រចាំទីក្រុងសៀមរាប ហើយលោក Messerer ជឿជាក់ថា ស្ថានកុងស៊ុលកិត្តិយសនេះ នឹងអាចជួយជំរុញការទាក់ទាញទេសចរអាល្លឺម៉ង់ និងបណ្ដាប្រទេសនៅអឺរ៉ុបមួយចំនួនទៀតមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប។
លោក ហ៊ុន សែន ជឿជាក់ថា ការបង្កើតស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់នេះអាចនឹងជួយជំរុញវិស័យទេសចរណ៍ផងដែរ។
លោក ហ៊ុន សែន លើកឡើងថា កម្ពុជាកំពុងតែជំរុញការនាំចេញទៅកាន់បណ្ដាប្រទេសផ្សេងៗ នៅអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កូរ៉េ និងចិនឱ្យកាន់តែធំថែមទៀត នៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និងកិច្ចព្រមព្រៀងផ្លាស់ប្ដូរសេដ្ឋកិច្ចសេរីជាមួយចិន កូរ៉េខាងត្បូង និងអេមីរ៉ាតអារ៉ាប់រួម។ល។
លោកបន្តថា កម្ពុជាកំពុងតែខិតខំស្វែងរកបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតផងដែរ។ លោកស្នើដល់ភាគីអាល្លឺម៉ង់ ជំរុញការចរចាដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងសហភាពអឺរ៉ុប៕