ភ្នំពេញ៖ ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​គម្រោង​វិនិយោគ​ដែល​ពង្រីក​ផលិតកម្ម និង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZ) ចំនួន ១៩០គម្រោង កើនឡើងចំនួន​៧៧​គម្រោង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២៣ ដែល​មាន​១១៣​គម្រោង។ នេះ​បើ​យោង​តាម​របាយការណ៍ CDC នា​ថ្ងៃ​ទី៥ កក្កដា។

របាយការណ៍​បង្ហាញ​ថា​ គម្រោង​វិនិយោគ​ទាំង​១៩០​នេះ មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​៣,២ពាន់​លាន​ដុល្លារ​អាមេរិក កើន​ឡើង​ប្រមាណ​២,១​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈ​ពេល​៦​ខែ​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣ ដែល​មាន​ប្រមាណ​១,១ពាន់​លាន​ដុល្លារ។

របាយការណ៍​ដដែល​បង្ហាញ​ថា​ គម្រោង​វិនិយោគ​ទាំង​១៩០​នេះ អាច​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ១៦៨ ០០០កន្លែង កើន​ឡើង​ប្រមាណ​៤៦ ០០០​កន្លែង បើ​ធៀប​នឹង​រយៈពេល​៦​ខែ​ដូចគ្នា​ក្នុង​ឆ្នាំ២០២៣ ដែល​អាច​បង្កើត​ការងារ​បាន​ប្រមាណ ១២២ ០០០កន្លែង។

របាយការណ៍​បង្ហាញ​ទៀត​ថា ក្នុង​រយៈ​ពេល៦​ខែ​នេះ សម្រាប់​ទុន​វិនិយោគ ​វិស័យ​ឧស្សាហកម្ម​មាន​ចំនួន​ច្រើន​ជាង​គេ​គឺជាង១ ៨០០លាន​ដុល្លារ (៥៦ភាគរយ) បន្ទាប់មក​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ផ្សេងៗ ដែល​មាន​ទុន​វិនិយោគ​ជាង៧៥០លានដុល្លារ (២៣ភាគរយ)។

វិស័យ​ទេសចរណ៍​មាន​ទុន​វិនិយោគ​​៥៨៨លានដុល្លារ (១៨ភាគរយ) ខណៈ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​មាន​ទុន​វិនិយោគ​៧២​លានដុល្លារ (២ភាគរយ)។

គម្រោង​វិនិយោគ​ទាំង​១៩០​នេះ​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​​ក្នុង​រាជធានី​ ខេត្ត​ចំនួន​១៣។ ក្នុង​នោះ​ខេត្ត​កំពង់ស្ពឺ​មាន​គម្រោង​វិនិយោគ​ច្រើន​ជាងគេ​គឺ៤៣​គម្រោង បន្ទាប់​មក​ខេត្ត​ស្វាយរៀង​មាន​៤០គម្រោង ខណៈ​ខេត្ត​ត្បូងឃ្មុំ និង​ព្រះវិហារ​មាន​គម្រោង​វិនិយោគ​តិច​ជាងគេ​គឺ​១គម្រោងរៀងៗខ្លួន៕​