ក្រសួង​ការបរទេស​និង​សហប្រតបត្តិការ​អន្តរជាតិ​ បង្ហាញ​ពី​កិច្ច​ប្រឹង​ប្រែង​ទាក់​ទាញ​វិនិយោគិន​បរទេស​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​ ក្នុង​រយៈពេល​ ៥​ខែ ក្នុង​ឆ្នាំ​២០២៤​នេះ តាម​រយៈ​គោលនយោបាយ​ «ការទូត​សេដ្ឋកិច្ច» រួម​មាន​ទាំង​ការ​លើក​កម្ពស់​ការ​ទាក់​ទាញ​ក្នុង​វិស័យ​ទេសចរណ៍​ផងដែរ។

លោក ជុំ សន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ក្នុង​រយៈពេល ៥​ខែ​ឆ្នាំ​នេះ ក្រសួង​ការទេស ​ស្ថានទូត​ និង​ស្ថាន​តំណាង​របស់​កម្ពុជា​នៅ​ក្រៅ​ប្រទេស​បាន​ចូលរួម​យ៉ាង​សកម្ម​ដើម្បី​លើក​កម្ពស់​ផល​ប្រយោជន៍​សេដ្ឋកិច្ច ​ទេសចរណ៍ និង​វប្បធម៌​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។

ក្នុង​ចំណោម​សកម្មភាព​ការទូត​​សេដ្ឋកិច្ច​ទាំង​នោះ​រួម​មាន​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ ASEAN-India Bazaar ឆ្នាំ​២០២៤​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី និង​ទិវាវប្បធម៌​ជាតិ​លើក​ទី​២៤ ​នៅ​សាធារណរដ្ឋ​កូរ៉េ ​ដែល​បាន​ផ្តល់​ឱកាស​ពិសេស​សម្រាប់​កម្ពុជា​ក្នុង​ការ​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​ និង​ផលិតផល​ចម្រុះ​របស់​កម្ពុជា។

នៅ​ប្រទេស​ថៃ​ជិត​ខាង មន្ត្រី​កម្ពុជា​បាន​រៀបចំ​កម្មវិធី​វេទិកា​ការទូត​សេដ្ឋកិច្ច ​ក្រោម​ប្រធាន​បទ «Cambodia's New Page: Business and Investment Opportunities»។ ក្រៅ​ពី​នេះ​ក៏​មាន​ជំនួប​ធុរកិច្ច​ជាមួយ​ធុរជន​ជាច្រើន​នៅ​ប្រទេស​ ប្រ៊ុយណេ និង​ បារាំង ​ដែល​បាន​រួម​ចំណែក​ក្នុង​ការ​ជំរុញ​​ទំនាក់​ទំនង​វិនិយោគ ​និង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ប្រទេស​ដៃគូ។

លោក ជុំ សន្ទរី បន្ត​ថា ​នៅ​ក្នុង​ខែ​មេសា​កន្លង​ទៅ ​ស្ថាន​តំណាង​កម្ពុជា​នៅ​ជុំវិញ​ពិភព​លោក​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​ជំរុញ​ការងារ​ការទូត​សេដ្ឋកិច្ច​ដែរ រាប់​ចាប់​ពី​គំនិត​ផ្តួច​ផ្តើម​ក្នុង​ការ​បើក​ភោជនីយដ្ឋាន​ខ្មែរ​នៅ​ប្រទេស​ឡាវ រហូត​ដល់​ការ​ចូលរួម​ផ្សព្វ​ផ្សាយ​គុនខ្មែរ​ក្នុង​ប្រទេស​រុស្ស៊ី ការ​រុក​រក​កាលានុវត្តភាព​វិនិយោគ​ថាមពល​សូឡា​នៅ​ក្នុង​ប្រទេស​ទួរគី​ និង​ការ​លើក​កម្ពស់​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​ប្រេស៊ីល។

សម្រាប់​ខែ​ឧសភា​កន្លង​ទៅ​ សកម្មភាព​ការទូត​សេដ្ឋកិច្ច​បាន​លាត​សន្ធឹង​លើ​ប្រទេស​ជាច្រើន​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ​និង​ទំនាក់​ទំនង​វប្បធម៌ ដូចជា​ពិព័រណ៍​អាហារ​អាស៊ី​នៅ​ប្រទេស​គុយវ៉ែត ដែល​បង្ហាញ​ផលិតផល​និង​វប្បធម៌​កម្ពុជា។ នៅ​ចក្រភព​អង់គ្លេស ​មាន​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ការិយាល័យ​សភាពាណិជ្ជកម្ម​កម្ពុជា​ប្រចាំ​នៅ​អង់គ្លេស។

លើស​ពីនេះ ក៏​មាន​កិច្ចពិភាក្សា​រួម​ជាមួយ​ការ​បង្ហាញ​ពី​បំណង​របស់​សហគ្រិន​ឥណ្ឌូនេស៊ី ​លើ​ការ​នាំ​ចេញ​ឱសថ​បុរាណ​ និង​សម្ភារៈ​ក្មេង ដែល​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​ដើម្បី​ធ្វើ​ពិពិធកម្មភាព​ជាដៃគូ​សេដ្ឋកិច្ច​បន្ថែម​ផងដែរ។

ចំណែក​នៅ​ប្រទេស​ជប៉ុន មាន​ការ​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​កម្ពុជា​ប្រចាំ​ឆ្នាំ​លើក​ទី៨ ឡើង​ដើម្បី​រឹត​បន្តឹង​ចំណង​ការទូត​ជាប្រពៃណី និង​ពង្រីក​ការ​ស្វែង​យល់​និង​ទាក់ទាញ​វិនិយោគ របស់​ជប៉ុន។

សម្រាប់​ប្រទេស​ចិន​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំមួយ​របស់​កម្ពុជា​ អ្នក​ការទូត​កម្ពុជា​បាន​​ធ្វើ​បទ​បង្ហាញ​ទៅ​កាន់​អ្នក​វិនិយោគ ​និង​គម្រោង​បង្កើត​សមាគម​ខ្មែរ-ចិន ដោយ​សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃ​កិច្ច​សហ​ប្រតិ​បត្តិការ​សេដ្ឋកិច្ច និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ជុំ សន្ទរី។

លោក​ថ្លែង​ថា៖ «សកម្មភាព​ទាំង​នេះ​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​កម្ពុជា​ក្នុង​ការ​លើក​កម្ពស់​ទំនាក់​ទំនង​អន្តរជាតិ​ និង​បង្ហាញ​ពី​ភាព​សម្បូរ​បែប​នៃ​វប្បធម៌​ និង​ឱកាស​សេដ្ឋកិច្ច​នៅ​លើ​ឆាក​អន្តរជាតិ»។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ាណែត បាន​ថ្លែង​នៅ​ថ្ងៃ​ទី៨ ខែ​កក្កដា​នេះ​ថា ក្នុងឆមាស​ទី​នៃ​ឆ្នាំ​នេះ កម្ពុជា​សម្រេច​បាន​សន្ទុះ​នៃ​រំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កាន់​តែ​ខ្លាំង ​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ១៩០​ ​មានតម្លៃ ៣,២ ពាន់​លាន​ដុល្លារ​អាមេរិក។ ចំនួន​នេះ​មាន​កំណើន​ ៣ដង ​បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣ ដែល​មាន​ជាង ១,១ ពាន់​លាន​ដុល្លារ។​

លោក​ថ្លែង​ថា រាជ​រដ្ឋា​ភិបាល​ប្រកាន់​ខ្ជាប់​នូវ​អភិក្រម​គាំទ្​រធុរកិច្ច ដោយ​ផ្ដល់​ការ​គាំទ្រ ​និង​ជំនួយ​ដល់​វិស័យ​ឯកជន​នៅគ្រប់​ដំណាក់​កាល​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ពួក​គេ​នៅ​កម្ពុជា។

យ៉ាងណា​ក៏ដោយ លោក យ៉ង់ ពៅ​ អគ្គលេខា​ធិការ​នៃ​អគ្គលេខា​ធិការដ្ឋាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​ថា សកម្មភាព​ការទូត​សេដ្ឋកិច្ច​គួរ​បន្ថែម​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ថែម​ទៀត ទោះបី​ជា​លោក​យល់​ថា មន្ត្រី​កម្ពុជា​បាន​ធ្វើ​ល្អ​ហើយ​ក្ដី។

លោក​ថា ស្ថានទូត​ខ្មែរ​នៅ​ខាង​ក្រៅ​គួរ​ប្រឹង​ផ្សព្វផ្សាយ​នូវ​ផលិត​ផល​ វប្បធម៌​របស់​ខ្មែរ បន្ត​ទៀត​នៅ​ក្នុង​កម្មវិធី​នានា​ ដូចជា​ការ​តាំង​ពិព័រណ៍ ការ​រៀបចំ​ឲ្យ​មាន​ជំនួប​ផ្សេងៗ។

លោក​ថា៖ «ខ្ញុំ​យល់​ថា ត្រូវ​ខិត​ខំ​បន្ថែម​ទៀត មូរដៃអាវ​ដុតដៃ​ដុត​ជើង​បន្ថែម​ទៀត​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ ជា​ពិសេស​ក្នុង​វិស័យ​ទេសចរណ៍»៕