ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អំពាវនាវ​ដល់​វិនិយោគិន​បារាំង​ស្វែងយល់​ពី​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា និង​សម្រេចចិត្ត «ជា​យុទ្ធសាស្ត្រ» ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ កម្ពុជា-បារាំង។

លោក​ថ្លែង​ថា៖ «ខ្ញុំ​សូម​អញ្ជើញ​វិនិយោគិន​បារាំង​ទាំងអស់​មក​ស្វែងយល់​ពី​សក្ដានុពល​វិនិយោគ​ដ៏​ធំធេង ស្វែងរក​កាលានុវត្តភាព​ដ៏​សម្បូរ​បែប និង​ធ្វើការ​សម្រេចចិត្ត​ជា​យុទ្ធសាស្ត្រ​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ជិតស្និទ្ធ​របស់​យើង។ កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ស្វាគមន៍​ និង​ការ​ផ្តល់​ការ​គាំទ្រ​ពេញ​ទំហឹង ក៏ដូចជា​ការ​ទទួល​បដិសណ្ឋារកិច្ច​ដល់​វិនិយោគិន និង​ធុរជន»។ 

ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​បារាំង-កម្ពុជា នា​ថ្ងៃ​ទី​៨ កក្កដា នៅ​រាជធានី​ភ្នំពេញ លោក ហ៊ុន ម៉ាណែត ប្រកាស​ស្វាគមន៍​ចំពោះ​ការ​សម្រេចចិត្ត «ដ៏​ឈ្លាសវៃ» របស់​វិនិយោគិន​ទាំងអស់ ជាពិសេស​វិនិយោគិន​បារាំង​ដែល​ជ្រើសរើស និង​មាន​បំណង​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​ដោយ​ផ្ទាល់ ដោយ​ចាប់​ដៃគូ​ជាមួយ​វិនិយោគិន​ក្នុង​ស្រុក។

លោក​មាន​សុទិដ្ឋិនិយម​ថា បន្ទាប់​ពី​វេទិកា​នេះ​កម្ពុជា​នឹង​ទទួល​បាន​ទំហំ​វិនិយោគ និង​ធុរកិច្ច​បារាំង​បន្ថែម​ទៀត​ដែល​អាច​បំបែក​កំណត់ត្រា​ឆ្នាំ​មុនៗ។

ពាក់ព័ន្ធ​នឹង​កិច្ច​សហការ​សេដ្ឋកិច្ច លោក​នាយករដ្ឋមន្ត្រី​លើកឡើង​ថា បារាំង​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​និង​វិនិយោគ​ធំ​ជាង​គេ​មួយ​នៅ​កម្ពុជា​ក្នុង​ចំណោម​ប្រទេស​អឺរ៉ុប។ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-បារាំង​បាន​កើន​ឡើង​ជា​លំដាប់​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​៥១៥​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២៣ និង​ប្រមាណ​២០៦​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​៥​ខែ​ដើម​ឆ្នាំ​២០២៤។

លោក​បន្ត​ថា ក្រុមហ៊ុន​បារាំង​ជាច្រើន​ដោយ​រាប់​ចាប់ពី​សហគ្រាស​ពហុ​ជាតិ​រហូត​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​បង្កើត​មូលដ្ឋាន​នៅ​កម្ពុជា ដូចជា​វ៉ាងស៊ី (VINCI), TotalEnergy, Accor, BRED Bank និង​សហគ្រាស​ធុន​តូច និង​មធ្យម​ជាច្រើន​ទៀត​ដែល​គ្រប់គ្រង​ដោយ​ធុរជន​បារាំង។ ការ​វិនិយោគ​ពី​បារាំង​រួមចំណែក​ដល់​ការ​បង្កើត​ការងារ ការ​ផ្ទេរ​ជំនាញ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បង្កើត​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចិរភាព​នៅ​កម្ពុជា។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​កង្វល់​របស់​វិស័យ​ឯកជន ជា​ពិសេស​ពាក់ព័ន្ធ​នឹង​សវនកម្ម និង​ការ​វាយតម្លៃ​ពន្ធ​ឡើង​វិញ រាជ​រដ្ឋាភិបាល​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​និង​ពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន​ក្នុង​ការ​រៀបចំ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​ដើម្បី​បង្កើន​ប្រសិទ្ធភាព ភាព​អាច​ប៉ាន់ប្រមាណ​បាន និង​តម្លាភាព​នៃ​រដ្ឋបាល​សារពើពន្ធ។

លោក​បន្ថែម​ថា៖ «រាជ​រដ្ឋាភិបាល​ក៏​បាន​និង​កំពុង​លើក​កម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​តាម​រយៈ​ការ​កាត់បន្ថយ​ថ្លៃ​ឡូជីស្ទិក និង​ដឹកជញ្ជូន ការ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ និងការ​បំពេញ​បែបបទ​គយ មុន​ពេល​ទំនិញ​មក​ដល់​ជាដើម»។

បើ​តាម​លោក​នាយករដ្ឋមន្ត្រី រាជ​រដ្ឋាភិបាល​ក៏​បាន​បង្កើត​គណៈកម្មការ​ជាន់​ខ្ពស់​ចំនួន​ពីរ​ដើម្បី​ពង្រឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ធុរកិច្ច និង​ការ​វិនិយោគ​តាម​រយៈ​កិច្ច​សហការ​ឥត​ឈប់ឈរ​ជាមួយ​វិស័យ​ឯកជន។

ទី១ ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​គោលនយោបាយ​ពាណិជ្ជកម្ម​មាន​តួនាទី​ផ្តល់​ការ​ណែនាំ​ឯកទេស​លើ​ការ​អភិវឌ្ឍ និង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ដើម្បី​ធ្វើ​សមាហរណកម្ម​កម្ពុជា​នៅ​ក្នុង​សេដ្ឋកិច្ច​តំបន់ និង​សកល​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ និង​ធ្វើ​ឱ្យ​វិស័យ​ឯកជន​ក្លាយ​ជា​តួអង្គ​សេដ្ឋកិច្ច​ដ៏​ចម្បង​នៅ​ក្នុង​វិសាលគម​ពាណិជ្ជកម្ម​ទាំងមូល។

ទី២ គណៈកម្មការ​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​វិស័យ​ឯកជន មាន​តួនាទី​តាមដាន វាយតម្លៃ និងផ្តល់​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​របស់​វិស័យ​ឯកជន និង​ជំរុញ​បន្ថែម​ទៀត​នូវ​បរិយាកាស​ធុរកិច្ច និង​ការ​វិនិយោគ​ដែល​អំណោយ​ផល​ដល់​កម្ពុជា។

លោក Cyril Girot ប្រធាន​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​នៅ​កម្ពុជា (CCIFC) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើឡើង​នៅ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា កាល​ពី​ចុង​ខែ​មិថុនា ថា ការ​នាំចេញ​របស់​បារាំង​មក​កាន់​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​គឺ៣១​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២២ ដែល​ភាគច្រើន មាន​ផលិតផល​កសិ​ចំណីអាហារ ឱសថ និង​ផលិតផល​លោហធាតុ ខណៈ​ការ​នាំ​ចេញ​របស់​​កម្ពុជា​ទៅ​​​កាន់​បារាំង​បាន​កើន​ដល់​ប្រមាណ​១,២ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ដដែល​នេះ ដែល​ផលិត​សំខាន់ៗ​មាន​ផលិតផល​វាយនភណ្ឌ ​កសិ​ចំណីអាហារ និង​កង់៕