ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ឡើង​វិញ​​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បន្ត​ផ្ដល់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រី ខណៈ​លោក​កត់សម្គាល់​ថា សហគ្រិន​ស្ត្រី​នៅ​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន ដែល​ក្នុង​នោះ​ក៏​មាន​កម្រិត​នៃ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ផង​ដែរ។

លោក​ថ្លែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​សម្រាប់​ការ​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី និង​ប្ដេជ្ញា​ចិត្ត​ពេញលេញ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​ចក្ខុវិស័យ​នេះ ហើយ​ថា កម្ពុជា​តែង​ផ្ដល់​តម្លៃ​ដល់​ស្ត្រី​គ្រប់រូប ផ្ដល់​ការ​គោរព និង​ផ្ដល់​អំណាច​ដល់​ពួកគេ​ដើម្បី​សម្រេច​បាន​សក្ដានុពល​ពេញលេញ។ 

លោក​នាយករដ្ឋមន្ត្រី​កត់​សម្គាល់​ថា មាន​ស្ត្រី​វ័យក្មេង​ក្លាហាន​ប្រកប​ដោយ​មហិច្ឆតា​ខ្ពស់ ដែល​មាន​ទំនុក​ចិត្ត​ថា ពួកគេ​អាច​ទទួល​បាន​ការ​គាំទ្រ និង​ធនធាន​ចាំបាច់​ដើម្បី​ប្រែក្លាយ​សុបិន​របស់​ពួកគេ​ឱ្យ​ក្លាយ​ជា​ការ​ពិត។ លោក​ថា នេះ​ជា​គំរូ​ដ៏​ភ្លឺស្វាង​នៃ​សមភាព​យេនឌ័រ និង​ជា​និមិត្តរូប​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍​អាស៊ាន​ទាំងមូល។ 

ក្នុង​ពិធី​បើក «វេទិកា​សហគ្រិន​ឆ្នើម និង​ពានរង្វាន់​បណ្ដាញ​សហគ្រិន​ស្ត្រី​ឆ្នើម​អាស៊ាន (AWEN) ឆ្នាំ​២០២៤» នាថ្ងៃទី១ សីហា នៅ​រាជធានី​ភ្នំពេញ លោក ហ៊ុន ម៉ាណែត ថ្លែង​ជា​ភាសា​អង់គ្លេស​តាម​រយៈ​ការ​បកប្រែ​ថា៖ «ដើម្បី​សម្រេច​ចក្ខុវិស័យ​នេះ រាជ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​ខ្ញុំ​នឹង​បន្ត​វិនិយោគ​លើ… និង​ផ្ដល់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ និង​ការ​បង្ហាត់​បង្រៀន ព្រមទាំង​ជម្នះ​គ្រប់​ឧបសគ្គ…។

លោក​ថ្លែង​ថា រដ្ឋាភិបាល​អាស៊ាន រួម​ទាំង​កម្ពុជា​ទទួលស្គាល់​បញ្ហា​ប្រឈម​សហគ្រិន​ស្ត្រី និង​យល់​អំពី​តួនាទី​សំខាន់​របស់​ស្ត្រី​ក្នុង​ការ​សម្រេច​បាន​នូវ​សមភាព​យេនឌ័រ និង​កំណើន​សេដ្ឋកិច្ច ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការ​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំង​នេះ។ 

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «យើង​ត្រូវ​ទទួល​ស្គាល់​ថា ដំណើរការ​ធុរកិច្ច​របស់​ពួកគាត់​ [សហគ្រិន​ស្ត្រី] មិនមែន​ងាយ​ស្រួល​នោះ​ទេ ទោះបី​ជា​ពួកគាត់​មាន​ភាព​ធន់ និង​ការ​តាំងចិត្ត​រឹងមាំ​ក៏​ដោយ​ សហគ្រិន​ស្ត្រី​នៅ​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន ដូចជា​ភាព​មាន​កម្រិត​នៃ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ, ទីផ្សារ, បណ្ដាញ​ធុរកិច្ច, និង​កាលានុវត្ត​សម្រាប់​កំណើន​ការ​អភិវឌ្ឍ»។

លោក​បន្ថែម​ថា៖ «ខ្ញុំ​យល់​អំពី​ការ​តស៊ូ បំណង​ប្រាថ្នា និង​សក្ដានុពល​ធំធេង​របស់​ស្ត្រី។ ខ្ញុំ​សូម​ប្ដេជ្ញា​ចិត្ត​នឹង​បន្ត​គាំទ្រ​បុព្វហេតុ​របស់​ស្ត្រី និង​បន្ត​ជា​អ្នក​តស៊ូ​មតិ ជា​សម្ព័ន្ធមិត្ត និង​ជា​អ្នក​គាំទ្រ​ឥត​ងាករេ​របស់​ស្ត្រី»។ 

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា ​ការ​បង្កើត​បណ្ដាញ​សហគ្រិន​ស្ត្រី​អាស៊ាន (AWEN) និង​បណ្តាញ​សហគ្រិន​ស្ត្រី​កម្ពុជា (CamWEN) ក៏ដូចជា​ការ​រៀបចំ​ព្រឹត្តិការណ៍​ក្នុង​ថ្ងៃនេះ​គឺ​ជា​ការ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ទាំង​ផ្នែក​សង្គម និង​សេដ្ឋកិច្ច។

លោក​លើកឡើងថា តាម​រយៈ​ក្របខ័ណ្ឌ​មេគង្គ​-ឡានឆាង​របស់​ចិន រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​និង​កំពុង​ដឹកនាំ​ការ​អនុវត្ត​គម្រោង​ថ្នាក់​តំបន់​ស្ដី​អំពី​ការ​ពង្រឹង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​ក្នុង​យុគ​សម័យ​ឌីជីថល (digital)។ បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​រៀបចំ​គម្រោង​ស្នើ​ទៅ​ប្រទេស​ចិន​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​សហគ្រិនភាព​ស្ត្រី​មេគង្គ​-ឡានឆាង​ដើម្បី បន្ត​គាំទ្រ​ដល់​ការ​តភ្ជាប់​បណ្ដាញ​ទំនាក់ទំនង​ ការ​ធ្វើ​អាជីវកម្ម និង​ការ​អភិវឌ្ឍ​សហគ្រិនភាព​ស្ត្រី​ក្នុង​តំបន់។

ថ្លែង​ក្នុង​ពិធី​នេះ លោកស្រី អេង លីគង់ ​ប្រធាន​បណ្ដាញ​ AWEN និង​ CamWEN ជំរុញ​ដល់​ស្ត្រី​ចែករំលែក​ក្ដី​សុបិន ការ​បណ្ដុះ​គំនិត និង​ចំណេះដឹង ព្រមទាំង​ពង្រឹង​សិទ្ធិ​អំណាច​របស់​ស្ត្រី​ដើម្បី​ធានា​ថា ស្ត្រី​គ្រប់រូប​ត្រូវ​បាន​គាំពារ។ 

លោកស្រី​ថ្លែង​ជា​ភាសា​អង់គ្លេស​តាម​រយៈ​ការ​បកប្រែ​ថា៖ «ផ្លូវ​ដែល​យើង​ដើរ​ទៅមុខ​គឺ​វា​មិន​ងាយស្រួល​នោះ​ទេ។ វា​តែងតែ​មាន​បញ្ហា និង​ឧបសគ្គ​ផ្សេងៗ​ទៀត...។ នេះ​ជា​ពេល​វេលា​ដែល​យើង​ត្រូវ​រួបរួម​គ្នា​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង ក៏​ដូចជា​ទទួល​បាន​នូវ​សក្ដានុពល​ផ្សេងៗ​ទៀត»៕