ភ្នំពេញ៖ ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី (SIA) បាន​ប្រកាស​ពី​ការ​កើនឡើង​គួរ​ឱ្យ​កត់​សម្គាល់​នៃ​ជើង​​ហោះហើរ​ទៅ​កាន់​គោលដៅ​សំខាន់ៗ​មួយ​ចំនួន រួមទាំង ​ខេត្តសៀមរាប ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស។

ការ​ផ្លាស់ប្តូរ​នេះ​នឹង​ចាប់​ពី​ខែ​មីនា​ដល់​ខែ​តុលា ឆ្នាំ​២០២៥ ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​ទូលំទូលាយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ការ​បង្កើន​សមត្ថភាព​អ្នកដំណើរ​នៅ​ទូទាំង​បណ្តាញ​របស់​ខ្លួន។

យោងតាម​សារព័ត៌មាន Channel News Asia (CNA របស់​សិង្ហបុរី) បាន​ឱ្យ​ដឹង​ថា៖ «នៅ​ក្នុង​ការ​ចេញផ្សាយ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ (១២ សីហា​) SIA បាន​រៀបរាប់​លម្អិត​អំពី​ផែនការ​របស់​ខ្លួន​ក្នុង​ការ​បង្កើន​សេវាកម្ម​ទៅកាន់​ទីក្រុង​ល្បីៗ​ជាច្រើន​ជុំវិញ​ពិភពលោក»។

គួរ​កត់​សម្គាល់​ថា ជើងហោះហើរ​ទៅកាន់​ខេត្ត​សៀមរាប ​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​ក្នុង​ប្រទេស​កម្ពុជា នឹងត្រូវ​កើនឡើង​ទ្វេដង គឺចំនួន​ពីរដង​ក្នុង​មួយថ្ងៃ ​​ពី​សេវា​ប្រចាំថ្ងៃ​បច្ចុប្បន្ន​។​

ការ​កើនឡើង​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​នៅក្នុង​ខេត្តសៀមរាប​ជា​គោលដៅ​ទេសចរណ៍ ជាពិសេស​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ចង់​ទស្សនា​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បី និង​ទីតាំង​វប្បធម៌​ផ្សេងៗ​ទៀត។

ការ​ពង្រីក​សេវាកម្ម​ទៅកាន់​ខេត្ត​សៀមរាប​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទូលំទូលាយ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី​ដើម្បី​បំពេញ​តម្រូវ​ការ​នៃ​ការ​ធ្វើ​ដំណើរ​ដែល​រំពឹងទុក​ក្នុងអំឡុង​រដូវ​កាល​កំពូល​ពាក់​កណ្តាល​ឆ្នាំ​នៅ​ឆ្នាំ​២២០៥។

លោក Dai Haoyu អនុប្រធាន​ជាន់ខ្ពស់​ស្តីទី​របស់ SIA ទទួល​បន្ទុក​ផែនការ​ទីផ្សារ បាន​សង្កត់​ធ្ងន់​ថា ក្រុមហ៊ុន​អាកាសចរណ៍​តែងតែ​ពិនិត្យ​មើល​បណ្តាញ​របស់​ខ្លួន ដើម្បី​បង្កើន​សមត្ថភាព​ហោះហើរ​ជាមួយ​នឹង​តម្រូវ​ការ​អ្នក​ដំណើរ។

លោក Dai បាន​និយាយ​ថា៖ «ការ​កែ​សម្រួល​ទាំងនេះ​នៅ​មុន​រដូវក្តៅ​ឆ្នាំ​ក្រោយ ដោយ​បំពេញ​តម្រូវ​ការ​ខ្ពស់​ទៅកាន់​គោលដៅ​ជាច្រើន ជាពិសេស​ក្នុង​រដូវកាល​ទេសចរណ៍​នា​ពាក់​កណ្តាល​ឆ្នាំ ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​យើង​បង្កើត​ផែនការ​ធ្វើដំណើរ​ឆ្នាំ២០២៥ របស់​ពួកគេ​ប្រកប​ដោយ​ទំនុកចិត្ត»។​

ក្រៅពី​ខេត្ត​សៀមរាប ក្រុមហ៊ុន SIA ក៏​នឹង​បង្កើន​ជើង​ហោះហើរ​ទៅកាន់​ទីក្រុង​សំខាន់ៗ​ផ្សេង​ទៀត​ រួម​មាន​ទីក្រុង​ឡុងដ៍ រ៉ូម មីឡាន បា​សេឡូណា និង​ទីក្រុង​ហូជីមិញ​ជាដើម​។​

សម្រាប់​ខេត្ត​សៀមរាប ការ​ត​ភ្ជាប់​ដែល​កើនឡើង​នេះ ត្រូវបាន​រំពឹងថា​នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ភាព​ទាក់ទាញ​​របស់ខ្លួន​ក្នុងនាម​ជា​ទិសដៅ​សំខាន់​មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ផ្តល់នូវ​ជម្រើស​ការ​ធ្វើ​ដំណើរ​កាន់​តែ​ច្រើន​សម្រាប់​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត និង​អាជីវកម្ម​។​

ការ​ផ្លាស់​ប្តូរ​របស់ SIA ក្នុងការ​ពង្រីក​សេវាកម្ម​របស់​ខ្លួន​កើត​ឡើង​នៅ​ពេល​ដែល​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​បន្ត​ងើប​ឡើង​វិញ​ក្រោយ​​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាតសកល​កូវីដ​​១៩ ដោយមាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​បង្កើន​ប្រតិបត្តិការ​របស់​ពួកគេ​ដើម្បី​បំពេញ​តម្រូវ​ការ​ដែល​កំពុង​កើនឡើង៕