ភ្នំពេញៈ ខេត្តជាំងស៊ូ (Jiangsu) និងក្រុងសានថូវ (Shantou) នៃខេត្តក្វាងតុង (Guangdong) របស់ប្រទេសចិនស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមនៅកម្ពុជាដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។
លោក Jiang Xin អគ្គនាយករងទទួលបន្ទុកផ្នែកពាណិជ្ជកម្មនៃខេត្តJiangsu នាថ្ងៃទី១៣ សីហា បានដឹកនាំគណៈប្រតិភូចិនជួបជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅទីស្ដីការCDC រាជធានីភ្នំពេញ។
CDC បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១៣ សីហា ថា៖ «គោលបំណងចម្បងនៃការជួបពិភាក្សានាពេលនេះគឺដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមរវាងCDC និងខេត្ត Jiangsu សំដៅជំរុញការវិនិយោគ និងពាណិជ្ជកម្ម»។
ក្នុងជំនួបនេះ លោក ជា វុទ្ធី បានធ្វើការកត់សម្គាល់ពីគម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដែលបច្ចុប្បន្ននេះជិតនឹងបញ្ចប់ដំណាក់កាលទី១ និងបានស្រូបទាញការវិនិយោគមកពីខេត្តជាំងស៊ូ។
តំបន់សេដ្ឋកិច្ចពិសេសនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន SSEZ ដែលជាក្រុមហ៊ុនសហប្រតិបត្តិការរួមគ្នារវាងក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) និងក្រុមហ៊ុន Jiangsu Taihu Cambodia International Economic Cooperation Investment លើផ្ទៃដីទំហំ១ ១១៣ ហិកតា នៅខេត្ដព្រះសីហនុដែលទទួលគោលការណ៍អនុញ្ញាតពីCDC ក្នុងឆ្នាំ២០០៨។
លោក ជា វុទ្ធី ថ្លែងថា៖ «ផ្តើមចេញពីក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ក៏បានសម្រេចបង្កើតច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និង ច្រករបៀងមច្ឆា និងអង្ករ ដើម្បីជំរុញបន្ថែមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»។
លោក Jiang Xin បានថ្លែងអំណរគុណចំពោះ CDC ដែលបានផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹងបរិយាកាសវិនិយោគនៅកម្ពុជា, ព័ត៌មានស្ដីពីបច្ចុប្បន្នភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងវិស័យសេដ្ឋកិច្ច, និងព័ត៌មានស្ដីពីបច្ចុប្បន្នភាពនៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ហើយថា នេះជាការចូលរួមវិនិយោគរបស់វិនិយោគិនមកពីខេត្តជាំងស៊ូ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «គណៈប្រតិភូក៏បានធ្វើការកត់ សម្គាល់ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។
លោក ជា វុទ្ធី បានស្នើគណៈប្រតិភូចិនជួយផ្សព្វផ្សាយពីសក្ដានុពលវិនិយោគរបស់កម្ពុជាបច្ចុប្បន្ន និងបរិស្ថានវិនិយោគដែលមានភាពអំណោយផល និងប្រកួតប្រជែងខ្ពស់របស់កម្ពុជា ទៅដល់វិនិយោគិនចិន និយាយជារួម និងទៅដល់វិនិយោគិននៅខេត្តជាំងស៊ូ។
លោកក៏បានស្នើលោក Jiang Xin គិតគូរធ្វើកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាផងដែរ។
ដោយឡែក ក្រុមហ៊ុនវិនិយោគមកពីទីក្រុងសានថូវ បានចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា។
លោក Wen Zhanbin លេខាគណៈកម្មាធិការបក្សនៃទីក្រុងសានថូវ បានដឹកនាំគណ:ប្រតិភូក្រុមហ៊ុនចំនួន៩មកពីទីក្រុងសានថូវ មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្ដូរវប្បធម៌រវាងទីក្រុងសានថូវ និងកម្ពុជា និងបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃទី១៣ សីហា នៅរាជធានីភ្នំពេញ។
ក្រុងសានថូវមានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល កសិកម្ម និងទេសចរណ៍ ព្រមទាំងលទ្ធភាពក្នុងការបើកដំណើរការឡើងវិញនូវការហោះហើរត្រង់ពីទីក្រុងសានថូវ មកកម្ពុជា នាពេលខាងមុខ។ នេះបើយោងតាមបណ្ដាញសង្គមលោក ហ៊ុន ម៉ាណែត នាថ្ងៃទី១៣ សីហា។
បណ្ដាញសង្គមនេះបន្តថា ដោយមានការចូលរួមពីក្រុមហ៊ុនចំនួនប្រមាណ១២០ ក្នុងដំណើរទស្សនកិច្ចនេះ ឯកសារស្ដីពីកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងជាមួយបណ្តាក្រុមហ៊ុនឯកជនមួយចំនួននៅកម្ពុជាត្រូវបានចុះហត្ថលេខា។
បណ្ដាញសង្គមដដែលបញ្ជាក់ថា៖ «សម្ដេចធិបតីបានរីករាយស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូក្នុងការវិនិយោគលើវិស័យសក្ដានុពលផ្សេងៗ នៅកម្ពុជា»។
ក្នុងជំនួបនេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងអំពីទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបកម្ពុជា-ចិន ហើយថា ដំណើរទស្សនកិច្ចនេះនឹងកាន់តែរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសការតភ្ជាប់រវាងវិស័យឯកជន និងវិស័យឯកជន។
លោកបានលើកទឹកចិត្តដល់វិនិយោគិនមកពីទីក្រុងសានថូវ បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៅកម្ពុជា ដើម្បីស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យសក្ដានុពលជាច្រើនទៀត ជាពិសេសវិស័យកសិកម្ម និងឧស្សាហកម្ម៕