ភ្នំពេញៈ ក្នុង​រយៈ​ពេល​៧​ខែ​ដើម​ឆ្នាំ​នេះ ពី​ខែ​មករា ដល់​ខែ​កក្កដា កម្ពុជា​នាំចេញ​ទំនិញ​ទៅ​កាន់​សហរដ្ឋអាមេរិក​គិត​ជា​ទឹកប្រាក់​មាន​ជាង៥,៥ពាន់លាន​ដុល្លារ កើន​៦,៤​ភាគរយ ខណៈ​ការ​នាំចេញ​ទៅ​ចិន​មាន​ជាង​៩៧៥​លាន​ដុល្លារ កើន​១៩,៧​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

ចំពោះ​ការ​នាំចូល​វិញ របាយការណ៍​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៧​ខែ​នេះ ទំនិញ​កម្ពុជា​ដែលនាំ​ចូល​​ពី​សហរដ្ឋ​អាមេរិក​គិត​ជា​ទឹកប្រាក់​មាន​ជាង​១៥៤​លាន​ដុល្លារ កើន​៨,៩ភាគរយ ខណៈ​ ទំនិញ​កម្ពុជា​នាំចូល​ពី​ចិន​មាន​ជាង​៧,៧ពាន់​លាន​ដុល្លារ កើន​ឡើង​២៣,៤​ភាគរយ បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​មុន។

ចំពោះ​ទំហំ​ពាណិជ្ជកម្ម (នាំចេញ​បូក​នាំចូល) រវាង​កម្ពុជា និង​ចិន​ក្នុង​រយៈពេល​នេះ​គិតជា​ទឹកប្រាក់​មាន​ជាង​៨,៧​ពាន់​លាន​ដុល្លារ កើន​២៣​ភាគរយ ហើយ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​សហរដ្ឋអាមេរិក​មាន​ជាង​៥,៦​ពាន់​លាន​ដុល្លារ កើន​៦,៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​មុន។

របាយការណ៍​បន្ត​ថា ក្នុង​រយៈពេល​៧​ខែ​ដើម​ឆ្នាំ​នេះ ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​នានា​មាន​ជាង​១៤​ពាន់​លាន​ដុល្លារ កើន​១៤​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​មុន។

ដោយឡែក ចំពោះ​ការ​នាំចេញ​របស់​កម្ពុជា​ទៅ​វៀតណាម​ក្នុង​រយៈ​ពេល​៧​ខែ​នេះ​មាន​ជាង​២,២​ពាន់​លាន​ដុល្លារ កើន​៣៧,៧​ភាគរយ, ការ​នាំចូល​វិញ​មាន​ជាង​២,៤ពាន់​លាន​ដុល្លារ កើន​១២,៩​ភាគរយ ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​៤,៦​ពាន់​លាន​ដុល្លារ កើន​២៣,៥ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​មុន។

ចំពោះ​ការ​នាំចេញ​របស់​កម្ពុជា​ទៅ​ថៃ​ក្នុង​រយៈពេល​នេះ​មាន​ជាង​៤៩៩​លាន​ដុល្លារ ធ្លាក់​ចុះ​៦,៤​ភាគរយ, ការ​នាំចូល​វិញ​មាន​១,៩​ពាន់​លាន​ដុល្លារ កើន​១៣,៤​ភាគរយ ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​២,៤​ពាន់​លាន​ដុល្លារ កើន​៨,៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​មុន។

បើ​តាម​របាយការណ៍​ដដែល ទំនិញ​ដែល​កម្ពុជា​នាំចេញ​ខ្ពស់​ជាង​គេ​ក្នុង​រយៈពេល​៧​ខែ​នេះ​គឺ​សម្លៀក​បំពាក់ និង​គ្រឿង​បន្ទាប់បន្សំ​ដែល​ធ្វើឡើង​ពី​ក្រណាត់​ចាក់​ដោយ​ម្ជុល​ពីរ ឬ​មួយ ដែល​មាន​តម្លៃ​៣,៤ពាន់​លាន​ដុល្លារ កើន​១៤,១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​មុន៕