អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​បាន​ ២១៥៥,២៤ លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ ៧ ខែ​ឆ្នាំ​២០២៤ នេះ ស្មើ​នឹង​៥១,៧៦ ភាគ​រយ​នៃ​​ផែន​ការ​នៅ​ក្នុង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ប្រចាំ​ឆ្នាំ​២០២៤។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក៏​បាន​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ខែ​កក្កដា​កន្លង​ទៅ ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ជាក់​ស្តែង តាម​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​ចំណូល​អនឡាញ​របស់​អគ្គនាយកដ្ឋាន​មាន​ប្រមាណ ២៣៧,២៣ លាន​ដុល្លារ ឬ​ស្មើ​នឹង ៥,៧០ភាគរយ​ នៃ​ផែន​ការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២៤។

ក្នុង​រយៈ​ពេល​ ៧ខែ ឆ្នាំ​២០២៤ នេះ​ដែរ អគ្គនាយកដ្ឋាន​ក៏​បាន​ទទួល​ចុះ​បញ្ជី​ក្រុមហ៊ុន​ដោយ​ជោគជ័យ​ចំនួន ​៦ ១៨៤ សហគ្រាស​ ក្នុង​នោះ​ចុះ​តាម​ថ្នាល​ CamDX ​មាន​ចំនួន ៥ ៧៤៧ សហគ្រាស។

សម្រាប់​ខែ​កក្កដា អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ពិនិត្យ​និង​អនុម័ត​ការ​ស្នើ​សុំ​ចុះ​បញ្ជី​ពន្ធដារ​ចំនួន ១១៩៩ សហគ្រាស ដែល​ក្នុង​នោះ​ការ​ចុះ​បញ្ជី​ជោគជ័យ​មាន​ចំនួន ១០៤០ សហគ្រាស ហើយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចុះ​បញ្ជី​ជោគជ័យ ​មាន​៩៦៣ ​សហគ្រាស​ធ្វើឡើង​តាម​ថ្នាល CamDX។

ក្រៅ​ពី​លទ្ធផល​នៃ​ការ​ប្រមូល​ចំណូល​ពន្ធ​នេះ អគ្គនាយកដ្ឋាន​បាន​ឲ្យ​ដឹង​ដែរ​ថា ស្ថាប័ន​នេះ​បាន​ធ្វើការ​ពាក់​ព័ន្ធ​នឹង​កិច្ច​សហការ​ជាមួយ​វិស័យ​ពាក់​ព័ន្ធ ការ​ផ្សព្វផ្សាយ​សៀវភៅ​ណែនាំ​ស្តីពី​បែបបទ​និង​នីតិវិធី​នៃ​ការ​ធ្វើ​សវនកម្ម​ពន្ធដារ និង​សៀវភៅ​ពាក់​ព័ន្ធ​សម្រាប់​មន្ត្រី​ពន្ធដារ​និង​អ្នក​ជាប់​ពន្ធ​ក៏ដូចជា​សាធារណជន។

សម្រាប់​រយៈ​ពេល​សេសសល់​នៃ​ឆ្នាំ​២០២៤​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​បន្ត​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង និង​ការ​ប្រមូល​ចំណូល​ពន្ធ​ ជាពិសេស​វិធានការ​ពាក់​ព័ន្ធ​នឹង​អាករ​ពិសេស​សម្រាប់​វិស័យ​ភេសជ្ជៈ អត្រា​អាករ​ពិសេស​សម្រាប់​ផលិតផល​ថ្នាំ​ជក់ និង​ការ​ចែកចាយ​ថ្នាំ​ជក់​ក្នុង​ស្រុក និង​កិច្ច​ការ​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត។

អគ្គនាយកដ្ឋាន​ពន្ធដាក៏​​នឹង​បន្ត​ពង្រឹង​តម្លាភាព ​និង​គណនេយ្យភាព​នៃ​ការ​បង់ពន្ធ​របស់​សហគ្រាស​ក្នុង​វិស័យ​ផលិត​ស្រាបៀរ​ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា ដោយ​បន្ត​ពង្រឹង​ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​រោងចក្រ​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​ឱ្យ​បាន​រួច​រាល់​គ្រប់​សហគ្រាស និង​ការ​ចុះ​ត្រួត​ពិនិត្យ​ឧបករណ៍​វាស់​ចំណុះ​ (Flowmeter) ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដល់​ទីតាំង​ ដោយ​ថ្នាក់​ដឹកនាំ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ៕