ភ្នំពេញ៖ របាយការណ៍​ថ្មីៗ​ពី​ក្រុមហ៊ុន​ក្រេ​ឌី​ត យូរ៉ូ ខេ​ម​បូ​ឌា ខូ អិ​ល​ធី​ឌី (CBC) បង្ហាញ​ពីទិដ្ឋភាព​​ចម្រុះ​នៃ​ទីផ្សារ​ឥណទាន​របស់​កម្ពុជា ជាមួយនឹង​សមិទ្ធផល​ឥណទាន​ល​ក្ខ​ណៈ​បុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន បង្ហាញ​ពី​កំណើន​ជា​វិជ្ជមាន ខណៈ​ឥណទាន​ល​ក្ខ​ណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាតតូច ​មានការ​ថយចុះ​។​

លទ្ធផល​ដែល​បានចេញ​ផ្សាយ​នៅក្នុង​ត្រីមាស​ទី២ ឆ្នាំ២០២៤ ចាប់ពី​ខែមេសា​ដល់​ខែមិថុនា បង្ហាញ​ពី​និន្នា​ការ​ប្រែប្រួល​នៅតាម​​វិស័យ និង​តំបន់​ផ្សេងៗ​គ្នា ដូចជា ​ខ្ពង់រាប ឆ្នេរសមុទ្រ វាលទំនាប និង​ទន្លេសាប​។​

របាយការណ៍​ស​ន្ទ​ស្សន៍​ឥណទាន​បុគ្គល​​សម្រាប់​ត្រីមាស​ទី២ ឆ្នាំ២០២៤ បង្ហាញ​ពី​ការកើនឡើង​ទាំង​សមតុល្យ ឥណទាន និង​ចំនួន​គណនី​ឥណទាន​។​

ចំនួន​គណនី​ឥណទាន​លក្ខណៈ​បុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​សរុប​មានការ​កើនឡើង​គួរសម ចំនួន ៤,៧៥ភាគរយ​ដែលនាំឱ្យ​ចំនួន​គណនី​សរុប​មាន​ចំនួន ១,៩២ លាន​គណនី​​នៅ​ចុងខែ​មិថុនា។ សមតុល្យ​សរុប​កើនឡើង ០,៦៧ភាគរយ​ ឈានដល់ ១៥,៣១ ប៊ី​លាន​ដុល្លារ​អាមេរិក​នៅ​ត្រីមាស​ទី​២​នេះ​។​

​កំណើន​នេះ​បាន​កើតឡើង​ដោយ​កម្មវិធី​​កម្ចី​អចលនទ្រព្យ និង​ប័ណ្ណឥណទាន ដែល​ឃើញ​មានការ​កើនឡើង ១៧ភាគរយ​ និង ១៥ភាគរយ​ រៀង​គ្នា​ពី​ត្រីមាស​មុន​។ ទោះយ៉ាងណា​ក៏ដោយ កម្មវិធី​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​បាន​ធ្លាក់ចុះ ២ភាគរយ​។​

​លោក អឿ សុធា​រ័ត្ន នាយក​ប្រតិបត្តិ​នៃ CBC បាន​ឱ្យដឹង​ថា៖ «តម្រូវការ​ពាក្យស្នើសុំ​ឥណទាន​បុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​មានការ​ថយចុះ ប៉ុន្តែ​សមិទ្ធផល​ឥណទាន​លក្ខ ណៈ​បុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​នៅតែ​វិជ្ជា​មាន ជាមួយនឹង​ចំនួន​គណនី និង​សមតុល្យ​កម្ចី​ក្នុង​ត្រីមាស​ទីមួយ នេះ បើ​ប្រៀបធៀប​នឹង​ត្រីមាស​មុន»។

​ទោះបី​ជាមាន​កំណើន​នេះ​ក៏ដោយ គុណភាព​នៃ​ប្រាក់កម្ចី​លក្ខណៈ​បុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​បានបង្ហាញ​ពី​សញ្ញា​នៃ​ការ​ថមថយ​។ 

លោក សុធា​រ័ត្ន បាន​និយាយថា​ គុណភាព​ឥណទាន​មានការ​ធ្លាក់ចុះ ជាមួយនឹង​ការ កើនឡើង​នៃ​អនុ​បាត​នៃ​គណនី​ប្រាក់កម្ចី​ជាមួយនឹង​ការសង​យឺត ៣០​ថ្ងៃ​ហួស​កាលបរិច្ឆេទ​កំណត់​ពី ៦,០៣​ភាគ​រយ​ ក្នុង​ត្រី​មាស​ទីមួយ​ក្នុង​ឆ្នាំ​២០២៤ មក ៦,២២ភាគរយ​ក្នុង​ត្រីមាស​នេះ​។

លោក​បាន​បន្ថែមទៀតថា គុណភាព​ឥណទាន​មានការ​ធ្លាក់ចុះ ជាមួយនឹង​ការ កើនឡើង​នៃ​អនុ​បាត​នៃ​គណនី​ប្រាក់កម្ចី​ជាមួយនឹង​ការសង​យឺត ៣០​ថ្ងៃ​ហួស​កាលបរិច្ឆេទ​កំណត់​ពី ៦,០៣% ក្នុង​ត្រី មាស​ទីមួយ​ក្នុង​ឆ្នាំ​២០២៤ មក ៦.២២% ក្នុង​ត្រីមាស​នេះ​។​

ផ្ទុយទៅវិញ របាយការណ៍​ស​ន្ទ​ស្សន៍​ល​ក្ខ​ណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាតតូច ​បង្ហាញ​ពី​ការធ្លាក់ចុះ​ចំពោះ​ចំនួន​គណនី​ឥណទាន​ តែ​មានការ​កើនឡើង​ចំពោះ​សមតុល្យ​ឥណទាន​។​

ចំនួន​គណនី​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាតតូច​សរុប​មានការ​ថយចុះ​ចំនួន ១,៧ភាគរយ ដែល​នាំ​​ឱ្យ​​ចំនួន​គណនី​សរុប​មាន​ចំនួន ១,៨៦ លាន​គណនី​។ សមតុល្យ​សរុប​កើនឡើង ០,១ភាគរយ​ឈានដល់ ៣៤,២២ ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ត្រីមាស​ទី​២​នេះ​។​

កម្មវិធី​ឥណទាន​អាជីវកម្ម​ខ្នាតតូច​បាន​ថយចុះ ៧ភាគរយ ជាមួយនឹង​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃកម្ចី​មូលធន ហិរញ្ញវត្ថុ​ទ្រព្យសកម្ម និង​ពាក្យស្នើសុំ​កម្ចីសំណង់​​។​

កម្ចី​មូលធន​បាន​ធ្លាក់ចុះ ១១ភាគរយ​ ហិរញ្ញវត្ថុ​ទ្រព្យសកម្ម ៩ភាគរយ​ និង​សំណង់ ១៤,២​ភាគរយ​​។ ប្រភេទ​តែមួយគត់​ដែល​បានឃើញ​កំណើន​គឺ​ឥណទាន​កសិកម្ម​ជាមួយនឹង​ការកើនឡើង ២,៧ភាគរយ​។​

លោក សុធា​រ័ត្ន បាន​ថ្លែងថា៖ «តម្រូវការ​ពាក្យរ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាតតូច​មានការ​ថយចុះ ជាមួយនឹង ដំណើរការ​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាតតូច​ក៏មាន​ការថយចុះ។ ប៉ុន្តែ​សមិទ្ធផល​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាតតូច​នៅតែមាន​ភាព​វិជ្ជា​មាន ជាមួយនឹង​ចំនួន​សមតុល្យធ្លាក់ចុះ ០,១ភាគរយ​នៅក្នុង​ត្រីមាស​ទី​២​នេះ»។

លោក​បាន​បន្ថែមទៀតថា គុណភាព​ឥណទាន​មានការ​ធ្លាក់ចុះ ជាមួយនឹង​ការកើនឡើង នៃ​អនុ​បាត​នៃ​គណនី​ប្រាក់កម្ចី​ជាមួយនឹង​ការសង​យឺត ៣០​ថ្ងៃ​ហួស​កាលបរិច្ឆេទ​កំណត់​ពី ៧,៨ភាគរយ​ ក្នុង​ត្រីមាស​ទី​១ ក្នុង​ឆ្នាំ​២០២៤ មក ៨,៣ភាគរយ​ ក្នុង​ត្រីមាស​នេះ​។​

របាយការណ៍​បាន​គូសបញ្ជាក់​ពី​ភាពខុសគ្នា​ក្នុង​តំបន់​យ៉ាងសំខាន់​ក្នុងការ​អនុវត្ត​ឥណទាន​។

សម្រាប់​ឥណទានផ្ទាល់ខ្លួន​ តំបន់​ខ្ពង់រាប​បានឃើញ​ការកើនឡើង​ខ្ពស់បំផុត ៤៦ភាគរយ​ ខណៈពេលដែល​តំបន់ឆ្នេរ​នាំមុខ​ក្នុង​កម្មវិធី​កម្ចី​អចលនទ្រព្យ​​កើនឡើង ២៩​ភាគរយ​។​

នៅលើ​ផ្នែក​អាជីវកម្ម​ខ្នាតតូច តំបន់​ខ្ពង់​រាបបាន​ជួបប្រទះ​ការថយចុះ​យ៉ាងខ្លាំង​នៃ​ពាក្យសុំ​កម្ចី​សំណង់​ ដែល​បាន​ធ្លាក់ចុះ ៦៥,៥​ភាគរយ​។​

ទោះបី​ជាមាន​បញ្ហា​ប្រឈម​ក្នុង​ការផ្តល់​ប្រាក់កម្ចី​អាជីវកម្ម​ខ្នាតតូច​ក៏ដោយ តំបន់​មួយចំនួន​បានបង្ហាញ​ពី​កំណើន​វិជ្ជមាន​នៅក្នុង​សមតុល្យ​ប្រាក់កម្ចី​ប្រើ​ប្រាស់​ផ្ទាល់ខ្លួន ដូចជា​ទន្លេសាប ដែល​បាន​កត់ត្រា​ការកើនឡើង ២,៥ភាគរយ៕