មណ្ឌលគិរីៈ មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី​កំពុង​តែ​ជំរុញ​ និង​បង្កើន​ការ​បណ្តុះ​បណ្តាល​កសិករ​ឱ្យ​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ​ដំណាំ​កាហ្វេ​បន្ថែម​ទៀត ក្រោយ​ពេល​ដែល​គ្រាប់​កាហ្វេរ៉ូប៊ូស្តា​ខេត្តមណ្ឌលគីរី​ត្រូវ​បាន​វាយ​តម្លៃ​ថា ​ជា​«កាហ្វេរ៉ូប៊ូស្តា​ប្រណិត» (Fine Robusta) ជា​លើក​ដំបូង ​ពីវិទ្យាស្ថាន​វាយតម្លៃ​គុណភាព​កាហ្វេ​អន្តរជាតិ​CQI (Coffee Quality Institute) នា​ពេលថ្មីៗ​នេះ។

លោក​ សុង ឃាង ​ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទខេត្តមណ្ឌលគិរី​បាន​ឱ្យដឹងថា ​នាពេល​បច្ចុប្បន្ន​នេះ ផ្ទៃ​ដីដំ​ណាំកាហ្វេនៅ​ក្នុង​ខេត្តមណ្ឌលគិរី​មាន​ជាង​៥០០​ហិកតា។​ ក្នុងនោះ​ផ្ទៃ​ដី​ដែល​ប្រមូល​ផល​បាន​មាន​តែ​៣៤៦​ហិកតា​ប៉ុ​ណ្ណោះ​ ដែល​ផ្តល់​ទិន្ន​ផល​មធ្យម​២,០៩៦​តោន​ក្នុង​១​ហិកតា។ 

ក្រោយ​ពេល​ដែល​កាហ្វេរ៉ូប៊ូស្តា​ខេត្តមណ្ឌលគីរី​ត្រូវ​បាន​វាយ​តម្លៃ​ជាប់ ​ជា​កាហ្វេរ៉ូប៊ូស្តា​ប្រណិត​តាម​រយៈ​ការ​ដាក់​ពាក្យ​របស់​ក្រុម​ហ៊ុន​ខូហ្វី​នោះ​មក ​មន្ទីរកសិកម្ម​ខេត្ត​បាន​កំពុង​តែ​ជំរុញ​លើកទឹក​ចិត្ត​ឱ្យ​កសិករ​ធ្វើការ​ដាំដុះ​ដំណាំ​កាហ្វេ​នេះ​បន្ថែម​ទៀត ដើម្បី​ផ្គត់​ផ្គង់​ទីផ្សារ​។ មន្ទីរ​កសិកម្ម ​និង​ក្រុម​ហ៊ុន​ខូហ្វី​បាន​បន្ត​សហការ​គ្នា​ធ្វើ​ការ​រៀប​ចំ​បណ្តុះ ​បណ្តាល​តម្រង់​ទិស​ដល់​កសិករ ​ក្នុង​ការ​ដាំ​ដុះ ​ថែទាំ ​និង​ប្រមូល​ផល​កាហ្វេ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖«នា​ពេលបច្ចុប្បន្ន​នេះ យើង​កំពុង​តែ​បណ្តុះ​បណ្តាល​កសិករ​ឱ្យ​ខិត​ខំ​ពង្រីក​ផ្ទៃ​ដី​បន្ថែម​ដែរ ​ចំ​ពោះ​ដី​ដែល​កប​នឹង​ការ​ហ្វេ​នេះ។ យើង​កំពុង​តែ​ខិត​ខំ​ ព្រោះ​កាហ្វេនេះ​កំពុង​តែ​មាន​សក្តានុ​ពល និង​កំពុង​តែ​មាន​តម្លៃ​ដែល​ពលរដ្ឋ​អាច​រក​ចំណូល​បាន​ល្អ»។ 

លោក​ក៏​បាន​ឱ្យដឹង​ផង​ដែរ​ថា​ ផ្ទៃ​ដំណាំកាហ្វេក៏​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ផង​ដែរ។ នៅ​ក្នុង​ឆ្នាំ​២០២៣​ដំណាំ​កា​ហ្វេ​មាន​ផ្ទៃ​ដី​សរុប​ចំនួន​៥២៥​ហិកតា ដែល​មាន​កសិករ​ចំនួន​៣៦៥​គ្រួសារ។ ផ្ទៃដី​ដាំ​ដុះ​នេះ​មាន​ការ​កើនឡើង​លើស​ពី​ឆ្នាំ​២០​២២​ចំនួ​ន១៧៤ហិកតា។

លោក​បន្ថែមថា ​ទិន្នផល​ប្រមូលបាន​សរុប​ប្រមាណ​ជា​៧២៥​តោន​ក្នុង​មួយ​ឆ្នាំ ​ខណៈ​ពេ​ល​ដែល​ដំណាំ​កា​ហ្វេ​ខ្លះ​កំ​ពុង​តែ​ស្ថិត​ក្នុង​ដំណា​ក់កាល​លួត​លាស់។ ទិន្នផល​នោះ​ភាគ​ច្រើន​ត្រូវ​បាន​ក្រុម​ហ៊ុនខូ​ហ្វី និង​ក្រុម​ហ៊ុន​តូចៗ​ផ្សេងៗ​ទៀត​ប្រមូល​ទិញ​ពី​កសិករ​ផ្ទាល់ ​តាម​ការ​សម្រប​សម្រួល​ពី​មន្ទីរ​កសិកម្ម។​

ក្នុង​នោះ​កាហ្វេ​ស្រស់​លេខ១​តម្លៃ​ខ្ទង់៣ពាន់​រៀល​ក្នុង​១​គីឡូ​ក្រាម, កាហ្វេ​លេខ២ ​តម្លៃ​ប្រហែល​ចន្លោះ​ពី ២ពាន់ ទៅ​២ ៥០០រៀល និង​លេខ​៣​តម្លៃ​ជាង​១ពាន់ ទៅ​២ពាន់​រៀល​ក្នុង​១គី​ឡូ​ក្រាម។

គ្រាប់​កាហ្វេរ៉ូប៊ូស្តា​ខេត្តមណ្ឌលគីរី ​កែ​ច្នៃ​ដោយ​ក្រុម​ហ៊ុន​ខូហ្វី​ទទួល​បាន​នូវ​ការ​វាយ​តម្លៃ​ថា​ជា​កា​ហ្វេរ៉ូប៊ូស្តា​ប្រណីត ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត ពី​វិទ្យាស្ថានវាយ​តម្លៃ​គុណភាពកា​ហ្វេអន្តរជាតិ​ ដែល​ជា​ស្ថាប័នវាយ​តម្លៃគុណ​ភាព​កាហ្វេ​ពិភព​លោក។  

ដើម្បី​អាច​ទទួល​បាន​វិញ្ញាបន​ប័ត្រជាកា​ហ្វេរ៉ូប៊ូស្តា​ប្រណីត ​អ្នកជំនាញ​កាហ្វេពីវិទ្យាស្ថានCQI បាន​វាយ​តម្លៃ​យ៉ាង​ម៉ត់​ចត់​ទៅ​លើ​កត្តា​ផ្សេងៗ រួមមាន៖ ក្លិន ​រសជាតិ ​អាស៊ីត ​សំបក ​និង​តុល្យភាព​របស់​កាហ្វេ។ តាមរយៈ​ការផលិត​នឹង​កែ​ច្នៃ​ដែល​ប្រកប​ទៅ​ដោយ​ភាព​ច្នៃ​ប្រឌិត ​និង​ប្រកាន់​ភ្ជាប់​នូវ​គុណភាព ​និង​អនាម័យ ​ខូហ្វី ​បាន​កំណត់​ស្តង់​ដារ​ថ្មី​មួយ​សម្រាប់​ឧស្សាហកម្ម​កាហ្វេ​កម្ពុជា ​និង​បង្ហាញ​ពី​សមត្ថភាព​ក្នុង​ការផ​លិត ​និង​កែ​ច្នៃ​កាហ្វេរ៉ូប៊ូ​ស្តា​មណ្ឌលគីរី ទៅកាន់​ទី​ផ្សារពិ​ភពលោក។ នេះ​បើ​យោង​តាម​ក្រុម​ហ៊ុន​ខូហ្វី។

លោក​សុង ឃាងបាន​សំដែង​ការ​រីករាយ​ថា៖«នេះ​ជា​សមទ្ធិផល​ថ្មីនេះ ដែល​បង្ហាញ​ពី​មោទន​ភាព​សម្រាប់​ប្រទេស​យើង​ដែល​ផលិត​បាន​នូវ​កាហ្វេ​ប្រកប​ដោយ​គុណ​ភាព ​ហើយ​ចូល​រួម​ផ្គត់​ផ្គង់​ក្នុង​ស្រុកផង​ និង​អាច​មាន​លទ្ធ​ភាព​ឈាន​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ​ដែល​អាច​រក​ចំណូល​ដល់​កសិករ​ផង​ដែរ»។

អ្នក​ស្រី ផ្លឹក​ ភីរុំ តំណាង​បណ្តាញ​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ពូនង​ក្នុង​ខេត្ត​មណ្ឌលគិរីមិន​ទាន់​បាន​ដឹងពី​ការវា​យ​តម្លៃ​ទទួលស្គាល់​គុណភាព ​កាហ្វេ​ខេត្ត​មណ្ឌលគិរី ​ជា​កាហ្វេរ៉ូប៊ូស្តា​ប្រណិត​នោះ​ទេ។ ទោះ​យ៉ាង​ណា​លោក​ស្រី​សង្កេត​ឃើញ​ថា នា​ពេ​ល​ប​ច្ចុ​ប្បន្ននេះ​មានពលរដ្ឋ​ជនជាតិ​ដើមភាគតិច​កាន់តែ​ច្រើន​ចាប់​អារម្មណ៍ដាំ​ដំណាំ​កា​ហ្វេជា​លក្ខ​ណៈ​គ្រួ​សារ។

លោក​ស្រី​ថ្លែង​ថា៖«ខ្ញុំឃើញ​មាន​ជនជាតិ​ដើម​យើង​ដាំ​កាន់​តែ​ច្រើន។ គ្រួសារ​ខ្លះ​ ដាំ​១ ឬ​២ហិកតា​ក៏​មាន ទៅ​តាម​តម្រូវ​ការ​ទីផ្សារ។ អ្នកខ្លះ ឃើញ​កំពុង​តែ​បណ្តុះ​កាហ្វេ​ផង​ដែរ»៕