ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​បាន​អំពាវនាវ​ដល់​វិនិយោគិន​សិង្ហបុរី​ដែល​មាន​វត្តមាន​ស្រាប់​នៅ​កម្ពុជា​ពង្រីក​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន និង​ជំរុញ​​វិនិយោគិនដែលមាន​​​សក្ដានុពល​​របស់ប្រទេស​នេះ​ពិចារណា​ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​បន្ទាប់។

ការ​អំពាវនាវ​នេះ​ធ្វើឡើង​ដោយ លោក ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្នុង​ពិធី​បើក​កម្មវិធី​ពិព័រណ៍​ធុរកិច្ច​សិង្ហបុរី នាថ្ងៃទី១៦ ខែ​សីហា នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ការ​ចូលរួម​ពី​វិនិយោគិន និង​ធុរជន​សរុប​ប្រមាណ ១២០នាក់។

លោក​លើកឡើង​ថា ប្រទេស​សិង្ហបុរី​គឺជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា។ លោក​បាន​ដកស្រង់​​ទិន្នន័យ​CDC ដែល​បញ្ជាក់ថា ប្រភព​ទុន​វិនិយោគ​ពី​សិង្ហបុរី​ស្ថិត​ក្នុង​ចំណោម​ប្រភព​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ឈានមុខ​ទាំង​១០ បាន​បណ្ដាក់ទុន​វិនិយោគ​សរុប​ប្រមាណ ៤០០​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​ទៅ​នេះ។ 

លោក ជា វុទ្ធី លើកឡើង​ថា ការ​វិនិយោគ​របស់​សិង្ហបុរី បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​កម្មន្តសាល អចលនទ្រព្យ និង​បដិសណ្ឋារកិច្ច។ វត្តមាន​ក្រុមហ៊ុន​ធំៗ ដូចជា Keppel Infrastructure និង Changi Airport International ក៏​ដូចជា​ម៉ាក​ល្បីៗ ដូចជា Charles & Keith, Ya Kun និង 800super បាន​បង្ហាញ​ថា ការ​វិនិយោគ​របស់​សិង្ហបុរី​ពិត​ជា​បាន​ជំរុញ​ការ​អភិវឌ្ឍ​របស់​កម្ពុជា។ 

លោក​អគ្គលេខាធិការ​បាន​លើកឡើង​ចំណុច​មួយ​ចំនួន​ដែល​បាន​ទាក់ទាញ​វិនិយោគិន​សិង្ហបុរី​មក​បោះ​ទីតាំង​នៅ​កម្ពុជា ដូចជា កត្តា​មូលដ្ឋាន​សេដ្ឋកិច្ច​រឹងមាំ​របស់​កម្ពុជា, កម្លាំង​ពលកម្ម​វ័យក្មេង​និង​មាន​ជំនាញ, ទីតាំង​យុទ្ធសាស្ត្រ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​មហា​អនុ​តំបន់​មេគង្គ​និង​តំបន់​អាស៊ី​អាគ្នេយ៍, និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​និង​ពហុភាគី​ជាមួយ​ទីផ្សារ​ធំៗ។ 

លោក​ថ្លែង​ថា៖ «វិនិយោគិន​ទទួល​បាន​ផល​ប្រយោជន៍​ពី​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ថាមពល​ស្អាត និង​បៃតង ដោយ​ប្រមាណ​៥៧​ភាគរយ​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​របស់​កម្ពុជា គឺ​ទទួល​បាន​ពី​ប្រភព​ថាមពល​កកើត​ឡើង​វិញ»។ 

លោក ជា វុទ្ធី បន្ថែម​ថា រាជ​រដ្ឋាភិបាល​បាន​វិនិយោគ​យ៉ាង​ច្រើន​នៅ​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដូចជា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ដែល​កំពុង​ប្រតិបត្តិការ និង​គម្រោង​នា​ពេល​ខាង​មុខ​ ដូចជា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត និង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែល​តភ្ជាប់​ពី​កម្ពុជា​ទៅ​វៀតណាម និង​ថៃ​រៀង​គ្នា ដែល​នឹង​ជួយ​សម្រួល​ដល់​ការ​អនុវត្ត​យុទ្ធសាស្ត្រ «ប្រទេស​បូក» របស់​អាជីវកម្ម។ 

លោក​លើក​ឡើង​ថា កម្ពុជា​បច្ចុប្បន្ន​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​២៦​ដែល​កំពុង​ដំណើរ​ការ ដោយ​បាន​ស្រូប​ទាញ​គម្រោង​វិនិយោគ​ប្រមាណ​ជាង ៧០០ ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង​២៨​ប៊ីលាន ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ជាង ១៨០​ពាន់​កន្លែង។ 

លោក​លើក​ឡើង​ថា កម្មវិធី​ពិព័រណ៍​នេះ​ផ្ដល់​ឱកាស​ដល់​ធុរជន​សិង្ហបុរី​ក្នុង​ការ​តាំង​បង្ហាញ​ផលិត​ផល និង​សេវាកម្ម​ប្រកប​ដោយ​នវានុវត្តន៍, ស្វែងរក​កិច្ច​សហការ​ជាមួយ​ដៃគូ​ធុរកិច្ច​កម្ពុជា, និង​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុជា និង​សិង្ហបុរី​ផង​ដែរ។

យោង​តាម​របាយការណ៍​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​៧​ខែ​ដើម​ឆ្នាំ​២០២៤ ពី​ខែ​មករា ដល់​ខែ​កក្កដា ការ​នាំចេញ​របស់​​កម្ពុជា​ទៅ​កាន់​ប្រទេស​សិង្ហបុរី​មាន​ទំហំ​ទឹក​ប្រាក់​៥៩លាន​ដុល្លារ កើន​ឡើង​១២៦​ភាគរយ ហើយ​ការ​នាំចូល​មាន​៥១១​លាន​ដុល្លារ កើន​ឡើង​១៧​ភាគរយ ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​៥៧០​លាន​ដុល្លារ កើន​ឡើង​២៣​ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣៕