ភ្នំពេញៈ​ ក្នុង​រយៈ​ពេល​ ៧​ខែ​ក្នុង​ឆ្នាំ​២០២៤ ពី​ខែ​មករា ដល់​ខែ​កក្កដា ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង​គិត​ជា​ទឹកប្រាក់​មាន​ជាង ១៨៧លានដុល្លារ កើន ​១៤​ភាគរយ ខណៈ​ការ​នាំចូល​ពី​ប្រទេស​នេះ​មាន​ជាង ​​២៩១​លាន​ដុល្លារ កើន​ ៣,២​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣។ នេះ​បើ​យោង​តាម​របាយការណ៍​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

របាយការណ៍​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៧ ខែនេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​ជាង​ ៤៧៩​លាន​ដុល្លារ កើន​ ៧,២​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣។ 

ក្នុង​រយៈពេល ​៧​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០២៣ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​ជាង​ ៤៤៧​លាន​ដុល្លារ ដែល​ក្នុង​នោះ​ការ​នាំចេញ​ទៅ​កាន់​ប្រទេស​នេះ​មាន​ជាង​ ១៦៤​លាន​ដុល្លារ ហើយ​ការ​នាំចូល​មាន​ជាង ២៨២​លាន​ដុល្លារ។

ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​សប្តាហ៍​មុន លោក ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងត្បូង​ប្រចាំ​កម្ពុជា​បាន​កោតសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បរិយាកាស​អំណោយផល​ដល់​ការ​វិនិយោគ​នៅ​កម្ពុជា​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​លើកទឹកចិត្ត និង​យន្តការ​សម្របសម្រួល​ដើម្បី​បង្កើន​ទំនុក​ចិត្ត​និង​ជោគជ័យ​របស់​វិនិយោគិន​កូរ៉េខាងត្បូង​ដែល​បណ្ដាក់​ទុន​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​បណ្ដាញ​សង្គម​លោក​នាយករដ្ឋមន្ត្រី។

បណ្ដាញ​សង្គម​នេះ​បាន​ដកស្រង់​សំដី​លោក Park Jung-Wook ថា វិនិយោគិន​កូរ៉េ​ខាងត្បូង​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​កូរ៉េ​ខាងត្បូង​កាល​ពី​ខែ​ឧសភា, សិក្ខាសាលា, និង​វេទិកា​ធុរកិច្ច​ជា​បន្តបន្ទាប់។

បណ្ដាញ​សង្គម​ដដែល​បន្ត​ថា៖ «ឯកឧត្ដម​ឯកអគ្គរដ្ឋទូត [លោក Park Jung-Wook] ​បាន​ប្ដេជ្ញា​ខិតខំ​ប្រឹងប្រែង​ជំរុញ​ទំនាក់ទំនង​សាធារណរដ្ឋ​កូរ៉េ-កម្ពុជា​ឱ្យ​កាន់​តែ​រីកចម្រើន​ថែម​ទៀត តាម​រយៈ​កិច្ច​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​កិច្ចព្រមព្រៀង និង​គំនិត​​ផ្ដួចផ្ដើម​នានា ដែល​បាន​សម្រេច​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ខាង​លើ»។ 

ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​បាន​តម្កើង​កម្រិត​ដល់ «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ» ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​កូរ៉េខាងត្បូង។ 

​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង នៅ​ទីក្រុង​សេអ៊ូល (Seol) ​ប្រទេស​កូរ៉េខាងត្បូង កាល​ខែ​ឧសភា លោក ហ៊ុន ម៉ាណែត ​បាន​កត់សម្គាល់​ពី​ការ​កើន​ឡើង​នៃ​វត្តមាន​គម្រោង​វិនិយោគ និង​សហគ្រាស​ពាណិជ្ជកម្ម​កូរ៉េ ទាំង​តូច ទាំង​ធំ​នៅ​កម្ពុជា ហើយ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើន​ឡើង​លើស ១ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០២៣ ដោយ​គ្រប់​ដណ្ដប់​វិស័យ​វាយនភណ្ឌ ផលិតផល​ធ្វើ​ដំណើរ កង់ គ្រឿង​បន្លាស់​អេឡិចត្រូនិក កសិកម្ម និង​ការ​កែច្នៃ​ផលិតផល​កសិកម្ម។

លោក​ថ្លែង​ថា៖ «ក្រុមហ៊ុន​កូរ៉េ​បាន និង​កំពុង​ដើរ​​តួនាទី​ជា​តួអង្គ​គន្លឹះ ​ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​របស់​កម្ពុជា។ ការ​ចូលរួម​របស់​ក្រុមហ៊ុន​កូរ៉េ​នៅ​លើ​វិស័យ​ចម្រុះ ដូចជា កម្មន្តសាល អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និង​សេវាកម្ម​ហិរញ្ញវត្ថុ បាន និង​កំពុង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ពន្លឿន​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា»។ 

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាន​លើក​ឡើង​អំពី​សក្ដានុពល​វិជ្ជមាន​របស់​កម្ពុជា រួមមាន សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ, លំនឹង​ម៉ាក្រូ​សេដ្ឋកិច្ច, កម្លាំង​ពលកម្ម​វ័យក្មេង​ដែល​​រួចរាល់​សម្រាប់​បរិវត្ត​កម្ម​ឌីជីថល, ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ដល់​ការ​រីក​លូតលាស់​វិស័យ​ធុរកិច្ច​ឯកជន, បែបបទ​នៃ​ការ​វិនិយោគ​មាន​ភាព​បត់បែន និង​អនុគ្រោះ, និង​ហេដ្ឋារចនាសម្ព័ន្ធ​អន្តរ​មធ្យោបាយ​ដែល​បាន និង​កំពុង​អភិវឌ្ឍ​ឱ្យ​កាន់​តែ​មាន​ភាព​សម្បូរ​បែប និង​ប្រទាក់​ក្រឡា​គ្នា។

​ក្នុង​កិច្ច​ពិភាក្សា​ស្តីពី «បរិយាកាស​សេដ្ឋកិច្ច និង​កាលានុវត្ត​ភាព​ធុរកិច្ច នៅ​កម្ពុជា» កាល​ពី​ដើម​ខែ​សីហា លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់​អំពី​ចក្ខុវិស័យ និង​បេសកកម្ម​របស់CDC ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​បច្ចុប្បន្នភាព​បរិយាកាស​វិនិយោគ និង​កាលានុវត្ត​ភាព​នៃ​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​ទៅ​កាន់​ពិភពលោក សំដៅ​គោះទ្វារ​ទាក់ទាញ​វិនិយោគិន​ឱ្យ​ងាក​មក​ពិចារណា និង​សិក្សា​ស្វែងយល់​បន្ថែម​ពី​ឱកាស​ក្នុង​ការ​មក​បណ្ដាក់​ទុន​វិនិយោគ​ផង​ដែរ៕