គោលការណ៍ទទួលយកប្រាក់ដុល្លារអាមេរិកទក់ ឬរហែកបន្តិចបន្តួចអាចនឹងត្រូវបានអនុវត្តនៅទូទាំងប្រទេសកម្ពុជានាពេលខាងមុខនេះ បន្ទាប់ពីការវាយតម្លៃរបស់ធនាគារជាតិដោយយកបទពិសោធន៍ពីខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសុក្រនេះ។
គោលការណ៍ទទួលលុយដុល្លារអាមេរិកទក់ ឬរហែកត្រូវបានដាក់ឱ្យអនុវត្តនៅខេត្តសៀមរាបចាប់ពីថ្ងៃទី២២ ខែកក្កដា ដោយធនាគារជាតិតម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាបទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬ ប្រឡាក់ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន។
គោលការណ៍នេះធ្វើឡើងតាមការស្នើរបស់ពលរដ្ឋនិងអាជីវករនៅខេត្តសៀមរាបទៅលោក ហ៊ុន ម៉ាណែត។
នៅព្រឹកថ្ងៃសុក្រ ទី២ ខែសីហានេះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា។
ប៉ុន្តែ ពលរដ្ឋនៅខេត្តផ្សេងក្រៅពីខេត្តសៀបរាម បានចោទជាសំនួរថា ហេតុអ្វីគោលការណ៍ទទួលប្រាក់ដុល្លាររហែក ឬ ទក់ អនុវត្តតែនៅខេត្តសៀមរាប ខណៈដែលខេត្តផ្សេងទៀតក៏ជួបបញ្ហានេះដែរ។
ឆ្លើយតបនឹងកង្វល់នេះ លោក ហ៊ុន ម៉ាណែត ពន្យល់ថា ការទទួលយកក្រដាសប្រាក់ដុល្លារហែក ឬចាស់ដែលមិនអាចប្រើប្រាស់បាន ដើម្បីយកទៅដូរយកក្រដាសប្រាក់ថ្មីពីធនាគារកណ្តាលសហរដ្ឋអាមេរិក ជាកាតព្វកិច្ចរបស់ធនាគារជាតិ ដែលត្រូវការចំណាយថវិកាច្រើន ការដាក់ឱ្យអនុវត្តនូវគោលការណ៍ថ្មីនេះត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន និងជាជំហាន។
យ៉ាងណាក៏ដោយ លោកបញ្ជាក់អំពីភ្លើងខៀវសម្រាប់ខេត្តផ្សេងទៀតថា៖ «ហេតុដូច្នេះ ការដាក់ឱ្យអនុវត្តនៅខេត្តសៀមរាបនេះ ជាជំហានសាកល្បង (pilot) ដើម្បីធនាគារជាតិអាចធ្វើការវាយតម្លៃ និងយកជាមូលដ្ឋានសម្រាប់រៀបចំផែនការឱ្យបានជាក់លាក់ មុននឹងប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ថ្មីនេះនៅទូទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខ»។
កម្ពុជាកំពុងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសសម្រាប់ក្រដាស់ប្រាក់ដុល្លារតូច ដូចជា ១ដុល្លារ និង ៥ដុល្លារ តាមរយៈការប្រមូលក្រដាស់ប្រាក់ទាំងនេះដើម្បីនាំចេញទៅក្រៅប្រទេស។
ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ ការនាំចេញប្រាក់ដុល្លារអាមេរិកទៅក្រៅប្រទេសបានកើនឡើង ៦៦ ភាគរយ ហើយការនាំចូលប្រាក់ដុល្លារមកកម្ពុជាពីក្រៅប្រទេសបានថយចុះ ១០០ ភាគរយ។ នេះបើតាមរបាយការណ៍ធនាគារជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា សម្រាប់ប្រាក់ដុល្លារប្រភេទតូចដែលទទួលបាននៅស្នាក់ការកណ្ដាលធនាគាជាតិនិងនៅតាមសាខាទូទាំងប្រទេស បានកើនឡើង ៣៧,៤ ភាគរយ ហើយការនាំចេញក្រដាសប្រាក់ប្រភេទនេះទៅក្រៅប្រទេសបានកើនឡើង ៥៥,២ ភាគរយ។
លោក ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា ទទួលយកប្រាក់ដុល្លារចាស់ ទក់រហែក គឺជាគោលការណ៍លើកទឹកចិត្តដល់ភ្ញៀវទេសចរ។ លោកថា ការយកក្រដាសប្រាក់ទក់ ឬ រហែក ទៅធនាគារកណ្ដាលអាមេរិកទំនងជាមិនបដិសេធក្នុងការទទួលយកទេ។
លោកនិយាយថា ការទទួលយកក្រដាសប្រាក់ដុល្លារទក់រហែកនៅខេត្តសៀមរាប ក៏អាចជាការបើកផ្លូវសម្រាប់ការទទួលយកក្រដាសប្រាក់បែបនេះនៅទូទាំងប្រទេស សម្រាប់ទាំងទេសចរ និងសម្រាប់ពលរដ្ឋខ្មែរដោយគ្មានការរើសអើង ក្រោយពេលការសាកល្បងបានបញ្ចប់។
លោក ហុង វណ្ណៈ បន្តថា រដ្ឋក៏ដាក់ចេញគោលការណ៍ទទួលយកក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែកផងដែរ បន្ថែមលើរូបិយប័ណ្ណបរទេស ពីព្រោះតាមការអង្កេតរបស់លោក ពលរដ្ឋក៏ជួបបញ្ហាក្នុងការចាយក្រដាសប្រាក់ទក់រហែកផងដែរ។
ចំពោះការទប់ស្កាត់ដុល្លារូបនីយកម្ម លោក ហុង វណ្ណៈ ថ្លែងថា ប្រាក់ដុល្លារបានចាក់ស្រេះនៅក្នុងការប្រើប្រាស់របស់ប្រជាពលរដ្ឋយូរមកហើយ។ ទោះបីជាការពង្រឹងការប្រើប្រាស់ប្រាក់រៀលជារឿងល្អ ប៉ុន្តែបើមើលលើកត្តាពាណិជ្ជកម្ម ប្រាក់ដុល្លារនៅតែមានសារៈសំខាន់៕