ភ្នំពេញ៖ មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​កម្ពុជា (NPCC) នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ចាប់​ផ្តើម​សិក្ខា​សាលា និង​វគ្គ​បណ្តុះ​បណ្តាល​រយៈពេល ១០​ថ្ងៃ ស្តីពី «ការធ្វើ​សវនកម្ម​ប្រព័ន្ធ​គ្រប់គ្រង» ក្នុង​គោល​បំណង​ជំរុញ​ផលិតភាព និង​ការ​ប្រកួតប្រជែង​របស់​សហគ្រាស​កម្ពុជា។

កម្មវិធី​​ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី៣០ ខែសីហា គូស​បញ្ជាក់​អំពី​តួនាទី​សំខាន់​ដែល​សវនកម្ម​មាន​ប្រសិទ្ធភាព​​​ក្នុង​ការ​ធានា​ការ​អនុលោម​តាម​ស្តង់ដា​​អន្តរជាតិ និង​ការ​កែ​លម្អ​ដំណើរការ​នៃ​ធុរកិច្ច​នៅ​កម្ពុជា។

ក្នុង​ពិធី​បើក​សិក្ខា​សាលា​ លោក ភោគ សុវណ្ណរិទ្ធ រដ្ឋ​លេខាធិការ​ក្រសួង និង​​ជា​នាយក APO ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រសួង​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ជាតិ​ដ៏​រឹងមាំ។

លោក​កត់​សម្គាល់​ថា ហេដ្ឋា​រចនា​សម្ព័ន្ធ​នេះ​មាន​សារៈសំខាន់​សម្រាប់​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស ដោយ​ធានាថា ​សហគ្រាស​ក្នុង​ស្រុក​អាច​បំពេញ​តាម​ស្តង់ដា​​អន្តរជាតិ ​ដូចជា ISO 9001, ISO 22000, ISO 14001 និង ISO 45001។

លោក សុវណ្ណរិទ្ធ បញ្ជាក់​ថា៖ «សហគ្រាស​សិប្បកម្ម​ដែល​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​ពុំ​អាច​ប្រកាស​ដោយ​ខ្លួនឯង​ថា អនុវត្ត​ដោយ​ជោគជ័យ ឬ​អនុលោម​តាម​ស្តង់ដា ​១០០ភាគរយ​បាន​ទេ។ ប៉ុន្តែ សវនករ​ឯករាជ្យ អាច​ដើរ​តួនាទី​សំខាន់ ប្រកាស​ថា ក្រុមហ៊ុន​បាន​អនុលោម​តាម Requirements របស់​ស្តង់ដា​បាន​កម្រិតណា»។ 

លោក​បាន​បន្ថែម ថា៖ «សវនករ​ឯករាជ្យ​ខាងក្រៅ ពិតជា​សំខាន់ តែ​ក៏​ពឹង​លើ សវនករ​ខាងក្នុង (Internal auditor) លើ​ការ តាម ដាន វាយ តម្លៃ​ប្រសិទ្ធភាព​នៃ​ការ អនុវត្ត​ប្រព័ន្ធ​ទាំងមូល​នៅ​​ក្នុង​ក្រុមហ៊ុន​ផងដែរ។ ជា​លទ្ធផល របាយការណ៍​សវនកម្ម​ច្បាស់លាស់ និង​សុក្រឹត នឹង​ជួយ​ក្រុមហ៊ុន​កែ លម្អ​ជា​បន្តបន្ទាប់នូវ​ប្រព័ន្ធឬកម្មវិធីឬ​ប្រតិបត្តិការ​នានានាំទៅរក​ផលិតភាព​កាន់តែ​ខ្ពស់»។

គោលបំណង​ចម្បង​របស់​សិក្ខា​សាលា រួមមាន​ការបង្កើន​សមត្ថភាព​មន្ត្រី​សាធារណៈ​ក្នុង​ការ​លើក​កម្ពស់​ការ​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​អន្តរជាតិ ការពង្រឹង​សមត្ថភាព​បុគ្គលិក NPCC ក្នុង​ការ​ផ្តល់​សេវា​សវនកម្ម និង​ការពង្រីក​ក្រុម​អ្នក​ប្រឹក្សា និង​គ្រូ​បណ្តុះបណ្តាល​ដែលមាន​សមត្ថភាព។

កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​គន្លឹះ​ក្នុងការ​ធានាថា ​សហគ្រាស​កម្ពុជា​មិន​ត្រឹម​តែ​អាច​អនុវត្ត​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​រក្សាបាន​នូវ​ស្តង់ដា​ខ្ពស់​នៃ​ការ​អនុវត្ត​ការ​គ្រប់គ្រង​ផងដែរ។

លោក អ៊ុំ សេរីវុទ្ធ ប្រធាន​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ (NPCC)  នៃ​ក្រសួង​ឧស្សាហកម្ម បាន​ពន្យល់​យ៉ាង​លម្អិត​អំពី​គោលដៅ​នៃ​សិក្ខាសាលា​ក្នុងអំឡុងពេល​សុន្ទរកថា​របស់លោក​។​

លោក​បាន​និយាយ​ថា​៖ «​សិក្ខាសាលា​នេះ​មាន​គោលបំណង​ជួយ​ក្រុមហ៊ុន សហគ្រាស​ផលិត និង​អ្នកផ្តល់​សេវា​ឱ្យ​យល់​ពី​សារៈសំខាន់​នៃ​សវនកម្ម​គ្រប់គ្រង​ប្រព័ន្ធ»។​

លោក​បាន​ពន្យល់ថា​៖ «​ផលិតភាព​ក៏​មាន​ន័យថា ការគ្រប់គ្រង​ប្រព័ន្ធ​មួយ​ដោយ​ប្រើប្រាស់​ធាតុ​ចូល និង​ធនធាន និង​ធាតុ​ចេញ ​ឱ្យ​​មាន​ប្រសិទ្ធភាព នៃ​អង្គភាព​មួយ»​។​

លោក​បាន​លើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់ NPCC ក្នុងការ​លើក​កម្ពស់​ផលិតភាព​នៅ​ទូទាំង​ប្រទេស​តាម​រយៈ​គំនិត​ផ្តួចផ្តើម​ផ្សេងៗ រួម​ទាំង​សិក្ខា​សាលា​បណ្តុះបណ្តាល សេវា​ប្រឹក្សា​យោបល់ និង​សន្និសីទ​ជាតិ និង​អន្តរជាតិ​។​

លោក សេរីវុទ្ធ​ បាន​ឱ្យ​ដឹងថា៖ «កន្លងមក NPCC  បាន​បំពេញ​ជោគជ័យ​នូវ​គម្រោង​របស់​អង្គការ​ផលិត​ភាព​អាស៊ី​ជាច្រើន ជាពិសេស​ គម្រោង​ក្រុមហ៊ុន​គំរូ​ ISO9001:2015, ISO22000:2005 LEAN ដែល​ភាគច្រើ​ន​ក្រុមហ៊ុន សហ​គ្រាស​​ចូលរួម​គម្រោង​នេះ សុទ្ធតែ​ទទួល​ជោគជ័យ​មួយ​កម្រិត​ទៀត នៃ​អាជីវកម្ម​របស់​ពួកគេ»។

លោក​បាន​បន្ដថា​៖ «​យើង​ក៏​រៀបចំ​វគ្គ​បណ្តុះបណ្តាល ​ដូចជា​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​ជាដើម ទៅដល់​ក្រុមហ៊ុន សហគ្រាស សិប្បកម្ម កន្លងមក​ផងដែរ​»។ 

យ៉ាងណាមិញ ការធ្វើ​សវនកម្ម​គ្រប់គ្រង​ប្រព័ន្ធ​គឺជា​តម្រូវការ​ចាំបាច់​នៅក្នុង​ក្រុមហ៊ុន សហគ្រាស ដែល បាន​អនុវត្ត​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ ដើម្បី​ធានា​នូវ​ការអនុវត្ត​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​តាមរយៈ​ការផ្ទៀងផ្ទាត់​នៃ​ការ​ធ្វើ​ស​នវកម្ម។

សិក្ខាសាលា​នេះ​ក៏​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ជំនាញ​របស់​អ្នកជំនាញ​ម៉ាឡេស៊ី​មកពី​អង្គការ​ផលិតភាព​អាស៊ី (APO) ដែលមាន​បទពិសោធន៍​ច្រើន​ក្នុង​ការធ្វើ​សវនកម្ម​បែបនេះ៕