ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគចិនចំនួន១២ស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលមួយចំនួននៅកម្ពុជា ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនទាំងនេះ។
លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management ដែលជាក្រុមហ៊ុនរបស់ចិន បានដឹកនាំគណៈប្រតិភូក្រុមហ៊ុនវិនិយោគចិនចំនួន១២ មកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានជួបជាមួយលោក ហ៊ុន ម៉ាណែត នាថ្ងៃទី២០ សីហា នៅរាជធានីភ្នំពេញ។
សេចក្ដីប្រកាសព័ត៌មានបង្ហោះលើបណ្ដាញសង្គមលោកនាយករដ្ឋមន្ត្រីបញ្ជាក់នាថ្ងៃទី២០ សីហា ថា ក្នុងជំនួបនេះ លោក Zhao Yudong បានបង្ហាញការពេញចិត្ត និងកោតសរសើររដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញគោលនយោបាយ និងវិធានការថ្មីប្រកបដោយភាពជាក់ស្ដែងនិយមក្នុងការលើកទឹកចិត្តដល់វិនិយោគិន និងការធានានូវបរិស្ថានល្អប្រសើរសម្រាប់ការវិនិយោគនៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មាននេះបានដកស្រង់សំដីលោក Zhao Yudong ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនវិនិយោគទាំង១២ក្រុមហ៊ុននេះនៅកម្ពុជាមានគោលបំណងស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា ដូចជា វិស័យថាមពលស្អាត និងបរិស្ថាន, សុខាភិបាល, កសិកម្ម ឧស្សាហកម្ម, ហិរញ្ញវត្ថុ, និងវិស័យផ្សេងៗមួយចំនួនទៀត។
ប្រភពដដែលបន្តថា៖ «ប្រតិភូក្រុមហ៊ុនវិនិយោគចិនបាននឹងកំពុងចាប់អារម្មណ៍ចំពោះសក្ដានុពល និងបរិយាកាសវិនិយោគលើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ស្របពេលដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលការវិនិយោគ និងធ្វើពាណិជ្ជកម្ម ដែលជាដង្ហើមដ៏ចាំបាច់បំផុត សម្រាប់ជំរុញខឿនសេដ្ឋកិច្ចជាតិ។ សម្ដេចធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនទាំង១២ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា»។
លោក ហ៊ុន ម៉ាណែត ថ្លែងថា វិស័យសក្ដានុពលដែលគណៈប្រតិភូចិនចាប់អារម្មណ៍គឺជាវិស័យអាទិភាពរបស់រដ្ឋាភិបាល ដែលយកចិត្តទុកដាក់ និងត្រៀមផ្តល់កិច្ចសម្របសម្រួល ព្រមទាំងលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគ។
លោកបានលើកឡើងអំពីគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការបង្កើតក្របខ័ណ្ឌសម្រាប់វិនិយោគិនបរទេស រួមមាន ការដាក់ចេញនូវច្បាប់ស្ដីពីការវិនិយោគ, លិខិតបទដ្ឋានគតិយុត្ត, និងវិធានការចាំបាច់នានា រួមជាមួយនឹងកញ្ចប់វិធានការលើកទឹកចិត្ត ដែលបង្កើតបរិយាកាសវិនិយោគ ដែលមានលក្ខណៈអំណោយផល អាចប៉ាន់ប្រមាណបាន និងសម្បូរបែប។
លោក ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់គណៈប្រតិភូវិនិយោគ បន្តសហការ និងពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីទទួលបានព័ត៌មានបន្ថែម និងអាចស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីសក្ដានុពលវិនិយោគនៅកម្ពុជា៕