ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់កម្ពុជាជំរុញឱ្យមានការផ្សព្វផ្សាយអំពីសក្ដានុពល និងកាលានុវត្តភាពល្អៗ រវាងខេត្តព្រះសីហនុ និងទីក្រុងស៊ែមិន (Xiamen) នៃខេត្តហ្វូជៀន (Fujian) របស់ប្រទេសចិន ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មរវាងខេត្ត និងក្រុងនេះ។
លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានថ្លែងថា៖ «អាស្រ័យដោយខេត្ត និងក្រុងទាំងពីរមានសណ្ឋានភូមិសាស្ត្រស្រដៀងគ្នា ដូច្នេះហើយការផ្សព្វផ្សាយអំពីសក្ដានុពល និងកាលានុវត្តភាពល្អៗ រវាងគ្នានិងគ្នា និងការរៀបចំឱ្យមានវេទិកាផ្គូផ្គងធុរកិច្ច គឺជារឿងដែលប្រពៃបំផុត»។
លោកថ្លែងដូច្នេះក្នុងជំនួបជាមួយគណៈប្រតិភូគណៈកម្មាធិការទីក្រុងXiamen នៃក្រុមប្រឹក្សាសភានយោបាយប្រជាជនចិន ដឹកនាំដោយលោក Wei Keliang ប្រធានគណៈកម្មាធិការនេះ នាថ្ងៃទី២០ សីហា នៅរាជធានីភ្នំពេញ។
ក្នុងជំនួបនេះ លោក Wei Keliang បានលើកឡើងអំពីបច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍របស់ទីក្រុងXiamen ដោយលោកបញ្ជាក់ថា ទីក្រុងនេះជាទីក្រុងឆ្នេរ និងជាទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេស៤ដំបូងរបស់ប្រទេសចិន។
កាលពីថ្ងៃទី១៩ ខែសីហា លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាស្ដីពីការបង្កើតទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងទីក្រុង Xiamen។
យោងតាមសេចក្ដីប្រកាសព័ត៌មានCDC ថ្ងៃទី២០ សីហា បានឱ្យដឹងថា លោក Wei Keliang បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការចុះហត្ថលេខានេះដើម្បីឈានទៅបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្ដោតសំខាន់ទៅលើការគ្រប់គ្រងតំបន់ឆ្នេរ កំពង់ផែ ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) កាលពីថ្ងៃទី១៩ សីហា លោក ម៉ាង ស៊ីណេត បានថ្លែងក្នុងពិធីចុះហត្ថលេខានេះថា ខេត្តព្រះសីហនុជាខេត្តតំបន់ឆ្នេរមានសក្ដានុពលធនធានធម្មជាតិដ៏សម្បូរបែបដែលមានអ្នកវិនិយោគ និងអ្នកទេសចរណ៍ជនជាតិចិនច្រើនជាងគេ។
AKP បានដកស្រង់សំដីលោក Wei Keliang ថា ក្រុងXiamen បានបើកចំហជើងមេឃដែលមានដៃគូចំនួន២២៣ប្រទេស ហើយចំណូលពាណិជ្ជកម្មមាន១៣០ពាន់លានដុល្លារ ហើយក្រុងនេះមានគមនាគមន៍ចម្រុះសម្បូរបែប និងមានទំនាក់ទំនងល្អជាមួយកម្ពុជា។
លោកត្រូវបានស្រង់សំដីថា៖ «ឆ្នាំនេះជាឆ្នាំមិត្តភាពចិន-កម្ពុជា យើងចង់ឱ្យមានទំនាក់ទំនងរវាងខេត្ត ក្រុងសម្ព័ន្ធមេត្រីភាពនៃប្រទេសទាំងពីរបានល្អ ហើយខេត្តព្រះសីហនុ និងទីក្រុងXiamen ជាខេត្ត ក្រុងដែលមានភូមិសាស្ត្រដូចគ្នា មានកិច្ចសហប្រតិបត្តិការគ្រប់គ្រងទៅលើតំបន់ឆ្នេរ»។
បើតាម AKP លោក Wei Keliang សង្ឃឹមថា កិច្ចសហប្រតិបត្តិការជាមួយកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែក្រុងXiamen នឹងកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយលោកបន្ថែមថា ទីក្រុងXiamen ជាទីក្រុងទេសចរណ៍ និងវប្បធម៌ ហើយទីក្រុងនេះធ្វើជាស្ពានផ្សព្វផ្សាយអំពីសក្ដានុពលល្អរបស់ខេត្តព្រះសីហនុដល់អ្នកវិនិយោគ និងទេសចរទីក្រុងXiamen ឱ្យមកកាន់ខេត្តព្រះសីហនុ។
នៅក្នុងជំនួបជាមួយលោក Wei Keliang លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជានាពេលកន្លងមក។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ក្នុងរយៈពេល ៦៦ឆ្នាំមកនេះ ទំនាក់ទំនង និងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន ដែលបានត្រួសត្រាយដោយប្រមុខដឹកនាំជំនាន់មុនៗត្រូវបានបន្តរក្សាយ៉ាងយកចិត្តទុកដាក់ដោយប្រមុខដឹកនាំបច្ចុប្បន្ន ដែលបានជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធស្ទើរគ្រប់វិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ទេសចរណ៍ ព្រមទាំងកិច្ចការថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។
ក្នុងរយៈពេល ៧ខែដំបូងក្នុងឆ្នាំ ២០២៤ ពីខែមករា ដល់ខែកក្កដា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនមានជាង៨,៧ពាន់លានដុល្លារ កើន ២៣ភាគរយ ក្នុងនោះការនាំចេញមានជាង ៩៧៥លានដុល្លារ កើន ១៩,៧ភាគរយ, ការនាំចូលមានជាង ៧,៧ពាន់លានដុល្លារ កើនឡើង ២៣,៤ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕