ភ្នំពេញ៖ ពេលប្រជាជាតិនៅតំបន់អាស៊ីអាគ្នេយ៍បង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងស្ថិរភាព គំនិតផ្តួចផ្តើមដែលដឹកនាំដោយរដ្ឋាភិបាល ដូចជា តំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ត្រូវបានបង្កើតឡើងដោយផ្ដោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការតភ្ជាប់ក្នុងតំបន់ព្រំដែន។
CLV-DTA ជាផ្នែកមួយនៃបណ្តាញទូលំទូលាយនៃគម្រោងក្នុងតំបន់ ដោយមានលំនាំការអភិវឌ្ឍន៍ស្រដៀងគ្នានៅតាមបណ្ដាប្រទេស ពីប្រទេសថៃទៅដល់អូស្ត្រាលីក្នុងការអភិវឌ្ឍន៍ព្រំដែនរួមគ្នា។
គំនិតផ្តួចផ្តើមទាំងនេះមានសារៈសំខាន់ក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់គុណភាពជីវិតនៅទូទាំងអាស៊ីអាគ្នេយ៍ រួមចំណែកដល់ចក្ខុវិស័យទូលំទូលាយចំពោះទំនាក់ទំនង និងរីកចម្រើន។
តំបន់ត្រីកោណសេដ្ឋកិច្ចឥណ្ឌូនេស៊ី-ម៉ាឡេស៊ី-ថៃ (IMT-GT)
IMT-GT ត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ១៩៩៣ អំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុង ឡាកាវី ប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Tun Dr. Mahathir Mohammad ដោយមានការគាំទ្រពីប្រធានាធិបតីឥណ្ឌូនេស៊ី Suharto និងនាយករដ្ឋមន្ត្រីថៃ Chuan Leekpai។
យោងតាមគេហទំព័រផ្លូវការ imt-gt បានបង្ហាញថា៖ «IMT-GT មានគោលបំណងពន្លឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មក្នុងចំណោមសមាជិក និងខេត្តនានា ដោយលើកកម្ពស់កំណើនដែលដឹកនាំដោយវិស័យឯកជនតាមរយៈការប្រើប្រាស់អត្ថប្រយោជន៍ក្នុងតំបន់»។
គំនិតផ្តួចផ្តើមនេះផ្តោតលើសសរស្តម្ភជាយុទ្ធសាស្ត្រចំនួន៧៖ កសិកម្ម និងឧស្សាហកម្មផ្អែកលើកសិឧស្សាហកម្ម ទេសចរណ៍ និងផលិតផល និងសេវាកម្មហាឡាល់ ការដឹកជញ្ជូន និងការតភ្ជាប់ ICT ការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ បរិស្ថាន និងការអភិវឌ្ឍន៍ធនធានមនុស្ស។
សមិទ្ធផលសំខាន់ៗមួយរបស់ IMT-GT គឺការអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ច ដែលបានពង្រឹងពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការតភ្ជាប់រូបវ័ន្ត។
ក្រុមប្រឹក្សាធុរកិច្ចរួមដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ នឹងបង្កើនការវិនិយោគផ្ទាល់ពីបរទេស (FDI) ដល់ IMT-GT នូវទឹកប្រាក់ ១៦ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៦ (២០១៧-២០១៩: ១១ពាន់លានដុល្លារក្នុងមួយឆ្នាំ ជាមធ្យម ៣ ឆ្នាំ)។
ការស្រាវជ្រាវពាក់កណ្តាលអាណត្តិនៃផែនទីបង្ហាញផ្លូវ (IMT-GT) (២០០៧-២០១១) ដែលធ្វើឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗក្នុងការបង្កើតបណ្តាញធុរកិច្ច ការលើកកម្ពស់ទេសចរណ៍រួមគ្នា និងការចាប់ផ្តើមគម្រោងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ផលិតផល និងសេវាកម្មហាឡាល់ ដោយផ្តោតលើការកសាងសមត្ថភាព និងឱកាសទីផ្សារនៅក្នុងអនុតំបន់។
ទោះបីជាមានការរីកចម្រើននេះក៏ដោយ IMT-GT បានប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងការពន្យារពេលក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការសម្រាប់ការតម្រឹមកាន់តែខ្លាំងរវាងគោលដៅយុទ្ធសាស្ត្រ និងការអនុវត្តគម្រោង។
តំបន់ត្រីកោណសេដ្ឋកិច្ចឥណ្ឌូនេស៊ី-ម៉ាឡេស៊ី-សិង្ហបុរី (SIJORI)
តំបន់ត្រីកោណសេដ្ឋកិច្ច SIJORI បង្កើតឡើងក្នុងឆ្នាំ១៩៩៤ តភ្ជាប់ប្រទេសសិង្ហបុរី ចូហូ ក្នុងប្រទេសម៉ាឡេស៊ី និងកោះ Riau ក្នុងប្រទេសឥណ្ឌូនេស៊ី ជាពិសេសកោះ Batam, Bintan និង Karimun (BBK)។
គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងដើម្បីបញ្ចូលគ្នានូវភាពខ្លាំងខាងសេដ្ឋកិច្ចនៃតំបន់ទាំងបីនេះ រួមទាំងជំរុញកំណើនហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធរបស់សិង្ហបុរី ធនធានដីធ្លី និងកម្លាំងពលកម្មរបស់ Johor ក៏ដូចជាទីតាំងយុទ្ធសាស្ត្រ និងធនធាន ធម្មជាតិរបស់កោះ Riau ដើម្បីបង្កើតបរិយាកាសប្រកួតប្រជែងបន្ថែមទៀតសម្រាប់ការវិនិយោគ និងកំណើនសេដ្ឋកិច្ច។
យោងតាមសារព័ត៌មាន The Journal ទិនានុប្បវត្តិនៃការសិក្សាអំពីសមុទ្រនិងសមាហរណកម្មជាតិ លោក Xu Xiaodong នៃសាកលវិទ្យាល័យ Guangxi Normal គូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗនៃ SIJORI។
The Journal ចេញផ្សាយក្នុងឆ្នាំ ២០១៩ បាននិយាយថា៖ «សិង្ហបុរីធានាបាននូវធនធានសំខាន់ៗ ដូចជាទឹកសាប និងឧស្ម័នធម្មជាតិពី Johor និង Riau ផ្លាស់ប្តូរទីតាំងឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មទៅកាន់តំបន់ទាំងនេះ ហើយបានផ្តល់មូលនិធិដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងកំពង់ផែ អាកាសយានដ្ឋាន និងកន្លែងឧស្សាហកម្ម»។
កិច្ចសហការនេះបានជួយសម្រួលដល់លំហូនៃមូលធន កម្លាំងពលកម្ម និងបច្ចេកវិទ្យាឆ្លងកាត់ព្រំដែន ជំរុញកំណើនសេដ្ឋកិច្ចនៃកោះ Johor និងកោះ Riau។
SIJORI បានឃើញការអភិវឌ្ឍន៍សំខាន់ៗ ដូចជាការកំណត់ Batam Bintan និង Karimun ជាតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដោយប្រទេសឥណ្ឌូនេស៊ី ក្នុងគោលបំណងទាក់ទាញការវិនិយោគពីបរទេស និងជំរុញសេដ្ឋកិច្ចក្នុងស្រុក។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈម ដូចជា កំណើនមិនស្មើគ្នា និងការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មយឺតនៅ Johor និងកោះ Riau បានរារាំងសក្តានុពលពេញលេញនៃគំនិតផ្តួចផ្តើមនេះ។
តំបន់ត្រីកោណសេដ្ឋកិច្ចទីម័រខាងកើត-ឥណ្ឌូនេស៊ី-អូស្ត្រាលី (TIA-GT)
TIA-GT ដំណើរការក្នុងឆ្នាំ២០១២ មានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍន៍រួមបញ្ចូលគ្នារវាងតំបន់ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី តំបន់ខាងជើងនៃប្រទេសអូស្ត្រាលី និងទីម័រខាងកើត។
គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងដើម្បីទាក់ទាញការវិនិយោគ អភិវឌ្ឍន៍ឧស្សាហកម្មផលិតកម្ម និងលើកកម្ពស់ធនធានមនុស្សនៅប្រទេសទាំងបី បន្ទាប់ពីជំនួបរវាងប្រធានាធិបតីឥណ្ឌូនេស៊ី Susilo Bambang Yudhoyono នាយករដ្ឋមន្ត្រីអូស្ត្រាលី Julia Gillard និងនាយករដ្ឋមន្ត្រីទីម័រខាងកើត Xanana Gusmao។
កិច្ចខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ រួមមានការពិភាក្សាលើការបង្កើត «ផ្លូវទេសចរណ៍» រវាងកោះបាលី និងដាវីន និងការគាំទ្ររបស់អូស្ត្រាលីសម្រាប់ការចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត។
យោងតាមការសិក្សា «ការពង្រឹងកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មរវាងប្រទេសឥណ្ឌូនេស៊ី និងទីម័រខាងកើត៖ ការសិក្សាវិសាលភាព» ដែលបោះពុម្ពដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងខែកក្កដា ឆ្នាំ២០១៩ គម្រោងនេះផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងការកែលម្អការតភ្ជាប់រវាងប្រទេសឥណ្ឌូនេស៊ី និងទីម័រខាងកើត ជាពិសេស នៅក្នុងវិស័យទេសចរណ៍ និងបសុសត្វ។
ការសិក្សានេះ បានបង្ហាញថា៖ «សមិទ្ធផលសំខាន់ៗ រួមមានការលើកកម្ពស់គំនិតផ្តួចផ្តើមទេសចរណ៍រួមគ្នាដូចជា «កោះមួយ ប្រជាជាតិពីរ» ការពង្រឹងពាណិជ្ជកម្មសត្វពាហនៈតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យសុខភាពរួម និងកម្មវិធីពាណិជ្ជករដែលគួរឱ្យទុកចិត្ត ការលើកកម្ពស់ការតភ្ជាប់ផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាស និងការគាំទ្រដល់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម តាមរយៈភាពជាដៃគូឆ្លងព្រំដែន និងសេវាកម្មហិរញ្ញវត្ថុ»។
តំបន់សេដ្ឋកិច្ចអាស៊ានខាងកើត៖ ប្រ៊ុយណេដារូសាឡឹម-ឥណ្ឌូនេស៊ី-ម៉ាឡេស៊ី-ហ្វីលីពីន (BIMP-EAGA)
BIMP-EAGA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍន៍នៅក្នុងតំបន់ដែលមិនសូវមានការអភិវឌ្ឍន៍នៃប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន។
វាជាតំបន់អេកូឡូស៊ីសំខាន់ៗ ដូចជា កោះ Borneo ជាព្រៃជាប់គ្នាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងសមុទ្រ Sulu-Sulawesi មានជីវចម្រុះផ្កាថ្ម។
BIMP-EAGA បានបើកដំណើរការនៅទីក្រុង Davao ផ្តោតលើកំណើនប្រកបដោយតុល្យភាព រួមបញ្ចូលការរួមចំណែកដល់សមាហរណកម្មតំបន់អាស៊ាន។ វាលើកកម្ពស់កំណើនដែលដឹកនាំដោយវិស័យឯកជនតាមរយៈការដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលបទប្បញ្ញត្តិដើម្បីលើកទឹកចិត្តការវិនិយោគ។
តាមភូមិសាស្ត្រ BIMP-EAGA រួមមាន ប្រ៊ុយណេ ផ្នែកខ្លះនៃប្រទេសឥណ្ឌូនេស៊ី (Kalimantan, Sulawesi, Maluku, West Papua) ម៉ាឡេស៊ី (Sabah, Sarawak, Labuan) និងហ្វីលីពីន (Mindanao, Palawan) ដែលគ្របដណ្តប់ ៦០ភាគរយនៃផ្ទៃដី។
យោងតាម bimp-eaga បានឱ្យដឹងថា៖ «គិតត្រឹមឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់ BIMP-EAGA បានកើនឡើង ៧,៧ភាគរយ ជាមួយនឹងការកើនឡើងយ៉ាងសំខាន់នៅក្នុង GDP ពាណិជ្ជកម្ម និងការវិនិយោគ»។
គំនិតផ្តួចផ្តើមនេះបានបោះជំហានយ៉ាងសំខាន់ក្នុងការបង្កើនការតភ្ជាប់ និងជំរុញភាពជាដៃគូយុទ្ធសាស្ត្រ។ ចក្ខុវិស័យឆ្នាំ ២០២៥ របស់ BIMP-EAGA គាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី មានគោលបំណងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍ គ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព និងពង្រឹងការតភ្ជាប់ក្នុងតំបន់។
យោងតាម BIMP-EAGA's Vision 2025 បានបង្ហាញថា៖ «ការផ្តោតសំខាន់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាអាទិភាព និងទេសចរណ៍ប្រកបដោយនិរន្តរភាពបានកំណត់វាថាជាតួអង្គសំខាន់ក្នុងការអភិវឌ្ឍន៍ក្នុងតំបន់ រួមចំណែកដល់គោលដៅទូលំទូលាយរបស់អាស៊ាននៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងកំណើនប្រកបដោយនិរន្តរភាព»។
តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)
តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយផ្សេងទៀតនៅក្នុងបណ្តាញនៃគម្រោងកំណើនក្នុងតំបន់នេះ។
វាមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការថែទាំសុខភាព ការអប់រំ និងសន្តិសុខក្នុងចំណោមតំបន់ដែលពាក់ព័ន្ធ។
ក្នុងនោះមានខេត្តមកពីប្រទេសកម្ពុជា ឡាវ និងវៀតណាម ជាតំបន់នៃកិច្ចសហប្រតិបត្តិការរួមមានខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ និងមណ្ឌលគិរី នៃប្រទេសកម្ពុជា និងខេត្តអាតតាប សាលាវ៉ាន់ សេកុង និងចំប៉ាសាក់ក្នុងប្រទេសឡាវ ព្រមទាំងខេត្តកុនទុម ខេត្ដហ្គៀ លៃ ខេត្ដដាកឡាក់ ខេត្ដដាកណុង និងប៊ិញ ភុក នៅវៀតណាម។
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះគោរពអធិបតេយ្យភាពរបស់ប្រទេសនីមួយៗដោយមិនកែប្រែព្រំដែន។
នៅខែធ្នូ ឆ្នាំ២០២៣ សភានៃប្រទេសទាំងបីបានបើកកិច្ចប្រជុំលើកដំបូងរបស់ពួកគេនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ហើយនៅខែមីនា ឆ្នាំ២០២៤ «ផែនការមេសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃ CLV-DTA ឆ្នាំ២០៣០» ត្រូវបានបញ្ចប់ ហើយនឹងត្រូវបានពិនិត្យឡើងវិញនៅកិច្ចប្រជុំកំពូល CLV- DTA លើកទី១២ នៅកម្ពុជា។
CLV-DTA មានការវិនិយោគយ៉ាងសំខាន់ ដោយគ្រាន់តែសហគ្រាសវៀតណាមបានរួមចំណែកជាង ៣,៧ ពាន់លានដុល្លារលើគម្រោងចំនួន ១១០ នៅក្នុងតំបន់។
យោងតាមវេបសាយ VnEconomy របស់វៀតណាមដែលបានចេញផ្សាយក្នុងខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា៖ «បច្ចុប្បន្ននេះ វៀតណាមកំពុងវិនិយោគលើគម្រោងចំនួន ១១០ នៅក្នុងខេត្តឡាវ និងកម្ពុជា ដែលស្ថិតនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) ជាមួយនឹងការវិនិយោគជាង ៣,៧ ពាន់លានដុល្លារ ឬស្មើនឹង ២៤ ភាគរយនៃចំនួនគម្រោង និង ៤៤ ភាគរយ ការវិនិយោគសរុបនៅក្នុងប្រទេសទាំងពីរ»។
ប្រភពដដែលបន្តថា៖ «ទាំងនេះមាន៦៥គម្រោងក្នុងប្រទេសឡាវដែលមានដើមទុនជាង ២ពាន់លានដុល្លារ និង៤៥គម្រោងនៅកម្ពុជាដែលមានដើមទុនជិត១,៧ពាន់លានដុល្លារ»។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល ពន្យល់បកស្រាយអំពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា CLV-DTA នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាកាលពីថ្ងៃទី ៨ ខែសីហា ដែលប្រជាពលរដ្ឋមួយចំនួនមានមន្ទិលសង្ស័យថាអាចធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី។
លោកស្រីបានថ្លែងថា៖ «យើងមិនបាត់បង់ទឹកដីទេ ហើយយើងក៏មិនបាត់បង់អធិបតេយ្យភាពរបស់យើងដែរ។ ប្រទេសនីមួយៗបន្តអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួន»។
លោកស្រីបន្ដថា៖ «ចុះបើសួរថា អភិវឌ្ឍភូមិឃុំរបស់ខ្លួនឯងដដែល ចាយលុយរបស់ខ្លួនឯងដដែល ទៅចូលក្នុង CLV-DTA ធ្វើអី? បានប្រយោជន៍អី? ចម្លើយគឺងាយស្រួលទេ គឺជាការបន្ថែមនូវអត្ថប្រយោជន៍និងពង្រឹងប្រសិទ្ធភាពនៃការតភ្ជាប់គ្នា»។
ការវិនិយោគរវាងរដ្ឋ និងឯកជន រួមជាមួយនឹងដៃគូអភិវឌ្ឍន៍ ដូចជា ធនាគារពិភពលោក ADB និង USAID គឺជាកត្តាសំខាន់សម្រាប់ភាពជោគជ័យនៃគម្រោងទាំងនេះ។
លោកស្រី និម្មល បានបន្ថែមថា៖ «គម្រោង CLV DTA នេះគឺជាការបន្ថែមនូវប្រសិទ្ធភាពតភ្ជាប់នៃគម្រោងជាមួយគ្នាតែប៉ុណ្ណឹងឯង។ ដូច្នេះហើយ ការតភ្ជាប់គម្រោងជាមួយគ្នានេះវាសម្រួលដល់ពាណិជ្ជកម្ម»។។
ទោះបីជាមានសមិទ្ធផលរបស់ខ្លួនក៏ដោយ CLV-DTA បានប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងការភ័យខ្លាចជាសាធារណៈអំពីការបាត់បង់ទឹកដី និងតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ដើម្បីដោះស្រាយបញ្ហា ដូចជាឧក្រិដ្ឋកម្មឆ្លងដែន និងគ្រោះមហន្តរាយធម្មជាតិជាដើម។
ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីចលនាដែលមិនមានការរឹតបន្តឹងក្នុងបណ្តាប្រទេស CLV លោកស្រីបានធានាថា ខណៈដែលកិច្ចព្រមព្រៀងជួយសម្រួលដល់ចលនាទំនិញ និងមនុស្ស វាទាមទារឱ្យមានការអនុលោមតាមច្បាប់ដែលមានស្រាប់។
លោកស្រីបានចង្អុលបង្ហាញថា៖ «នៅក្នុងអាស៊ាន យើងត្រូវការតែលិខិតឆ្លងដែនរបស់យើងដើម្បីធ្វើដំណើរទៅកាន់ប្រទេសចំនួនប្រាំបួនផ្សេងទៀតដោយមិនចាំបាច់ស្នើសុំទិដ្ឋាការជាមុន»។
«ផែនការមេសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃ CLV-DTA ឆ្នាំ ២០៣០» ដែលបានបញ្ចប់ក្នុងខែមីនា ឆ្នាំ ២០២៤ នឹងដឹកនាំទិសដៅអនាគតរបស់គំនិតផ្តួចផ្តើមនេះ ដោយធានានូវកិច្ចសហប្រតិបត្តិការ និងកំណើនជាបន្តបន្ទាប់នៅក្នុងតំបន់។
ប្រព័ន្ធផ្សព្វផ្សាយនានាជុំវិញ CLV
ប្រព័ន្ធផ្សព្វផ្សាយវៀតណាម Baomoi បានឱ្យដឹងថា CLV-DTA ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់តំបន់និមួយៗ និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងអាស៊ាន។
កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានចូលរួមនៅក្នុងគំនិតផ្តួចផ្តើម ដូចជា កិច្ចប្រជុំកំពូល CLMV និងគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI) ដើម្បីសម្រេចបាននូវវិបុលភាព និងសមភាពសេដ្ឋកិច្ចរួមគ្នាជាមួយប្រជាជាតិអាស៊ានដទៃទៀត។
យោងតាមកាសែត Baomoi របស់ប្រទេសវៀតណាម ចេញផ្សាយថ្ងៃទី ២១ ខែសីហា បានឱ្យដឹងថា៖ «CLV-DTA ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្រួមគម្លាតនេះ តាមរយៈការបង្កើនការតភ្ជាប់ ជំរុញកំណើន និងការបង្កើនឱកាសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍»។
កាសែតវៀតណាមបានបន្ដថា៖ «ទោះជាយ៉ាងណាក៏ដោយ វាប្រឈមមុខនឹងបញ្ហា ដូចជា ឧក្រិដ្ឋកម្មឆ្លងដែន និងគ្រោះធម្មជាតិ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការឆ្លងព្រំដែនក្នុងសន្តិសុខ និងការឆ្លើយតបគ្រោះមហន្តរាយ»។
តាមរយៈការសហការលើផ្នែកទាំងនេះ ដៃគូ CLV-DTA អាចការពារផលប្រយោជន៍សេដ្ឋកិច្ច ធ្វើឱ្យប្រសើរឡើងនូវភាពធន់របស់សហគមន៍ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង ៣។
CLV-DTA ជាឧទាហរណ៍អំពីរបៀបដែលកិច្ចសហប្រតិបត្តិការក្នុងតំបន់អាចនាំទៅរកផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងសន្តិសុខ ដោយពង្រឹងសារៈសំខាន់នៃសេចក្តីប្រាថ្នារួមគ្នាសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
កាសែត Hanoi Times បានផ្សាយថា វៀតណាម កម្ពុជា និងឡាវ បានកំណត់ទិសដៅសេដ្ឋកិច្ចរួមគ្នាតាមរយៈតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) សម្រាប់ឆ្នាំ ២០២១-២០៣០។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងលោក Thongloun Sisoulith អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងនាយករដ្ឋមន្ត្រីឡាវ បានពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំត្រីភាគីដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិតកាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១។
យោងតាមកាសែត Hanoi Times របស់វៀតណាមបានឱ្យដឹងថា៖ «គំនិតផ្តួចផ្តើមដែលបានចាប់ផ្តើមនៅឆ្នាំ១៩៩៩ និងពង្រីកនៅឆ្នាំ២០០៩ មានគោលបំណងធ្វើសមាហរណកម្ម និងនិរន្តរភាពកំណើនសេដ្ឋកិច្ចនៅទូទាំងប្រទេសទាំងបី»។
មេដឹកនាំនៃប្រទេសទាំងបីបានប្តេជ្ញាកសាងសេដ្ឋកិច្ច CLV ប្រកបដោយវិបុលភាព ស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។
យោងតាមសារព័ត៌មានឡាវ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១៣ បានប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅខេត្ត Attaphu។
កាសែត Media Laos បានចេញផ្សាយ ថ្ងៃទី៤ ខែ មីនា ឆ្នាំ២០២៤ ថា កិច្ចប្រជុំបានពិនិត្យលទ្ធផលសំខាន់ៗពីកិច្ចប្រជុំកំពូលមុនៗ ក្រោមការដឹកនាំដោយរដ្ឋមន្ត្រីមកពីប្រទេសឡាវ កម្ពុជា និងវៀតណាម កិច្ចប្រជុំបានអនុម័តលើផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងផែនការតភ្ជាប់សេដ្ឋកិច្ចរហូតដល់ឆ្នាំ២០៣០ និងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។
ប្រព័ន្ធផ្សព្វផ្សាយនេះបានបន្ដថា៖ «កិច្ចប្រជុំនេះក៏រួមបញ្ចូលផងដែរនូវសកម្មភាពពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ រួមជាមួយនឹងវេទិកាយុវជន CLV»។
យោងតាមការផ្សាយរបស់ The Better របស់ថៃ បានឱ្យដឹងថា ថ្មីៗនេះ នយោបាយកម្ពុជាជួបបញ្ហារំជើបរំជួលដោយពាក្យចចាមអារ៉ាមថា រដ្ឋាភិបាលដឹកនាំដោយគ្រួសារ ហ៊ុន បានប្រគល់ខេត្តភាគខាងកើតចំនួនបួន រួមមាន រតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ឱ្យទៅវៀតណាម។
ប្រព័ន្ធផ្សព្វផ្សាយភាសាថៃបានបន្ដថា៖ «ខេត្តទាំងនេះសម្បូរដោយព្រៃឈើ និងមានប្រជាជនតិចតួចត្រូវបានគេស្គាល់ជាប្រវត្តិសាស្ត្រថាជា 'ព្រៃខ្មែរ' និងមានទំនាក់ទំនងជាមួយប្រទេសសៀម»។
ដំណឹងនេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាច្រើនភ័យខ្លាចរដ្ឋាភិបាលលក់ប្រទេស។ ក្រុមអ្នករិះគន់គ្រួសារ ហ៊ុន ដែលចោទថាបានកេងប្រវ័ញ្ចជាតិដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បានបន្ដផ្សព្វផ្សាយចចាមអារ៉ាមទាំងនេះ។
កាសែតដដែលបានបន្ដថា យ៉ាងណាក៏ដោយ រដ្ឋាភិបាលបដិសេធការចោទប្រកាន់ទាំងនេះ ដោយបញ្ជាក់ថា ខេត្តទាំងនោះគ្រាន់តែជាផ្នែកមួយនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍រួមប៉ុណ្ណោះ៕