ភ្នំពេញៈ បើ​ទោះ​បី​ជា​ដំណាំស្រូវ​ខ្លះ​កំពុង​តែ​ជួប​ប្រទះ​ការ​ប្រែប្រួល​អាកាសធាតុ និង​សត្វ​ល្អិត​បំផ្លាញ​មួយ​ចំនួន​យ៉ាង​ណា​​ក៏​ដោយ ក៏​បញ្ហា​ទាំង​នោះ​មិន​បង្ក​ផល​ប៉ះពាល់​ទៅ​ដល់​ផលិតកម្ម​ស្រូវ និង ការ​នាំ​ចេញ​ស្រូវ​អង្ករ​នោះដែរ​ក្នុង​ឆ្នាំ​២០២៤​នេះ។

ការ​បង្ក​បង្កើន​ផល​ដំា​ណំា​ស្រូវ​ក្នុង​ឆ្នាំ​នេះ បាន​នឹង​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​មួយ​ចំនួន​ដូចជា សត្វល្អិត​បំផ្លាញ គ្រោះ​ទឹក​ជំនន់ គ្រោះ​រាំងស្ងួត និង​កសិករ​ខ្លះ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​មិន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​ជាដើម។ ទោះយ៉ាងណា អនុរដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំពាក្យ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឃឹម ហ្វីណង់ បាន​លើក​ឡើង​ថា កត្តា​ទាំង​អស់​នេះ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ផលិតកម្ម និង​បរិមាណ​នាំ​ចេញ​ស្រូវ ឬ​អង្ក​របស់​កម្ពុជា​នោះ​ឡើយ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​មិន​មាន​ការ​ព្រួយ​បារម្ភ​ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ផលិតកម្ម​ស្រូវ ហើយ​នឹង​ការ​នាំ​ចេញ​អង្ករ​របស់​យើង​ទេ។ យើង​ឃើញ​ថា ផល​ប៉ះពាល់​វាមាន ប៉ុន្តែ​វា​ស្ថិត​ក្នុង​កម្រិត​មួយ​តិចតួច​នៅ​ឡើយ។ មិន​ថា ការ​ប៉ះពាល់​ពី​រុយស ឬ​ក៏​គ្រោះ​ទឹក​ជំនន់​ទេ គិត​ជា​ភាគរយ គឺ​តិច​ទេ»។ 

លោក​បន្ថែម​ថា៖ «ផល​ប៉ះពាល់​វាខុស​ពី​ការ​ខូចខាត។ ផល​ប៉ះពាល់​មាន​តែ​ការ​ខូតខាត យើង​អត់​ទាន់​សន្និដ្ឋាន​បាន​ទេ។ ដូច​ប៉ុន្មាន​ថ្ងៃនេះ មាន​គ្រោះរាំង​ស្ងួត បើ​វា​បន្ត​អត់​ភ្លៀង អាហ្នឹង​បានឈាន​ដល់​ដំណាក់​កាល​ខូចខាត។ បើ​តាម​ការ​ព្យាការណ៍​នឹង​មាន​ភ្លៀង​ធ្លាក់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​ ដូច្នេះ​យើង​នឹង​តាម​មើល​ដូចគ្នា»។ 

លោកបន្តថា នា​ពេល​បច្ចុប្បន្ន​នេះ មន្រ្តី​របស់​ក្រសួង​កសិកម្ម​កំពុង​តែ​ចុះ​ធ្វើ​កិច្ចអន្តរាគមន៍​នូវគ្រប់ទី​កន្លែង​ ដែល​មាន​ផល​ប៉ះ​ពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​បំផ្លាញ​ពី​សត្វ​ល្អិត​ចង្រៃ​ទាំង​នោះ។

លោក​បញ្ជាក់​ថា៖ «ហើយ​ក្រសួង​ក៏​កំពុង​តែ​បន្ត​ការ​តាម​ដាន​មើល។ គ្រាន់តែ​យើង​គិត​ថា វា​មិន​ប៉ះពាល់​ដល់​បរិមាណ​នាំ​ចេញ​នោះ​ទេ ដោយសារ​តែ ផល​ប៉ះពាល់ និង​ការ​ខូចខាត​មាន​ទំហំ​តិច ហើយ​យើង​បាន​បង្កើន​ផលិតកម្ម​យើង​តាំងពី​ដើម​ឆ្នាំ​រួច​ទៅ​ហើយ»។ 

កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន ៣៧៩ ៥៤៦ តោន គិតជា​ទឹក​ប្រាក់​បាន​ចំនួន ២៨០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​៧ខែ នៃ​ឆ្នាំ​ ២០២៤​នេះ។ ការ​នាំ​ចេញ​នោះ​គឺ​ធ្វើឡើង​តាម​រយៈក្រុមហ៊ុន​នាំចេញ​អង្ករ​ចំនួន ៥៣ក្រុមហ៊ុន ទៅ​កាន់​គោលដៅ​ចំនួន ៦៤។ ក្នុង​នោះ​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​ចំនួន ២៦ ​ដែល​មាន​បរិមាណ​អង្ករ​ចំនួន ១៨៦ ៣៧៧តោន គិតជា​ទឹក​ប្រាក់​ចំនួន ១៤៤.៩២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ក្រៅពីនោះ នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ​រួមទាំង ហុងកុង និង ម៉ាកាវ ចំនួន ៧៧ ២០៤តោន គិត​ជា​ទឹក​ប្រាក់​ចំនួន​ ៤៨.២៨​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក, ប្រទេស​ក្នុង​អាស៊ាន រួម​ទាំង ទីម័រខាងកើត ចំនួន ៧​ប្រទេស​បាន​បរិមាណ​ចំនួន ៧៧ ៩៣៣ តោន​ គិត​ជា​ទឹក​ប្រាក់​ចំនួន ៥៣.៥៨លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ទៅ​កាន់​គោលដៅ ២៨​ប្រទេស​ផ្សេង​ទៀត​មាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បាន​ចំនួន ៣៨ ០៣២ តោន គិត​ជា​ទឹក​ប្រាក់​ចំនួន ៣៣.១៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លើស​ពី​នោះ ប្រទេស​កម្ពុជា​ក៏​បាន​នាំ​ចេញ​ស្រូវ​ចំនួន ២ ៧១១ ១៧៩តោន​ទៅ​កាន់​ប្រទេស​ជិត​ខាង ដែល​គិត​ជា​ទឹក​ប្រាក់​​​បាន​ប៉ាន់​ប្រមាណ​ជាង ៧៨៤,៦០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ក្នុង​នោះ ៨០.៥០ភាគរយ បាន​នាំ​ចេញ​ដោយ​ឆ្លង​កាត់​ការ​ស្នើសុំ​ការ​បញ្ជាក់​ឯកសារ​នាំ​ចេញ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក​ សុទ្ធ គឹមកុលមុនី ​បាន​ឱ្យ​ដឹង​ថា ក្រៅពី​រងគ្រោះ​ដោយសារ​តែ​ជំនន់​ទឹក​ភ្លៀង​នា​ពេល​កន្លង​មកថ្មីៗ​នេះ ខេត្ត​មួយ​ចំនួន​ក៏​កំពុង​តែ​ទទួល​រងផល​ប៉ះ​ពាល់​ពីគ្រោះ​រាំង​ស្ងួត​ផងដែរ។ ក្នុង​នោះ ខេត្ត​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​មាន ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ។

លោក​បន្ត​ថា ខេត្ត​បន្ទាយមានជ័យ មក​ដល់​ពេល​នេះ ដំណាំ​ស្រូវ​ដែល​ប៉ះពាល់​សរុប​មាន ២៧ ០៣៣ហិកតា ដែល​បណ្តា​ល​ឱ្យ​ខូចខាត​សរុប​ចំនួន​ ២ ៥២៣​ហិកតា លើ​ផ្ទៃដី​បង្ក​បង្កើន​ផល​សរុប​ទូទាំង​ខេត្ត​ចំនួន ២៧០ ១៦២ហិកតា។ លើស​ពី​នោះ ដំណាំ​ពោត​សរុប ៤៦១​ហិកតា​ក៏​ត្រូវ​បាន​ប៉ះពាល់ និង​ខូច​ចំនួន ២២៣​ហិកតា​ផងដែរ។

លោក​បញ្ជាក់​ថា៖ «ខាង​មន្ទីរ​ធនធាន​ទឹក និង​ជំនាញ​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ជួយ​អន្តរាគមន៍។ នៅ​តំបន់​ណា​ដែល​មាន​ទឹក គឺ​បូម​ដាក់។ ក្នុង​រយៈពេល ៤ ឬ ៥​ថ្ងៃ​នេះ ប្រសិន​បើ​ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ តំបន់​ដែល​អត់​មាន​ប្រភព​ទឹក គឺ​អាច​នឹង​​ប៉ះពាល់ និង​ខូច​ខាត​បន្ត​កើន​ឡើង​ទៀត។ តែ​ក្នុង​រយៈពេល​នេះ បើ​មាន​ភ្លៀង​ធ្លាក់​នឹង​អាច​ជួយ​សង្រ្គោះ​ស្រូវ​បាន​ប្រសើរ​ឡើង​វិញ​ខ្លះ»។

រីឯ ​នៅ​ខេត្ត​ឧត្តរមានជ័យ​វិញ ផ្ទៃដី​ដំណាំ​ស្រូវ​សរុប​ចំនួន ៤ ៣៩១ហិកតា​ ស្មើនឹង​២១,៩២ភាគរយ​លើ​ផ្ទៃ​ដីបង្ក​បង្កើន​ផល​សរុប ២០ ០៣០ហិកតា​រង​ផល​ប៉ះពាល់ និង​ខូត​ទាំង​ស្រុង​ចំនួន ៥៩០ហិកតា។ មន្រ្តី​អាជ្ញាធរ​ពាក់​ព័ន្ធក៏​បាន​បូម​ទឹក​សង្រ្គោះ​ស្រូវ​បាន​ចំនួន ៨០០​ហិកតាផងដែរ៕