ខេត្ត​កំពង់​ស្ពឺ​ទទួល​បាន​គម្រោង​វិនិយោគ​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ ៩៥ គម្រោង​ក្នុង​ចំណោម​គម្រោង​វិនិយោគ​ចំនួន​ ជិត​៤០០ នៅ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង ៧,៥​ពាន់​លាន​ដុល្លារ​អាមេរិក។

ក្នុង​រយៈ​ពេល១​ឆ្នាំ គិត​ចាប់​ពី​ខែ​កញ្ញា ​ឆ្នាំ​២០២៣ ដល់​ខែ​សីហា ឆ្នាំ២០២៤ ដែល​ជា​ឆ្នាំ​ដំបូង​នៃ​រាជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ​៣៩១ គម្រោង ​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង ៧,៥​ពាន់​លាន​ដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការងារ​បាន​ប្រមាណ​ជាង​ ៣៤ ម៉ឺន​កន្លែង។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ថ្ងៃទី​២៨ ខែ​សីហា។

ចំនួន​គម្រោង​វិនិយោគ​នេះ​បង្ហាញ​ពី​ការ​កើន​ឡើង​ចំនួន​ ១៦៨ ​គម្រោង ខណៈ​ទុន​វិនិយោគ​ក៏​បាន​កើន​ឡើង​ចំនួន​ ៤៦៧២​លាន​ដុល្លារ​ ស្មើ​នឹង​ប្រមាណ១៦១ ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​១​ឆ្នាំ​ចុង​ក្រោយ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ថ្លែង​ថា៖ «ការ​កើន​ឡើង​យ៉ាង​គំហុក​នេះ​ គឺ​ដោយ​សារ​វត្តមាន​នៃ​គម្រោង​ថ្មី​នៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ, វិស័យ​ឧស្សាហកម្ម, វិស័យ​ទេសចរណ៍ និង​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស»។

ក្នុង​ចំណោម​គម្រោង​ដែល​លេច​ធ្លោ​រួម​មាន​ទាំង​អាជីវកម្ម​សណ្ឋាគារ​ផ្កាយ​៥​ ​មាន​បន្ទប់​ចំនួន​ ២៨៧០​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​នៅ​ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះសីហនុ ក្នុង​ទុន​វិនិយោគ​ប្រមាណ​៥៧៤​លាន​ដុល្លារ​ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៣៨៦០​កន្លែង។ លើស​ពី​នេះ​ក៏​មាន​គម្រោង​សាង​សង់​វារីអគ្គិសនី​ស្ទឹង​មេទឹក​ មាន​អានុភាព​១៥០ មេហ្គាវ៉ាត់​ តាម​រូបភាព​សាងសង់ ប្រតិបត្តិការ​ និង​ផ្ទេរ (BOT) នៅ​ស្ទឹង​មេទឹក ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ក្នុង​ទុន​វិនិយោគ​​ជាង ៤៤០​លាន​ដុល្លារ​ផងដែរ។

បន្ថែម​ពីលើ​នេះ គម្រោង​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក៏​មាន​ការ​កើន​ឡើង​ដែរ ដែល​មាន​ទឹក​ប្រាប់​ជាង​១​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ជា​ច្រើន​ពាន់​កន្លែង។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បញ្ជាក់​ថា៖ «ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​នេះ​ ប្រភព​ទុន​វិនិយោគ​មក​ពី​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី១ ​ដោយ​បាន​រួម​ចំណែក​ ៦០,៤៤ ភាគ​រយ​នៃ​ទុន​វិនិយោគ​សរុប ​ខណៈ​ពេល​ដែល​ការ​វិនិយោគ​ក្នុង​ស្រុក​គ្រប​ដណ្តប់ ​៣២,៣១ ភាគរយ​នៃ​ទុន​វិនិយោគ​សរុប»។

បើ​គិត​ពី​ការ​វិនិយោគ​តាម​វិស័យ​វិញ ឧស្សាហកម្ម​ឈរ​លំដាប់​ថ្នាក់​ទី១ ​មាន​ ៥២​ភាគរយ បន្ទាប់​មក​គឺ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​មាន ៣៩​ភាគរយ និង​ទេសចរណ៍ (៨ភាគរយ) ខណៈ​ដែល​វិស័យ​កសិកម្ម​មាន​ ២ភាគរយ។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​ថា កំណើន​នៃ​គម្រោង​វិនិយោគ​ទាំង​នេះ​បង្ហាញ​ពី​បរិបទ​ថ្មី​ក្រោយ​កូវីដ១៩ និង​ក្នុង​ពេល​មាន​វិបត្តិ​ផ្សេងៗ​នៅ​បន្ត​កើត​ឡើង​នៅ​លើ​ពិភពលោក។ 

លោក​ថ្លែង​ថា៖ «ការ​ហក់​ឡើង​នៃ​គម្រោង​វិនិយោគ​នេះ​គឺ​ជា​មោទនភាព​មួយ​របស់​យើង​ទាំង​អស់​គ្នា ដោយសារ​តែ​អ្នក​វិនិយោគ​មើល​ឃើញ​ពី​សក្ដានុពល និង​ឱកាស​ សុខ​សន្តិភាព និង​ជា​លទ្ធផល​នៃ​ការទូត​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល និង​ទំនាក់​ទំនង​របស់​កម្ពុជា​ជាមួយ​ប្រទេស​ដៃគូ និង​ការ​ប្រឹង​ប្រែង​របស់​កម្ពុជា​ក្នុង​ការ​កែ​សម្រួល​លក្ខខណ្ឌ​វិនិយោគ​ ការ​ពង្រីក​ហេដ្ឋារចនា​សម្ព័ន្ធ។ ទាំង​អស់​នេះ​ធ្វើ​ឲ្យ​វិនិយោគ​នៅ​កម្ពុជា»។

លោក​បន្ត​ថា គម្រោង​វិនិយោគ​ពី​ប្រទេស​ចិន​មាន​ចំនួន​ច្រើន​ជាង​គេ​ដោយសារ​តែ​ឥទ្ធិពល​នៃ​កិច្ច​ព្រមព្រៀង​ក្នុង​តំបន់ និង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​និង​កិច្ច​ព្រម​ព្រៀង​ត្បូង​ពេជ្រ​ជាដើម។

លោក​កត់​សម្គាល់​ថា ការ​វិនិយោគ​ចុង​ក្រោយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ​នោះ​គឺ​ការ​ផលិត​កង​ឡាន​ដែល​មាន​ទុន​វិនិយោគ​ជិត​ដល់​ខ្ទង់​ពាន់​លាន​ដុល្លារ។

លោក​ថ្លែង​ថា៖ «ការ​វិនិយោគ​មិន​ថា​ពី​បរទេស ឬ​ដោយ​វិនិយោគិន​ក្នុង​ស្រុក​នោះ​ទេ ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ។ បើ​រដ្ឋាភិបាល​មិន​ខំប្រឹង នោះ​មិន​មាន​អ្នក​ណា​ចាប់​អារម្មណ៍​ចង់​វិនិយោគ​នៅ​កម្ពុជា​ទេ។ ដូច្នេះ​បាន​ថា អ្វីៗ​គឺ​កើត​ចេញ​ពី​កិច្ច​ប្រឹង​ប្រែង ជា​ពិសេស​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទ្រទ្រង់ ការ​លើក​ទឹក​ចិត្ត និង​ច្បាប់​វិនិយោគ​ដែល​មាន​លក្ខណៈ​ផ្ដល់​ឱកាស​ឲ្យ​វិនិយោគិន​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា»៕