ធនាគារជាតិ​នៃ​កម្ពុជា​តម្រូវ​ឱ្យ​គ្រប់​គ្រឹះ​ស្ថាន​ធនាគារ​និង ហិរញ្ញ​វត្ថុ និង​អាជីវករ​ប្តូរ​ប្រាក់​ទូទាំង​ប្រទេស​​ទទួល​​យក​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក ​ចាស់​ ឬ​ប្រឡាក់ ​ដោយ​មិន​ទាម​ទារ​រក​​កម្រៃ​សេវា​ឬ​ហៅ​សាមញ្ញ​ថា​«កាត់​ទឹក»។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី២ ខែសីហា​នេះ​ តប​តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋម​ន្ត្រី ហ៊ុន ម៉ាណែត និង​ការ​ពិបាក​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែល​ពិបាក​ចាយ​ក្រដាស​ប្រាក់​ដុល្លារ​ទក់ ចាស់ ឬ​រហែក​បន្តិច​បន្តួច។ 

ប៉ុន្តែ ប្រាក់​ដុល្លារ​ដែល​ទក់ ឬ​ចាស់​​រហូត​ដល់​បាត់​បង់​អត្តសញ្ញាណ​ដែល​មិន​អាច​ទទួល​ស្គាល់​បាន និង​​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ក្លែង​ក្លាយ​ទាំង​អស់ នឹង​មិន​ត្រូវ​បាន​ទទួល​យក​ទេ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ។

សម្រាប់​ក្រដាស​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ គ្រប់​គ្រឹះ​ស្ថាន​ធនាគារនិង​ ហិរញ្ញ​វត្ថុ និង​អាជីវរ​ប្តូរ​ប្រាក់ ត្រូវ​ដក​ហូត​​ដោយ​ពុំមាន​សំណង​ និង​បញ្ជូន​មក​ធនាគារ​ជាតិ​នៃ​កម្ពុជា។

ធនាគារ​ជាតិ​ក៏​បាន​បញ្ជាក់​ដែរ​ថា ធនាគារជាតិ​នៃ​កម្ពុជា​មិន​មែន​ជា​អាជ្ញាធរ​បោះពុម្ព ​និង​​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ ប្រាក់​ដុល្លារ​អាមេរិក​​នោះ​ឡើយ​ហើយក៏​មិន​មាន​សិទ្ធិ​ក្នុង​ការ​កាត់ ​ដុត​ក្រដាស​ចាស់ ​ទក់ ​រហែក​ ដើម្បី​ជំនួស​ដោយ​ក្រដាស​ប្រាក់​ថ្មី​ ដូច​ក្រដាស​ប្រាក់​រៀល​នោះ​ទេ។ 

ធនាគារជាតិ​ក៏​ត្រូវធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​ ត្រូវ​បង់​សេវា​ធានា​រ៉ាប់រងសម្រាប់​ទាំង​ការ​ដឹក​ចេញ​ប្រាក់​ដុល្លារ​ចាស់ៗ និង​ការ​​នាំចូល​មក​វិញ​​នូវ​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ថ្មី ដែល​ការ​ចំណាយ​ទាំង​នេះ​ ជាក់​ស្ដែង​មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ធានាគារ​ជាតិ​នោះ​ឡើយ។ ធនាគារ​ជាតិ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រើ​ប្រាស់​ប្រាក់​រៀល​ឱបាន​ទូលំ​ទូលាយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «កម្ពុជា​ក៏​សូម​លើក​ទឹក​ចិត្ត​ឱ្យ​សាធារណជន​ទាំងអស់​ចូលរួម​ប្រើប្រាស់​ប្រាក់​រៀល​ខ្មែរ ដែល​ជា​រូបិយវត្ថុ​ជាតិ​ឱ្យ​បាន​កាន់​តែ​ច្រើន​ឡើង ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ប្រកប​ដោយ​ភាព​ធន់»។

ធនាគារជាតិ​ក៏​លើ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បាគង (Bakong) ដែល​ជា​ប្រព័ន្ធ​ ទូទាត់​សងប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឆ្លង​គ្រឹះ​ស្ថាន។ ប្រព័ន្ធ​នេះ​ក៏​នឹង​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​សម្រាប់​ភ្ញៀវ​ទេសចរ​ផងដែរ​ដែល​មាន​ឈ្មោះ​ថា Bakong Tourist App៕