ភ្នំពេញៈ ក្រុមហ៊ុន​ចិន Jiangxi Provincial Building Material Group បាន​បង្ហាញ​ចំណាប់​អារម្មណ៍​បណ្ដាក់​ទុន​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍​នៅ​កម្ពុជា ខណៈ​មន្ត្រី​កម្ពុជា​លើកឡើង​ថា គម្រោង​នេះ​នឹង​រួម​ចំណែក​ជំរុញ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​កម្ពុជា។

កាលពីថ្ងៃទី២៩ ខែ​សីហា លោក Wensheng Chen ប្រធាន​ក្រុមហ៊ុន​នេះ​បាន​ដឹកនាំ​គណៈប្រតិភូ​វិនិយោគ​ចិន​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​បរិយាកាស និង​កាលានុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា និង​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)។

សេចក្ដី​ប្រកាស​ព័ត៌មាន​CDCនា​ថ្ងៃទី​២៩ សីហា បាន​ដកស្រង់​សំដី លោក Wensheng Chen ថ្លែង​ក្នុង​ជំនួប​នេះ​ថា៖ «[ក្រុមហ៊ុន​នេះ] ​គឺ​ជា​ក្រុមហ៊ុន​វិនិយោគ​ក្នុង​វិស័យ​ផលិត​ស៊ីម៉ងត៍​នៅ​ចិន ហើយ​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ​គឺ​ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​អំពី​បរិយាកាស​​វិនិយោគ​នៅ​កម្ពុជា ពិសេស គិតគូរ​ពី​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍​នៅ​កម្ពុជា»។ 

លោក ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា (CIB) ​នៃCDC បាន​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​នេះ ដោយ​លោក​បញ្ជាក់​ថា៖ «​[គម្រោង​នេះ] នឹង​រួម​ចំណែក​ជំរុញ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​កម្ពុជា ពិសេស វិស័យ​សំណង់។

​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​នេះ​ត្រូវ​មាន​ការ​គិតគូរ​ពី​ការ​ចូលរួម​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន​ជា​អតិបរមា តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ក៏ដូចជា​ការ​ប្រើប្រាស់​ថាមពល​ស្អាត។ 

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «ថ្នាក់​ដឹកនាំ និងមន្ត្រី​ទាំងអស់​របស់​CIB រង់ចាំ​ដោយ​ក្តី​រីករាយ​ក្នុង​ការ​ផ្តល់​កិច្ច​សម្រួល​គ្រប់​បែប​យ៉ាង​ជូន​ក្រុមហ៊ុន​ក្នុង​ការ​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា»។

ក្នុង​ជំនួប​នេះ លោក ជា វុទ្ធី បាន​លើកឡើង​ពី​តួនាទី និង​ភារកិច្ច​របស់​CDC ក្នុង​ការ​ជំរុញ​ទាក់ទាញ​ការ​វិនិយោគ​ឯកជន និង​បាន​ធ្វើការ​កត់សម្គាល់​ពី​កំណើន​ខ្ពស់​នៃ​រំហូរ​វិនិយោគ​ចិន​មក​កម្ពុជា។

លោក​បន្ថែម​ថា បច្ចុប្បន្ន​កម្ពុជា​មាន​ច្បាប់​ស្តីពី​វិនិយោគ​ប្រកប​ដោយ​ភាព​បើកចំហ មាន​តម្លាភាព និង​អាច​ប៉ាន់ប្រមាណ​ទុក​ជា​មុន​បាន ដោយសារ​កត្តា​សន្តិភាព ស្ថិរភាព នយោបាយ និង​ភាព​អំណោយ​ផល​នៃ​ច្បាប់ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​របស់​កម្ពុជា។

របាយការណ៍CDC បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល១​ឆ្នាំ​ចុង​ក្រោយ​នេះ ពី​ខែ​កញ្ញា ឆ្នាំ​២០២៣ ដល់​ខែ​សីហា ឆ្នាំ២០២៤ CDC​បាន​អនុម័ត​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ​៣៩១ គម្រោង ​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង ៧,៥​ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​អាច​បង្កើត​ការងារ​បាន​ប្រមាណ​ជាង​ ៣៤ ម៉ឺន​កន្លែង។

របាយការណ៍​បន្ត​ថា​ក្នុង​រយៈ​ពេល​១​ឆ្នាំ​នេះ ប្រភព​ទុន​វិនិយោគ​មក​ពី​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី១ ​ដោយ​បាន​រួម​ចំណែក​ប្រមាណ​ ៦០ភាគ​រយ​នៃ​ទុន​វិនិយោគ​សរុប ​ខណៈ​​ដែល​ការ​វិនិយោគ​ក្នុង​ស្រុក​គ្រប​ដណ្តប់​ប្រមាណ ​៣២ ភាគរយ​នៃ​ទុន​វិនិយោគ​សរុប៕