វិនិយោគិនមកពីប្រទេសចិននៅតែនាំមុខគេសម្រាប់គម្រោងវិនិយោគទាំង ៤៤ នៅកម្ពុជាក្នុងខែកក្កដា ស្របពេលដែលវិស័យកាត់ដេរនៅតែជាវិស័យដែលមានការវិនិយោគខ្ពស់។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្សព្វផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថា ក្នុងខែកក្កដាកន្លងទៅ គម្រោងវិនិយោគនៅកម្ពុជាដែលត្រូវបានអនុម័តមានចំនួន ៤៤ គម្រោងមានទឹកប្រាក់សរុបជាង ៣៩៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ២ម៉ឺន៥ពាន់កន្លែង។
ក្នុងចំណោមគម្រោងទាំង ៤៤ មានគម្រោងថ្មីចំនួន ៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង។ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣គម្រោង។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស គឺគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលមានទីតាំងស្ថិតនៅភូមិក្រាំងទា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគបន្ថែមជាង ២១លានដុល្លារ។
ចំណែកគម្រោងលេចធ្លោនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុន វិនិយោគចំនួន ១០០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៣១កន្លែង។
គម្រោងលេចធ្លោមួយទៀតគឺគម្រោងវិនិយោគបង្កើតរោងចក្រផលិតសារធាតុកែច្នៃចំណីអាហារ (Galatin) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ក្នុងទុនវិនិយោគជាង ២៦លាន ដុល្លារ និងអាចបង្កើតការងារបានចំនួន ១៩៤កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា៖ «ក្នុងខែកក្កដា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦៨,០៦ភគរយនៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ១៤,២៤ភាគរយនៃទុនវិនិយោគសរុប»។
សម្រាប់ខែកក្កដានេះ វិស័យកាត់ដេរនៅតែវិស័យទាក់ទាញក្នុងការវិនិយោគដែលមាន ១០គម្រោង បន្ទាប់មកគឺវិស័យអគ្គិសនីដែលមាន ៥ គម្រោង និងការវិនិយោគលើផ្លាស្ទីកមាន ៤ គម្រោង។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការមានគម្រោងវិនិយោគពីប្រទេសចិនច្រើនមិនមែនជារឿងចៃដន្យនោះទេ ពោលគឺដោយសារតែកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនបានឈានដល់កម្រិតត្បូងពេជ្រ រួមជាមួយកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ឬ ទ្វេរភាគីផ្សេងៗ។
លោកនិយាយថា៖ «គម្រោងវិនិយោគពីចិនច្រើនមិនមែនជារឿងចៃដន្យទេ គឺដោយសារមានកិច្ចសហប្រតិបត្តិការជាច្រើនរវាងរដ្ឋនិងរដ្ឋ ប្រជាជននិងប្រជាជន ដែលហូរទៅតាមកិច្ចព្រមព្រៀង»។
ចំពោះការវិនិយោគទៅលើវិស័យកាត់ដេរច្រើន គឺដោយសារតែកម្ពុជានៅតែទទួលបានលក្ខខណ្ឌអនុគ្រោះ ក្នុងនោះរួមមានទាំង EBA ទីផ្សារអឺរ៉ុប និង GSP ទៅសហរដ្ឋអាមេរិក ដែលសុទ្ធតែជាទីផ្សារបញ្ជាទិញសម្លៀកបំពាក់ សម្ភារៈធ្វើដំណើរ និងស្បែងជើងពីកម្ពុជា ក្នុងតម្លៃជាច្រើនពាន់លាន។ នេះបើតាមលោក វណ្ណៈ។
លោកបន្តថា ការវិនិយោគលើវិស័យកាត់ដេរ នៅតែមានសារៈសំខាន់សម្រាប់កម្ពុជាដោយសារតែវាបង្កើតការងារបានច្រើនសម្រាប់ពលរដ្ឋ។
លោកបញ្ជាក់ថា៖ «ដូច្នេះ ការកើនឡើងនៃការវិនិយោគនេះក៏ដោយសារតែទំនាក់ទំនងល្អរវាងរដ្ឋាភិបាលចិននិងកម្ពុជា ក៏ដូចជាទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជាជាមួយប្រទេសបញ្ជាទិញផលិតផលរបស់កម្ពុជា តាមរយៈការគោរពលក្ខខណ្ឌតម្រូវរបស់ប្រទេសបញ្ជាទិញ។ ការបញ្ជាទិញហាក់ដូចមិនអ្វីថមថយទេ»៕