ប្រទេសចិននឹងគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសទៅតាមមាគ៌ារបស់ខ្លួន ហើយនឹងពង្រីកទីផ្សារសម្រាប់ទំនិញកម្ពុជា ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជាទៅទីផ្សារចិនឲ្យបានកាន់តែច្រើន។ នេះបើតាមការលើកឡើងរបស់លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ថ្លែងនៅក្នុងកិច្ចពិភាក្សាស្ដីអំពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន» រៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៩ ខែសីហានេះ លោក Wang បានថ្លែងថា ចិននិងកម្ពុជាគឺជាមិត្តដែកថែប និងកំពុងកសាងប្រទេសទាំងពីរឲ្យទៅសហគមន៍ជោគវាសនារួមដែលប្រកបដោយ «គុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់»។
លោកថ្លែងថា៖ «យើងនឹងចែករំលែកទីផ្សារជាមួយភាគីកម្ពុជាដើម្បីជំរុញឲ្យការនាំចេញកាន់តែធំធេងទៅកាន់ទីផ្សារនៃប្រទេសចិន និងទៅសហគ្រិននៃប្រទេសចិនដើម្បីអភិវឌ្ឍប្រទេសកម្ពុជា និងជំរុញគម្រោងកាន់តែច្រើន ដូចជាតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ»។
កម្ពុជាចិនមានទំនាក់ទំនងការទូតរយៈពេល ៧៥ឆ្នាំមកហើយ ហើយឆ្នាំ ២០២៤នេះគឺជាឆ្នាំដំបូងនៃការអនុវត្តសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរ។
លោក Wang បានបន្តថា ចិនក៏នឹងសហការជាមួយប្រទេសកម្ពុជាលើការផ្លាស់ប្ដូរបទពិសោធន៍អភិបាលកិច្ច ដើម្បីដើរលើមាគ៌ាកែទម្រង់តាមស្ថានភាពរបស់ប្រទេសរៀងខ្លួន។
លោកនិយាយថា៖ «ភាគីចិននឹងផ្ដល់ការគាំទ្រដល់ភាគីកម្ពុជាក្នុងការសម្រេចបាននូវមាគ៌ាអភិវឌ្ឍដែលគោរពតាមស្ថានភាពនិងឯករាជ្យភាពនៃប្រទេសកម្ពុជា។ យើងនឹងចែករំលែកបទពិសោធន៍កែទម្រង់ដើម្បីឲ្យយើងមានកិច្ចសហប្រតិបត្តិការកាន់តែវិជ្ជមាន ដើម្បីឲ្យការកសាងសហគមន៍ជោគវាសនារួមចិននិងកម្ពុជាកាន់តែធំធេង»។
លោកបន្តថា ចិននឹងសហការជាមួយប្រទេសកម្ពុជានៅលើឆាកអន្តរជាតិដើម្បីតាមរយៈនយោបាយឈ្នះឈ្នះ ដើម្បីសន្តិភាព និងភាពរុងរឿងនៅលើពិភពលោក ជាពិសេសក្នុងពេលដែលពិភពលោកកំពុងប្រឈមជាមួយនឹងបញ្ហាជាច្រើន។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ទំនាក់ទំនងកម្ពុជាចិនមានតាំងពីមុនគ្រឹះសករាជ។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរមានចំណុចរួមជាច្រើន ដូចជាការតភ្ជាប់ដោយទន្លេមេគង្គ និងការហូរចូលនៃប្រពៃណីវប្បធម៌ចិនមកលើសង្គមកម្ពុជា តួយ៉ាងការប្រើចង្កឹះជាដើម។
លោកបន្តទៀតថា នេះជាវប្បធម៌ដែលចាក់ចូលជ្រៅដោយមិនដឹងខ្លួន ហើយកម្ពុជាក៏បានទទួលដោយមិនបានដឹង។ ការទទួលវប្បធម៌នេះធ្វើឲ្យមិត្តភាពរវាងប្រទេសទាំងពីរកាន់តែមានការរីកច្រើនទ្វេឡើង។
លោកក៏ស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយចិនជួយផ្សព្វផ្សាយអំពីកម្ពុជាផងដែរ ជាពិសេសសក្ដានុពលទេសចរណ៍ ដូចជាប្រាសាទអង្គរវត្តដែលលោកចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃវប្បធម៌របស់កម្ពុជា។
លោក សុខ ទូច ក៏ចង់ឃើញមានការតភ្ជាប់ការដឹកជញ្ជូនផលិតផលកម្ពុជាទៅប្រទេសចិនតាមរយៈការតភ្ជាប់ខ្សែរថភ្លើងដែលអាចដឹកទំនិញកម្ពុជាត្រង់ទៅប្រទេសចិន ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសវៀតណាម និងថៃ ដូចបច្ចុប្បន្ន។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា រំពឹងថា វប្បធម៌កម្ពុជានឹងអាចចូលទៅដល់ប្រទេសចិនតាមរយៈការជួយផ្សព្វផ្សាយពីប្រព័ន្ធផ្សព្វផ្សាយចិន និងតាមរយៈការពង្រីកការបោះពុម្ពឯកសារអំពីវប្បធម៌និងប្រវត្តិសាស្ត្រខ្មែរជាភាសាចិនរបស់រាជបណ្ឌិត្យសភាកម្ពុជា៕