ហុងកុង​ត្រូវ​បាន​ទទួល​ស្គាល់​ជា​យូរ​មកហើយ​ថា​ជា​គោលដៅ​ចម្បង​សម្រាប់​ការិយាល័យ​គ្រួសារ ដោយ​ផ្តល់​នូវ​ការរួមបញ្ចូល​គ្នា​ ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន​នៃ​សេវាកម្ម​វិជ្ជាជីវៈ ទីតាំង​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ពន្ធ​ដ៏​អំណោយ​ផល។

សម្រាប់​គ្រួសារ​កម្ពុជា​​​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ​ដែល​មាន​គោលដៅ​ធានា​រក្សា​​បាន​កេរដំណែល​មរតក និង​បង្កើន​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ ទីក្រុង​ហុងកុង បានស្ដែង​​ពី​​បរិយាកាស​ដ៏​ល្អ​​​រួមបញ្ចូល​គ្នា​នូវ​ជំនាញ​ជា​សកល​ជាមួយ​នឹង​អត្ថប្រយោជន៍​ពិសេស​ក្នុង​តំបន់។

ការិយាល័យ​គ្រួសារ ​គឺជា​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ឯកជន​ដែល​បម្រើ​បុគ្គល​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​បំផុត​ (UHNWI) ឬ​គ្រួសារ​ដែល​គ្រប់គ្រង​ការវិនិយោគ ហិរញ្ញ​វត្ថុ និង​កិច្ចការ​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត រួម​ទាំង​ការ​ផ្ទេរ​​តំណែង​បន្ត​មរតក​ទៅ​កាន់​អ្នក​ជំនាន់​ក្រោយ​ផងដែរ។

ការិយាល័យ​គ្រួសារ​ផ្តល់​ជូន​នូវ​សេវាកម្ម​ជាច្រើន​រួមមាន ការ​គ្រប់គ្រង​ការ​វិនិយោគ ការ​ធ្វើ​ផែនការ​អចលនទ្រព្យ សេវា​ពន្ធដារ​ ​ការគ្រប់គ្រង​គម្រោង​​សប្បុរសធម៌ និង​ការ​រៀបចំ​​កែច្នៃ​​ជាពិសេស​សម្រប​តាម​តម្រូវ​ការ​គ្រួសារ​​ដែល​ទទួល​សេវាកម្ម។

ក្នុង​បទសម្ភាសន៍​ថ្មីៗ​នេះ​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក Jason Fong ប្រធាន​ថ្នាក់ដឹកនាំ​​សកល​នៃការិយា​ល័យ​គ្រួសារ FamilyOfficeHK ជា​ក្រុម​ការងារ​​ដែល​ខិតខំ​ប្រឹងប្រែង​លើក​កម្ពស់​អាជីវកម្ម​ការិយាល័យ​គ្រួសារ ក្រោម​ភ្នាក់ងារ​ជំរុញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេសនៃ​​តំបន់​រដ្ឋបាល​ពិសេស​​រដ្ឋាភិបាល​ហុងកុង​ HKSAR Invest Hong Kong (InvestHK) បាន​និយាយ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ដំណើរ​កម្សាន្ត​របស់ខ្ញុំ​ពិត​ជាមាន​ផ្លែផ្កា​មិនគួរ​ឱ្យ​ជឿ​។ ខ្ញុំ​បាន​ជួប​ពិភាក្សា​​​ជាមួយ​មនុស្ស​ជាច្រើន​ពី​សមាគម និង​ក្រុមហ៊ុន​នានា នៅ​វិទ្យាស្ថាន និង​ចែករំលែក​ការ​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​ដ៏​យូរអង្វែង​របស់​ហុងកុង​ជាមួយ​ការិយាល័យ​គ្រួសារ ដែល​អនុញ្ញាត​ឱ្យ​យើង​អាច​​ប្រមូល​ទ្រព្យ​សម្បត្តិ​ជា​ហិរញ្ញវត្ថុ​សំខាន់ៗ​​សម្រាប់​ការ​វិនិយោគ​នោះទេ ប៉ុន្តែ​ថែម​ទាំង​អាច​​ប្រមូល​នូវ​​បទពិសោធន៍ និង​ចំណេះដឹង​ដ៏​សម្បូរបែប​ផង​ដែរ»។

យោងតាម​លោក Fong ឧស្សាហកម្ម​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​ហុងកុង​មាន​ភាព​រឹងមាំ ដោយ​មាន​អ្នក​ជំនាញ​ផ្នែក​ហិរញ្ញ​វត្ថុ​ចំនួន ២៦៧០០០​នាក់ ​សម្រាប់​​បម្រើការ​​គាំទ្រ​​ការិយាល័យ​គ្រួសារ​ចំនួន ២៧០០​។ តួលេខ​នេះមាន​ន័យថា ​ជា​សមាមាត្រ ​អ្នកជំនាញ​ចំនួន ៩៩នាក់ អាច​បម្រើការ​ជូន​ការិយាល័យ​គ្រួសារ​នីមួយៗ ដែល​លើស​ពី​អ្វី​ដែលម្ចាស់​ធនធាន​​អាច​ស្វែង​​រក​បាន​នៅ​កន្លែង​ណា​ផ្សេងទៀត​ក្នុង​ពិភពលោក មិន​ថា​លក្ខខណ្ឌ​​កម្រិត​នៃ​ការ​គាំទ្រ​ផ្នែក​​វិជ្ជាជីវៈ ធនាគារ ការគ្រប់គ្រង​មូលនិធិ គណនេយ្យ សេវាកម្ម​ប្រឹក្សា​ផ្នែក​ច្បាប់ និង​ពន្ធដារ​ជាដើម។

លោក Fong បាន​ឱ្យដឹង​ទៀត​ថា៖ «ក្នុង​អំឡុងពេល​ធ្វើដំណើរ ខ្ញុំ​បាន​ចែក​រំលែក​ព័ត៌មាន​នេះ​ជាមួយ​ភ្ញៀវ​​ខ្មែរ​របស់ខ្ញុំ ហើយ​ពួក​គាត់​មាន​ចំណាប់​អារម្មណ៍​​ចូលចិត្ត​លក្ខខណ្ឌ​ទាំង​នេះ។ ការិយាល័យ​គ្រួសារ​​មិនមែន​គ្រាន់​តែ​ជា​ការ​វិនិយោគ​ដើម្បី​​លុយ​ប៉ុណ្ណោះ​ទេ​ វា​គឺ​អំពី​ភាព​ប្រាកដប្រជា ការធានា និង​ការ​អនុលោម​តាម​ច្បាប់​ដែល​ហុងកុង​ផ្តល់​ឱ្យ។ លើសពីនេះ វា​​មាន​អត្ថប្រយោជន៍​បន្ថែម​នៃ​សកម្មភាព​សប្បុរសធម៌ ដែល​ការិយាល័យ​គ្រួសារ​ជាច្រើន​ចង់​ចូលរួម នៅ​ពេល​ដែល​ពួកគេ​បាន​ស្ថាបនា​ការិយាល័យ​គ្រួសារ​​របស់​ខ្លួន​​​នៅ​ក្រុងហុងកុង»។

លោក Jason Fong ប្រធាន​ការិយាល័យ​គ្រួសារ​សកល ដែល​ជា​ក្រុមការងារ​ខ្នះខ្នែង​លើក​ស្ទួយ​ការវិនិយោគ​ការិយាល័យ​គ្រួសារ​​ ស្ថិត​ក្រោម​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ការវិនិយោគ​ផ្ទាល់ពី​បរទេស​នៃ​តំបន់​​រដ្ឋបាល​ពិសេស​ហុងកុង។ សហការី

លោក Fong បាន​កត់​សម្គាល់​ថា អ្វី​ដែល​កំណត់ថា​​ទីក្រុង​ហុងកុង​ខុសពី​កន្លែង​នានា​ដូចជា ​សិង្ហបុរី នោះ​គឺជា​វិធីសាស្ត្រ​​ដ៏​អំណោយផល​។ ខណៈពេល​ដែល​សិង្ហបុរី​ផ្តោតលើ​ការ​ទាក់ទាញ​ប្រាក់​បញ្ញើ​ជា​សាច់ប្រាក់​ ហុងកុង​មិន​ចាប់អារម្មណ៍​តែមួយគត់​ក្នុងការ​គ្រប់គ្រង​សាច់ប្រាក់​របស់​ម្ចាស់ធនធាន​នោះទេ។ ម្ចាស់ទ្រព្យ​សម្បត្តិ​​​អាច​រក្សាទុក​ប្រាក់​នៅក្នុង​ប្រទេស​កម្ពុជា ឬ​កន្លែងណា​​ផ្សេងទៀត​ក្នុង​ពិភពលោក​។​

លោកបាន​ឱ្យដឹង​ទៀតថា៖ «​នៅក្នុង​ខែមេសា​ឆ្នាំនេះ អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី (MAS) បាន​បើក​ដំណើរការ​វេទិកា​ឌីជីថល​ហៅថា ការ​សហការ​គ្នា​ចែករំលែង​ព័ត៌មាននៃ​​​ការ​លាង​លុយ​កខ្វក់ និង​ករណី​ហិរញ្ញប្បទាន​ភេរវកម្ម​ (Collaborative Sharing of Money Laundering/Terrorism Financing (ML/TF) Information and Cases (COSMIC) ដោយ​សហការ​ជាមួយ​ធនាគារពាណិជ្ជ​ធំៗ​ចំនួន​ ៦ ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​»។

លោក​បាន​បន្ថែមថា ខណៈពេល​ដែល​ភាព​​ចាំបាច់នៃ​​​វេទិកា​នេះ​មាន​គោលបំណង​បង្កើន​ការចែករំលែក​ព័ត៌មាន​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​សកម្មភាព​លាង​លុយ​កខ្វក់ និង​គ្រប់គ្រង​ដោយ​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី កិច្ច​​ការ​សហការ​គ្នា​ចែករំលែង​ព័ត៌មាននៃ​​​ការ​លាង​លុយ​កខ្វក់ និង​ករណី​ហិរញ្ញប្បទាន​ភេរវកម្ម​  បាន​បង្កើន​ការព្រួយបារម្ភ​ក្នុងចំណោម​​បុគ្គល​​មាន​តម្លៃទ្រព្យសម្បត្តិ​​ច្រើន​នៅក្នុង​តំបន់ ​ដែលជាអ្នក​​ផ្តល់​តម្លៃ​លើ​ភាព​ឯកជន​របស់​ពួកគេ​។​

លោក Fong បាន​គូសបញ្ជាក់ថា បុគ្គល​​មាន​តម្លៃទ្រព្យសម្បត្តិស្ដុកស្ដុម្ភ​ ជាច្រើន​យល់ឃើញថា វិធានការ​តឹងរ៉ឹង​ទាំងនេះ មិន​ត្រឹមតែ​រំលោភ​លើ​ឯកជន​ភាព​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ការសង្ស័យ​លើ​សុចរិត​ភាព​របស់​ពួកគេ​ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ផងដែរ​។​

លោក​មានប្រសាសន៍ទៀត​ថា៖ «​​ហុងកុង​គោរព​ការរក្សា​ការសម្ងាត់ ហើយ​សិទ្ធិ​ក្នុងការ​ការពារ​ឯកជ​ន​ភាព​ត្រូវ​បានចែង​នៅក្នុង​បទបញ្ញត្តិ​ទិន្នន័យ​ផ្ទាល់ខ្លួន (PDPO) ដែលជា​ច្បាប់​ការពារ​ទិន្នន័យ​ដ៏​ទូលំទូលាយ​បំផុត​មួយ​របស់​អាស៊ី​។ មិន​ដូច​ការអនុវត្តលើ​​វេទិកា​ឌីជីថល​កណ្តាល​ដូចជា ចែករំលែង​ព័ត៌មាន​នៃ​ការ​លាង​លុយ​កខ្វក់ និង​ករណី​ហិរញ្ញប្បទាន​ភេរវកម្ម​ របស់​សិង្ហ​បុរី​ទេ យើង​រក្សា​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​យើង​»​។​

លោក Fong បាន​សង្កត់ធ្ងន់ថា ទោះជា​ទ្រព្យសម្បត្តិ​របស់​អ្នក​ស្ថិត​នៅទីណា​ក៏ដោយ អាទិភាព​សំខាន់​សម្រាប់​ការបង្កើត​ការិយាល័យ​គ្រួសារ​នៅ​ហុងកុង គឺជា​សមត្ថភាព​របស់​ទីក្រុង​ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​សកល​របស់​គ្រួសារ រួមទាំង​ការវិនិយោគ និង​កេរដំណែល​មរតក​របស់​ពួកគេ​។ មិន​ថា​វា​ជា​អគារ​នៅក្នុងប្រទេសបាហាម៉ាស ឬ​ទ្រព្យសម្បត្តិ​ដែល​គ្រប់គ្រង​នៅ​កន្លែង​ផ្សេងទៀត​នោះទេ។ វា​មានលក្ខខណ្ឌ​​​​ទទួលយកបាន​ទាំងអស់ ដោយ​​​អ្នក​មិនចាំបាច់​ផ្លាស់ប្តូរ​ទីតាំង​ផលប័ត្រ​ទៅ​ហុងកុង​ទេ​។​

នៅក្រោម​ក្របខណ្ឌ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ» ទីក្រុង​ហុងកុង​មាន​ទីតាំង​តែមួយគត់​ដែល​វិនិយោគិន​អាច​ផ្ទេរ​ដើមទុន​ដោយ​ស្របច្បាប់ និង​ដោយ​សេរី។ បុគ្គល​ម្នាក់ៗ​អាច​ទទួលបាន​បទពិសោធ​ន៍​នៃ​ការតភ្ជាប់​គ្មាន​ដែន​កំណត់ ហើយ​ព័ត៌មាន​អាច​ហូរ​ចូល និង​ចេញពី​ទីក្រុង​ដោយ​គ្មាន​ដែន​កំណត់​។​

លោក Jason Fong ប្រធាន​ការិយាល័យ​គ្រួសារ​សកល ​នៅ​ការិយាល័យ​របស់លោក​ឯ​ក្រុង​ហុងកុង។ សហការី

លោក​បានចង្អុលបង្ហាញ​ថា ប្រព័ន្ធ​ផ្លូវដែក​ល្បឿន​លឿន​របស់​ហុងកុង និង​ទំនាក់ទំនង​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​ជាមួយ​ប្រទេស​ចិនដីគោក បាន​​ដាក់​ទីក្រុង​នេះ​ថា​ជា​មូលដ្ឋាន​ដ៏​ល្អ​សម្រាប់​អ្នកវិនិយោគ​អន្តរជាតិ រួមទាំង​ប្រជាជន​កម្ពុជា​ផងដែរ ដែល​ស្វែងរក​ការ​ដាក់​​ទុន​លើ​ឱកាស​ដ៏​ធំ​នៅក្នុង​ប្រទេស​ចិន និង​តំបន់មហាឈូងសមុទ្រ​ Greater Bay។​

យោងតាម​លោក Fong កត្តា​សំខាន់​ក្នុងការ​អំពាវនាវ​រប​ស់​ហុងកុង​គឺ​បរិយាកាស​ពន្ធ​ដែល​ងាយស្រួល​សម្រាប់​អាជីវកម្ម​របស់ខ្លួន ដែល​ដាក់​ពន្ធ​ផ្ទាល់​តែ ៣ ប៉ុណ្ណោះ ដោយ​មិន​គ្រប​ដណ្ដប់លើ​​​ភាគលាភ ឬ​ពន្ធ​មរតក ព្រមទាំង​ផ្តល់ប្រាក់​ឧបត្ថម្ភ និង​ការ​កាត់កង​ជាច្រើន​ដើម្បី​កាត់បន្ថយ​ប្រាក់ចំណូល​ជាប់ពន្ធ​។​

លើសពីនេះ លោក​បាន​និយាយថា ប្រព័ន្ធ​របស់​ហុងកុង​ផ្តល់នូវ​អត្ថប្រយោជន៍​ដ៏​គួរឱ្យ​ទាក់ទាញ ដូចជា​ការលើកលែង​ពន្ធលើប្រាក់ចំណេញ​សម្រាប់​មូលនិធិ ​ដែល​ផ្តល់​ដោយ​ឯកជន​នៅលើ​ដីគោក និង​ក្រៅប្រទេស​លើ​ប្រតិបត្តិការ​ទ្រព្យសម្បត្តិ​ ក្នុងករណី​​​លក្ខខណ្ឌ​មួយចំនួន​ត្រូវបាន​បំពេញ​។​

លោក​បាន​បន្ថែមថា ទីក្រុង​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​រដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព និង​ស្ថិរភាព ដោយ​លោក​កត់សម្គាល់ថា នេះ​ជាការ​អំពាវនាវ​ដល់​គ្រួសារ​កម្ពុជា ​ដែល​បានឃើញ​ផ្ទាល់​ភ្នែក​នូវ​អត្ថប្រយោជន៍​នៃ​សន្តិភាព និង​សន្តិសុខនៅ​ហុងកុងផងដែរ​​​។​

ភាពរឹងមាំ​ផ្នែក​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ទាំងនេះ រួមផ្សំ​ជាមួយនឹង​សេវាកម្ម​ហិរញ្ញវត្ថុ និង​វិជ្ជាជីវៈ​ដែល​មិនអាច​ប្រៀបផ្ទឹម​បាន​របស់​ទីក្រុង ធ្វើឱ្យ​​​​ហុងកុង​ក្លាយជា​ទីតាំង​ដ៏​ល្អ​សម្រាប់​ការិយាល័យ​គ្រួសារ​កម្ពុជា និង​អ្នកវិនិយោគ​ទូទាំង​ពិភព​លោក ដែល​ស្វែងរក​មូលដ្ឋាន​ប្រកប​ដោយ​ស្ថេរភាព ប្រសិទ្ធភាព និង​មាន​លក្ខណៈ​​ជាស​កល​សម្រាប់​ការគ្រប់គ្រង និង​បង្កើន​ទ្រព្យសម្បត្តិ​របស់​ពួកគេ​៕