ស្ថានទូត​សហរដ្ឋអាមេរិក​ប្រកាស​បើក​កម្មវិធី​លើក​កម្ពស់​ជំនាញ​អាជីវកម្ម​ដល់​សហគ្រិន​ស្ត្រី ​ហៅថា ​Academy of Women Entrepreneurs (AWE) នៅ​ប្រទេស​កម្ពុជា ​ដើម្បី​លើក​កម្ពស់​ស្ត្រី​ក្នុង​ជំនាញ​អាជីវកម្ម​តាម​រយៈ​ការ​សិក្សា​ពី​កម្មវិធី​អាជីវកម្ម​ វគ្គ​បណ្តុះបណ្តាល ​និង​ការ​បង្កើត​បណ្តាញ។​

កម្មវិធី​នេះ​ទទួល​បាន​មូលនិធិ​ពី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​ពិធី​ប្រកាស​បើក​កម្មវិធី​នៅ​ថ្ងៃ​នេះ។​

លោកស្រី ​Bridgette Walker ​ភារធារី​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​នៅ​ក្នុង​ពិធីបើក​កម្មវិធី​នេះ​ថា៖ «សហរដ្ឋ​អាមេរិក​បាន​នាំមុខ​គេ​ក្នុង​កិច្ច​ពិភាក្សា​លើ​គោល​នយោបាយ​ក្នុង​ការ​លើក​កម្ពស់​ស្ត្រី​អស់​រយៈ​ពេល​រាប់​ឆ្នាំ​មក​ហើយ។ ​ឆ្នាំ​នេះ​កម្មវិធី AWE រាប់​ថា​ជា​គម្រោង​ដ៏​សំខាន់​សម្រាប់​យុទ្ធនាការ​របស់​យើង​ស្តីពី​ការ​លើក​កម្ពស់​ស្រ្តី ​ដែល​អបអរសាទរ ​និង​គាំទ្រ​ស្ត្រី​ឲ្យ​សម្រេច​បាន​នូវ​សក្តានុពល​ពេញ​លេញ​របស់​គេ»។​

ពិធី​បើក​ប្រកាស​គម្រោង​នេះ​ធ្វើ​ឡើង​ ដោយ​មាន​វត្តមាន​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោកស្រី ចម និម្មល ​ផងដែរ ដែល​ប្រព្រឹត្ត​ឡើង​នៅ​សណ្ឋាគារ​ហៃយ៉ាត់ រីជិនស៊ី​ ភ្នំពេញ​ និង​មាន​សិក្ខាកាម​នៃ​កម្មវិធី AWE នេះ​ចំនួន ៣០ នាក់​មក​ពី​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប។ សិក្ខាកាម​ទាំង​នេះ​មក​ពី​វិស័យ​ផ្សេងៗ​គ្នា រាប់​តាំង​ពី​សេវាកម្ម​បដិសណ្ឋារកិច្ច ដល់​វិស័យ​ថាមពល​ប្រកប​ដោយ​ចីរភាព។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន។​

កម្មវិធី​នេះ​ក៏​មាន​វត្តមាន​ការ​សុន្ទរកថា​របស់​លោកស្រី ​Melinda Emerson ​អ្នក​ជំនាញ​ខាង​សហគ្រិនភាព​មក​ពី​សហរដ្ឋ​អាមេរិក ​និង​មាន​សុន្ទរកថា​តាមវីដេអូ របស់​លោក​ស្រី Leslie Kiernan អគ្គទីប្រឹក្សា​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ផង​ដែរ។

ពិធី​បើក​ប្រកាស​បើក​ AWE ធ្វើ​ឡើង​ដោយ​មាន​ក្រុម​ស្គរស្ត្រី​មេធា (MeDha) ដែល​ជា​ក្រុម​ស្ត្រី​វាយស្គរ​ដំបូង​នៅ​កម្ពុជា។

យោង​តាម​ស្ថានទូត​អាមេរិក AWE ​គឺ​ជា​គម្រោង​ផ្តួច​ផ្តើម​មួយ​របស់រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​ផ្តល់​ចំណេះ​ដឹង បង្កើត​​បណ្តាញ​ និង​ផ្ដល់​លទ្ធភាព​ចាំបាច់ ដើម្បី​ឲ្យ​ស្ត្រី​ជា​សហគ្រិន​ចាប់​ផ្តើម និង​ពង្រីក​អាជីវកម្ម​ដោយ​ជោគជ័យ។

អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ហើយ​បាន​ដាក់​ពាក្យ​ចូលរួម ​ត្រូវ​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​រយៈ​ពេល ៩ ខែ ដែល​រួម​មាន​ការ​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​ និង​ការ​ចូលរួម​សិក្សា​ដោយ​ផ្ទាល់ ក៏ដូចជា ​ការ​ដាក់​តាំង​ពិព័រណ៍​ស្នាដៃ​ និង​ផ្តល់​ការ​គាំទ្រ​នៅ​ក្រោយ​ចប់​កម្មវិធី​សិក្សា៕