ភ្នំពេញៈ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្នើរដ្ឋាភិបាលកូរ៉េខាងត្បូងជំរុញឱ្យវិនិយោគិនកូរ៉េមកវិនិយោគបន្ថែមទៀតនៅកម្ពុជា ដោយលោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំការពារវិនិយោគិនកូរ៉េ និងធានានូវសុខសន្តិភាពជារួមសម្រាប់អ្នកវិនិយោគពីបរទេសទាំងអស់។
លោកស្នើដូច្នេះក្នុងជំនួបជាមួយ លោក Woo Won-Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង ក្នុងឱកាសលោកចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅកូរ៉េខាងត្បូង នាថ្ងៃទី១០ កញ្ញា។
សេចក្តីប្រកាសព័ត៌មានបង្ហោះក្នុងបណ្ដាញសង្គមលោកប្រធានព្រឹទ្ធសភានាថ្ងៃដដែលនេះបញ្ជាក់ថា៖ «សម្ដេចក៏បានអបអរសាទរចំពោះការកើនឡើងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលធ្វើឱ្យទំហំពាណិជ្ជកម្ម [កម្ពុជា-កូរ៉េ] មានការកើនឡើង ហើយសូមថ្លែងអំណរគុណ និងសូមឱ្យរដ្ឋាភិបាលកូរ៉េជំរុញឱ្យអ្នកវិនិយោគទុន [កូរ៉េ] ច្រើនថែមទៀតទៅកម្ពុជា»។
លោក ហ៊ុន សែន បានរំឭកថា លោក និងលោក មូន ជេអ៊ីន (Moon Jae-in) អតីតប្រធានាធិបតីកូរ៉េខាងត្បូងបានពិភាក្សាគ្នា និងជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ដោយលោកបញ្ជាក់ថា ពេលនេះរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។
លោកបន្តថា កិច្ចព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេស (SEZ) សម្រាប់ក្រុមហ៊ុនកូរ៉េនៅកម្ពុជាអាចនឹងចេញជារូបរាង ដែលបង្កលក្ខណៈឱ្យអ្នកវិនិយោគកូរ៉េខាងត្បូងមកវិនិយោគនៅកម្ពុជា និងមានការកើនឡើងសម្រាប់ធ្វើការកែច្នៃ និងនាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។
លោក ហ៊ុន សែន ថ្លែងថា៖ «រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងខិតខំការពារអ្នកវិនិយោគកូរ៉េ និងខិតខំប្រឹងប្រែងដើម្បីការពារធានានូវសុខសន្តិភាពជារួមសម្រាប់អ្នកវិនិយោគពីបរទេសទាំងអស់»។
សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា លោក Woo Won-Shik បានសម្ដែងការពេញចិត្ត និងរីករាយចំពោះការកើនឡើងនូវទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានការកើនឡើងយ៉ាងខ្លាំង ហើយការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកន្លងមកនេះ បានបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់ក្រុមហ៊ុនកូរ៉េប្រមាណជាង ២០០ក្រុមហ៊ុនបានទៅចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជាកន្លងមក។
សេចក្តីប្រកាសព័ត៌មានបន្តថា លោក Woo Won-Shik បានស្នើលោក ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា គាំទ្រ និងសម្រួលដល់ការវិនិយោគរបស់ប្រទេសកូរ៉េខាងផងដែរ ដើម្បីអាចមានលទ្ធភាព និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងការបង្កើនការវិនិយោគនៅកម្ពុជាថែមទៀត។
ប្រភពដដែលបន្តថា លោក Woo Won-Shik ថ្លែងថា ចំពោះការឯកភាពគ្នាបង្កើត SEZសម្រាប់ ក្រុមហ៊ុនកូរ៉េ ដែលបានព្រមព្រៀងក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់កូរ៉េខាងត្បូងកាលពីពេលកន្លងមកនេះ ខាងភាគីកូរ៉េនឹងរៀបចំបង្កើតSEZនេះឱ្យចេញជារូបរាង។
ក្នុងរយៈពេល ៨ខែដំបូងក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង មានជាង៥៥៦លានដុល្លារ កើនឡើង១០ភាគរយ។ ក្នុងនោះ ការនាំចេញមានជាង២១៨លានដុល្លារ កើនឡើង១៥ភាគរយ ខណៈការនាំចូលពីកូរ៉េខាងត្បូងមានជាង ៣៣៧លានដុល្លារ កើន៧ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕