ភ្នំពេញ៖ ក្នុងគោលបំណងលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាព និងស្ថិរភាពតម្លៃស្រូវក្នុងស្រុក មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យប្រជាកសិករកម្ពុជាផ្លាស់ប្តូរការយកចិត្តទុកដាក់លើការដាំដុះពូជស្រូវក្នុងស្រុក។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួង បានបញ្ជាក់ពីអត្ថប្រយោជន៍ហិរញ្ញវត្ថុនៃពូជស្រូវក្នុងស្រុក ដូចជាពូជសែនក្រអូប ជាងពូជនាំចូលប្រភេទ OM ពីប្រទេសវៀតណាម។
នៅក្នុងការបង្ហោះថ្មីៗនេះនៅលើគណនីហ្វេសប៊ុកផ្លូវការ លោក ហ្វីណង់ បានឱ្យដឹងថា ជាធម្មតា ថ្លៃស្រូវ OM ជាប្រភេទពូជស្រូវរបស់ប្រទេសវៀតណាម តែងតែស្ថិតនៅក្នុងចន្លោះ៨០០រៀល ទៅ ១០០០រៀល ជារៀងរាល់ខែកញ្ញានៃឆ្នាំនីមួយៗ។ ចំណែកឯថ្លៃខ្ពស់កាលពីឆ្នាំ២០២៣ គឺជាករណីពិសេសតែប៉ុណ្ណោះ។
លោកបានពន្យល់ថា៖ «អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ យើងសង្កេតឃើញថា ថ្លៃស្រូវសែនក្រអូប ជាពូជយុទ្ធសាស្ត្ររបស់កម្ពុជាដែលត្រូវការពេលវេលាប្រហែល ១១០ថ្ងៃក្នុងការប្រមូលផល នៅបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្ននេះ កំពុងមានតម្លៃល្អខ្លាំងបើធៀបនឹងស្រូវOM គឺ ១៤០០រៀលក្នុងមួយគីឡូស្រូវសើម»។
លោក ហ្វីណង់ បានលើកទឹកចិត្តកសិករឱ្យទាញយកអត្ថប្រយោជន៍ពីតម្លៃខ្ពស់ទាំងនេះដោយដាំពូជក្នុងស្រុកដោយធានាថាក្រសួងត្រៀមខ្លួនជាស្រេចក្នុងការអន្តរាគមន៍ប្រសិនបើតម្លៃធ្លាក់ចុះ ដោយខុសពីការប្រើប្រាស់ពូជបរទេស តែគេមិនទិញ ឬគេបង្អាប់ទិញក្នុងតម្លៃថោកទៅតាមចិត្ដ។
លោក ហ្វីណង់ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «បច្ចុប្បន្ននេះ យើងមានគោលនយោបាយអាទិភាពទី ៥ ដែលផ្ដោតលើការត្រៀមទុកថវិកាហិរញ្ញប្បទានចំនួន ១០០លានដុល្លារដើម្បីធ្វើអន្ដរាគមន៍ទៅលើស្ថិរភាពតម្លៃដំណាំយុទ្ធសាស្ដ្រមួយចំនួន ដូចជា ស្រូវជាដើម។
លោកបានបន្ដថា៖ «បើវាជាពូជស្រូវរបស់យើង ហើយពេលស្រូវរបស់យើងធ្លាក់ថ្លៃ យើងអាចបញ្ចេញកញ្ចប់ថវិកាឱ្យទៅរោងម៉ាស៊ីនដើម្បីទិញស្ដុកទុក និងធ្វើការនាំចេញ។ ដោយឡែក បើវាមិនមែនជាពូជស្រូវរបស់យើងទេ យើងមិនអាចធ្វើដូច្នេះបានដែរ ខណៈរោងម៉ាស៊ីនក៏មិននាំចេញពូជ OM ដែរ»។
ការអំពាវនាវនេះធ្វើឡើងចំពេលដែលតម្រូវការអង្ករកម្ពុជាកើនឡើងជាសាកល។ យោងតាមលោក ចាន់ សុខឃាង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ឆ្នាំ ២០២៣ គឺជាឆ្នាំវិជ្ជមានសម្រាប់ការនាំចេញអង្កររបស់ប្រទេស។
ប្រជាកសិករកម្ពុជាមានទំនោរដាំពូជស្រូវ OM ជាពិសេស OM 5451 ដោយសារតែទិន្នផលខ្ពស់ និងធន់ទ្រាំនឹងសត្វល្អិត និងជំងឺខ្លាំង។
ពូជនេះជាប្រភេទពូជ Jasmine 85 និង OM 2490 ដែលពេញនិយមក្នុងរដូវប្រាំង ហើយមានតម្រូវការខ្ពស់ ជាពិសេសពីប្រទេសវៀតណាម។
ទោះជាយ៉ាងណាក៏ដោយ ការជំរុញនាពេលថ្មីៗនេះរបស់ក្រសួងសម្រាប់កសិករឱ្យផ្តល់អាទិភាពដល់ពូជក្នុងស្រុក ដូចជា សែនក្រអូប និងម្លិះអង្គរ ដែលកំពុងមានការកើនឡើងតម្លៃគួរឱ្យកត់សម្គាល់ អាចជួយផ្លាស់ប្តូរនិន្នាការនេះ។
នៅឆ្នាំ ២០២៣ តម្លៃអង្ករ OM ឡើងដល់ប្រមាណ ១៣៤៩ រៀលក្នុងមួយគីឡូក្រាម ដែលឆ្លុះបញ្ចាំងពីការកើនឡើងគួរឱ្យកត់សម្គាល់ពីឆ្នាំមុន។
ប៉ុន្តែវាជាតម្លៃកើនឡើងនៃពូជស្រូវក្រអូបដែលបានទាក់ទាញចំណាប់អារម្មណ៍របស់ក្រសួង។ គិតត្រឹមចុងឆ្នាំ២០២៣ តម្លៃស្រូវសែនក្រអូបជាមធ្យម ១៤១៦ រៀលក្នុងមួយគីឡូក្រាម កើនឡើងយ៉ាងខ្លាំងពី ១០៧១ រៀលក្នុងខែធ្នូ ឆ្នាំ២០២២។
ដូចគ្នានេះដែរ តម្លៃអង្ករម្លិះសអង្គរដែលជាអង្ករក្រអូបប្រណិតរបស់កម្ពុជាបានកើនឡើងពី ៧៩០ ទៅ ៩៨០ ដុល្លារក្នុងមួយតោន ខណៈសែនក្រអូបឡើងពី ៧៦០ ទៅ ៨៤០ ដុល្លារក្នុងមួយតោន។
សហព័ន្ធស្រូវអង្ករកម្ពុជា CRF ដែលមានភារកិច្ចរក្សាស្ថិរភាព និងការជំរុញការនាំចេញអង្ករបាននិងកំពុងតាមដានការអភិវឌ្ឍទាំងនេះយ៉ាងដិតដល់។
ជាមួយនឹងការនាំចេញអង្ករចំនួន ៦៥៦៣២៣តោន ក្នុងឆ្នាំ ២០២៣ ដែលជាការកើនឡើង ៣ភាគរយ ពីឆ្នាំមុន សហព័ន្ធនៅតែបន្តតស៊ូមតិសម្រាប់ការពង្រីកទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ៕