ភ្នំពេញៈ វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៧ ឆ្នាំ​២០២៤ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពង្រឹង​និង​ពង្រីក​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ស្រូវ​អង្ករ​កម្ពុជា​ឱ្យ​ឆ្លើយតប​ទៅ​នឹង​បរិបទ​នៃ​ការ​ប្រែប្រួល​បរិយាកាស ក្រោម​ការ​គាំទ្រ​ដោយ​អូស្ត្រាលី កាល​ពី​ថ្ងៃ​អង្គារ ទី​១០ ខែ​កញ្ញា​នេះ។

វេទិកា​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្រោម​ប្រធានបទ «ការ​ប្រែ​ក្លាយ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​អង្ករ​កម្ពុជា​ឱ្យ​កាន់​តែ​មាន​ភាពធន់ បរិយាបន្ន និង​និរន្តរភាព» ដែល​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ប្រមាណ​ជា ៤០០​នាក់។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នៅ​ថ្ងៃ​ពុធ​នេះ។

ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុង សារ៉ន មាន​ប្រសាសន៍​ក្នុង​វេទិកា​នេះ​ថា គោល​បំណង​មួយ​ក្នុង​ចំណោម​គោល​បំណង​ចម្បង​របស់​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៧​នេះ «គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់​ស្រូវ​អង្ករ​កម្ពុជា​ឱ្យ​ឆ្លើយតប​ទៅ​នឹង​បរិបទ​នៃ​ការ​ប្រែប្រួល​បរិយាកាស​និង​និន្នាការ​ពិភព​លោក​លើ​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន ការ​ទទួល​ខុសត្រូវ​សង្គម​និង​អភិបាល​កិច្ច​ល្អ ដែល​ជា​ការ​កម្រិត​និង​លក្ខខណ្ឌ​តម្រូវ​របស់​ទីផ្សារ​អន្តរជាតិ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​ដែល​ចាប់​ផ្តើម​អនុវត្ត​សម្រាប់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ពី​ដើម​ឆ្នាំ ២០២៦ តទៅ»។

លោក ចាន់ សុឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​លើក​ឡើង​ថា ដោយ​មាន​ការ​យក​ចិត្ត​ទុកដាក់​ពី រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​កសិកម្ម ក្រសួង​ឧស្សាហកម្ម និង ក្រសួង​ពាណិជ្ជកម្ម ជា​សេនាធិការ និង​មាន​ការ​ចូលរួម​ពី​ក្រសួង​ស្ថាប័ន​នានា រួម​ទាំង​ដៃគូ​អភិវឌ្ឍន៍​បាន​ជួយ​លើក​កម្ពស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា។ ក្នុង​នោះ​បាន​ពង្រីក​គោលដៅ​ទីផ្សារ​នាំ​ចេញ​ដែល​មាន​ការ​កើន​ពី​ចំនួន ៣៥ គោលដៅ នៅ​ឆ្នាំ​២០១០ រហូត​ដល់ ១២១​គោលដៅ​ត្រឹម​ឆ្នាំ​២០២៣។

លោក​បន្ត​ថា ក្រសួង​កសិកម្ម​កំពុង​តែ​ធ្វើការ​លើ​ការ​អភិវឌ្ឍ​ពូជ​ស្រូវ និង បច្ចេកទេស​ដាំដុះ ខណៈដែល ក្រសួង​ឧស្សាហកម្ម​ជួយ​លើ​បទដ្ឋាន​ស្តង់ដារ និង​ការ​កិន​កែច្នៃ។ រីឯ ក្រសួង​ពាណិជ្ជកម្ម​វិញ​កំពុង​តែ​ជួយ​លើ​ការ​ធ្វើ​ពិពិធកម្ម​ទីផ្សារ​និង​ការ​ផ្សព្វផ្សាយ​លើ​ឆាក​អន្តរជាតិ។

វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៧​នេះ ត្រូវ​បាន​បើក​ក្រោម​អធិបតីភាព រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​ស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម លោក ហែម វណ្ណឌី និង ឯកអគ្គរដ្ឋទូត​អូស្ត្រាលី លោក​ដេរិក យីប។ CAPRED-Australia/Chakriya_Khiev

លោក សុឃាំង ថែ្លង​ដូច្នេះ​ថា៖ «អង្ករ​កម្ពុជា​ក៏​ទទួល​បាន​ការ​ទទួល​ស្គាល់​ពេញ​ពិភពលោក​តាម​រយៈការ​ទទួល​បាន​ពាន​រង្វាន់​អង្ករ​ល្អ​ផ្តាច់​គេ​នៅ​លើ​សកល​លោក​ចំនួន ៥ដង សម្រាប់​អង្ករ​ពូជស្រូវ​ផ្ការំដួល គឺ​នៅ​ឆ្នាំ​២០១២, ២០១៣, ២០១៤, ២០១៨ និង​ឆ្នាំ​២០២២ និង​ពាន​រង្វាន់​មាស​អង្ករ​ពូជ​ស្រូវ​សែនក្រអូប​ពី​ប្រទេស​ចិន នា​ឆ្នាំ​២០២៣ ផងដែរ»។

ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក ដេរិក យីប (Derek Yip) បាន​ថ្លែង​ថា អូស្រ្តាលី​មាន​សេចក្តីរីករាយ​ក្នុង​ការ​បន្ត​ការ​គាំទ្រ​របស់​ខ្លួន តាម​រយៈកម្មវិធី​ភាព​ជា​ដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាពធន់ (CAPRED) ដើម្បី​ជួយ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា ស្វែង​រក​ទីផ្សារ​អន្តជាតិ សម្រាប់​លក់​ផលិតផល​ដ៏​ល្អ​ប្រណីត​របស់​ខ្លួន ព្រម​ទាំង​ជួយ​ជំរុញ​ការ​ផលិតកម្ម​កសិកម្ម ​និង​ការ​កែច្នៃ​ប្រកប​ដោយ​និរន្តរភាព។

លោក​បញ្ជាក់​ថា៖ «អូស្ត្រាលី​បាន​សហការ​ជាមួយ​ប្រទេស​កម្ពុជា​ដើម្បី​គាំទ្រ​ដល់​ការ​រីកលូតលាស់​នៃ​វិស័យ​កសិកម្ម​តាំង​ពី​ឆ្នាំ ១៩៦០​មក​ម៉្លេះ។ យើង​ពិត​ជា​មាន​សេចក្តី​សោមនស្ស​រីករាយ ដោយ​មើល​ឃើញ​ពី​វឌ្ឍនភាព​ដ៏​សំខាន់​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា ជាមួយ​នឹង​ការ​នាំ​ចេញ​អង្ករ និង​ស្រូវ​ទៅ​ក្រៅ​ប្រទេស​ក្នុង​តម្លៃ​ប្រមាណ​ជា ១,៨ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៣»។

វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៧​នេះ ត្រូវ​បាន​បើក​ក្រោម​អធិបតីភាព រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​ស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម លោក ហែម វណ្ណឌី និង ឯកអគ្គរដ្ឋទូត​អូស្ត្រាលី លោក​ដេរិក យីប។ វេទិកា​នេះ​ត្រូវ​បាន​បិទ​ក្រោម​អធិបតីភាព​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

ក្នុង​រយៈពេល​៧ខែ នៃ​ឆ្នាំ​ ២០២៤​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន ៣៧៩ ៥៤៦ តោន ដែលគិតជា​ទឹក​ប្រាក់​មាន​ចំនួន ២៨០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។ ក្រៅពីនោះ ប្រទេស​កម្ពុជា​ក៏​បាន​នាំ​ចេញ​​ស្រូវ​ចំនួន ២ ៧១១ ១៧៩តោន​ទៅ​កាន់​ប្រទេស​ជិត​ខាង ដែល​គិត​ជា​ទឹក​ប្រាក់​​​បាន​ប៉ាន់​ប្រមាណ​ជាង ៧៨៤,៦០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕