ភ្នំពេញៈ ក្រុមហ៊ុន​អាមេរិក​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​នាំចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ ស្វាគមន៍​ចំពោះ​ចំណាប់​អារម្មណ៍​នេះ​ និងលើកទឹកចិត្ត​ដល់​ក្រុមហ៊ុនទាំងនេះ​ឱ្យ​ពិភាក្សា​លម្អិត​បន្ថែម​ទៀតជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា។

ការ​បង្ហាញ​ចំណាប់​អារម្មណ៍​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត និង​គណៈប្រតិភូ​ធុរកិច្ច​អាមេរិក​ដែល​មាន​ក្រុមហ៊ុន​ចំនួន៥ កាល​ពី​ថ្ងៃ​ទី១០ កញ្ញា នៅ​រាជធានី​ភ្នំពេញ។

យោង​តាម​បណ្តាញ​សង្គម​លោក​នាយករដ្ឋមន្ត្រី​នា​ថ្ងៃ​ដដែល​នេះ​បាន​ឱ្យ​ដឹង​ថា ដំណើរ​បេសកកម្ម​ធុរកិច្ច​របស់​គណៈប្រតិភូ​ធុរកិច្ច​អាមេរិក​នៅ​កម្ពុជា​នេះ​មាន​គោលបំណង​ស្វែងរក​កាលានុវត្ត​ភាព​វិនិយោគ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ដៃគូ​ធុរកិច្ច​នៅ​កម្ពុជា ដើម្បី​នាំចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក ដែល​រួមមាន​អង្ករ ស្វាយចន្ទី ម្រេច និង​ស្វាយ​ក្រៀម ជាដើម។ 

បណ្តាញ​សង្គម​បញ្ជាក់​ថា៖ «សម្ដេច​ធិបតី​បាន​ស្វាគមន៍​ចំពោះ​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​អាមេរិក ក្នុង​ការ​ស្វែងរក​ឱកាស​វិនិយោគ និង​ការ​នាំចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក»។ 

លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់ និង​អាទិភាព​របស់​រាជរដ្ឋាភិបាល ចំពោះ​វិស័យ​កសិកម្ម ដូចជា កញ្ចប់​លើកទឹកចិត្ត​ផ្នែក​ពន្ធ​សម្រាប់​វិស័យ​កសិកម្ម, ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​កសិកម្ម, ការ​ដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​នៅ​តាម​មូលដ្ឋាន, ព្រមទាំង​ការ​បង្កើត​សហគមន៍​កសិកម្ម​ទំនើប និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​និង​ហេដ្ឋារចនាសម្ព័ន្ធ​សំដៅ​ចូលរួម​កាត់​បន្ថយ​ថ្លៃ​ដើម និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​នៃ​ផលិតផល​កសិកម្ម​របស់​កម្ពុជា។ 

លោក​បាន​លើកទឹកចិត្ត​ដល់​គណៈប្រតិភូ​ធុរកិច្ច​អាមេរិក​ឱ្យ​បន្ត​ផ្សារ​ភ្ជាប់​ទំនាក់ទំនង និង​ពិភាក្សា​លម្អិត​បន្ថែម​ទៀត ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​ចាប់​យក​ឱកាស​វិនិយោគ និង​ធុរកិច្ច​ក្នុង​វិស័យ​កសិកម្ម អប់រំ និង​វិស័យ​សក្ដានុពល​ផ្សេងៗ​ទៀត​នៅ​កម្ពុជា។

បណ្តាញ​សង្គម​​ដដែល​បញ្ជាក់​ថា ក្រុមហ៊ុន​មួយ​នៅ​សហរដ្ឋអាមេរិក​បាន​សម្រេច​បង្កើត​ការិយាល័យ​តំណាង​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ការ​សម្របសម្រួល​ជូន​និស្សិត​កម្ពុជា ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ។ 

ក្នុង​រយៈ​ពេល​​ ៨​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២៤ ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ​មាន​ជាង​៦,៩ពាន់លាន​ដុល្លារ កើនឡើង១០ភាគរយ។ ក្នុង​នោះ​ ការ​នាំចេញ​​មាន​ជាង​៦,៧ពាន់លាន​ដុល្លារ កើន​ឡើង១០ភាគរយ ខណៈ​ការ​នាំចូល​ពី​សហរដ្ឋអាមេរិក​​មាន​ជាង​១៧៣លាន​ដុល្លារ កើន៨​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣។ នេះ​បើ​យោង​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា៕