ភ្នំពេញៈ ក្រសួងកសិកម្មបានឱ្យដឹងថា ក្រុងចេងចូវ (Zhengzhou) នៃខេត្តហឺណាន (Henan) របស់ចិនបានបង្ហាញចំណាប់អារម្មណ៍ទៅលើផលិតផលសក្ដានុពលរបស់កម្ពុជា ដូចជាស្រូវអង្ករ និងមានបំណងកែច្នៃស្រូវអង្ករទាំងនេះសម្រាប់ការនាំចេញទៅកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិ។
ការបង្ហាញចំណាប់អារម្មណ៍នេះធ្វើឡើងក្នុងជំនួបរវាងលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូក្រុង Zhengzhou នាថ្ងៃទី៩ កញ្ញា នៅទីស្តីការក្រសួង។
ជំនួបនេះមានគោលបំណងពិភាក្សាកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មដំណាំស្រូវ, ការសាងសង់ឃ្លាំងស្តុកស្រូវ, ការបង្កើនសមត្ថភាពកែច្នៃដំណាំស្រូវ, ការផ្លាស់ប្តូរបច្ចេកវិទ្យា, និងការអនុវត្តកិច្ចសហប្រតិបត្តិការលើសេវាកម្មហិរញ្ញវត្ថុសម្រាប់ឧស្សាហកម្មដំណាំស្រូវ តាមរយៈផែនការគម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ខេត្តហឺណានលើវិស័យដំណាំស្រូវ។
ក្រសួងបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១០ កញ្ញា ថា៖ «ភាគីគណៈប្រតិភូចិនបានបង្ហាញចំណាប់អារម្មណ៍ទៅលើផលិតផលសក្ដានុពលរបស់កម្ពុជា ដូចជាស្រូវអង្ករ ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានបំណងកែច្នៃស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារចិន និងអន្តរជាតិ»។
ក្នុងជំនួបនេះ លោក ប្រាក់ ដាវីដ ថ្លែងថា ក្រសួងនឹងពិនិត្យលទ្ធភាពនូវអ្វីដែលអាចធ្វើបានជាមួយភាគីចិន និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិន។
លោកបានចាត់ទុកកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» នៃប្រទេសទាំងពីរ ជាកិច្ចសហប្រតិបត្តិការគំរូដែលអាចផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយជួយឱ្យវិស័យកសិកម្មមានភាពល្អប្រសើរឡើង តាមរយៈច្រករបៀងមច្ឆា និងអង្ករ។
លោក ប្រាក់ ដាវីដ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍខេត្តហឺណាន ដោយលោកបញ្ជាក់ថា ខេត្តនេះពោរពេញទៅដោយបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ ជាមួយនឹងធនធានមនុស្សក្នុងវិស័យកសិកម្ម និងធនធានហិរញ្ញវត្ថុ ដែលនេះជាអ្វីដែលកម្ពុជាត្រូវការ ដើម្បីវិនិយោគក្នុងវិស័យកសិកម្មកម្ពុជាឱ្យមានភាពល្អប្រសើរ។
លោកបានលើកឡើងអំពីផលិតផលកសិកម្មរបស់កម្ពុជា ដែលមានសក្ដានុពលមួយចំនួនទៀតដូចជា ស្វាយ ស្វាយចន្ទី មៀន និងម្សៅមី ដោយលោកបញ្ជាក់ថា កម្ពុជាមានភាពរឹងមាំនូវផ្នែកដាំដុះ ហើយត្រូវការការវិនិយោគលើការកែច្នៃ វេចខ្ចប់ និងភស្តុភារកម្មដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងជំរុញខ្សែច្រវាក់តម្លៃឱ្យបានខ្ពស់ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។
លោក ប្រាក់ ដាវីដ ក៏បានលើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម គឺសហគមន៍កសិកម្មទំនើប ដែលភាគីចិនអាចពិនិត្យលទ្ធភាពក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីចូលរួមគាំទ្រសហគមន៍ទំនើបនេះក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ផលិតផលគុណភាពល្អ និងមានតម្លៃបន្ថែមខ្ពស់។
ក្នុងរយៈពេល ៨ខែដំបូងក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានជាង១០ពាន់លានដុល្លារ កើនឡើងប្រមាណ២៤ភាគរយ។ ក្នុងនោះ ការនាំចេញមានជាង១,១ពាន់លានដុល្លារ កើនឡើងប្រមាណ២២ភាគរយ ខណៈការនាំចូលពីចិនមានជាង៨,៩ពាន់លានដុល្លារ កើនប្រមាណ២៤ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕