លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់សម្ពោធឲ្យប្រើប្រាស់ចំណតកុងតឺន័រដែលត្រូវបានពង្រឹកបន្ថែមនៅកំពង់ផែក្រុងព្រះសីហនុ ដែលពេលនេះមានសមត្ថភាពឲ្យនាវាចូលចតដឹកកុងតឺន័ររហូតដល់ ១លាន TEU ក្នុងមួយឆ្នាំ។
ការពង្រឹកបន្ថែមនេះមានទំហំ ២៥៣ ម៉ែត្រ ដែលត្រូវបានចាប់ផ្ដើមកសាងកាលពីខែឧសភា ឆ្នាំ២០២៣ ដោយចំណាយថវិកាសរុប ៣៧,៥លានដុល្លារ។ ក្នុងនោះ មានហិរញ្ញប្បទានពីជប៉ុនក្នុងទំហំទឹកប្រាក់ ១០លានដុល្លារ និងថវិការបស់កំពងផែស្វយ័តក្រុងព្រះសីហនុមានទំហំ ២៧,៥លានដុល្លារ។ រដ្ឋាភិបាលក៏បានចូលរួមផងដែរ តាមរយៈបដិភាគសម្រាប់ដោះស្រាយពន្ធអាករផ្សេងៗ។ នេះបើតាមការលើកឡើងរបស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ទំហំ TEU គឺជាឯកតានៃបង្ហាញពីសមត្ថភាពដឹកទំនិញ ដែលភាគច្រើនប្រើសម្រាប់នាវាកុងតឺន័រ និងកំពង់ផែកុងតឺន័រ។
លោក ពោធិ៍នា បានបញ្ជាក់ថា ការពង្រីកបន្ថែមផែបន្ថែម ២៥៣ ម៉ែត្រនេះ បានបន្ថែមសមត្ថភាពចំណតផែកុងតឺន័រកើនឡើងពី៥៥ម៉ឺន TEU ទៅ ១លាន TEU ក្នុងមួយឆ្នាំ ដែលអនុញ្ញាតឲ្យនាវាមានជម្រៅទឹក ១០,៤ម៉ែត្រចូលចតបាន។ សមត្ថភាពបន្ថែមនេះ ធ្វើឲ្យសមត្ថភាពនៃការចូលចតនាវាមកពីជុំវិញពិភពលោកកើនឡើងពី ១៨ភាគរយទៅ៣៨ភាគរយ។ សម្រាប់តំបន់អាស៊ី សមត្ថភាពចូលចតរបស់កំពង់ផែនេះកើនឡើងរហូតដល់ ៤៩,២៥ភាគរយ។
លោករដ្ឋមន្ត្រីដឹកជញ្ជូន ក៏បានបង្ហាញអំពីទំហំចំណូលដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រេចបាននៅឆ្នាំ២០២៣ រួមមាន ចំនួនកុងតឺន័រឆ្លងកាត់សរុបជិត ៨០ម៉ឺន TEU ចំនួននាវាឆ្លងកាត់ ១៥០៦គ្រឿងដែលមានចំណុះផ្ទុកនៃនាវាសរុប១៩លានតោន និងចំណូលអាជីវកម្មសរុបជាង ៩៥លានដុល្លារ ដែលសុទ្ធតែជាកំណើនវិជ្ជមាន។
លោកថ្លែងថា៖ «គិតត្រឹម ៧ ខែឆ្នាំ២០២៤ ទំហំទំនិញឆ្លងកាត់មានចំនួន ៥,៧ លានតោន កើនឡើង ២៦,៥២ភាគរយ ក្នុងនោះ បរិមាណកុងតឺន័រឆ្លងកាត់មានជាង ៥២ម៉ឺន TEU កើនឡើង២៦,១៨ភាគរយ។ ចំណូលអាជីវកម្មសម្រេចបានជាង ៦៦ លានដុល្លារ កើនឡើង ២៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ដែលជាកំណើនខ្ពស់មិនធ្លប់មានពីមុនមក»។
បច្ចុប្បន្ននេះ កំពង់ផែកំពុងសាងសង់កំពង់ផែទឹកជ្រៅជំហានទី១ ប្រវែង៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ ដែលនឹងធ្វើឲ្យសមត្ថភាពផែសរុបកើនឡើងទៅដល់ ១,៤លាន TEU ក្នុងមួយឆ្នាំ និងអាចឲ្យនាវានៅតំបន់អាស៊ីប៉ាស៊ីហ្វិក ៩៣ភាគរយអាចចូលចតបាន និងកាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្របានប្រមាណ ២០០ដុល្លារក្នុងមួយ TEU។
លោក ពោធិ៍នា ថ្លែងថា កម្ពុជានឹងពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅក្នុងជំហានបន្តបន្ទាប់ទៀត ដែលនៅឆ្នាំ ២០៣០ កំពង់ផែននេះនឹងមានផ្លូវទឹកដឹកជញ្ជូនកុងតឺន័រតភ្ជាបដោយផ្ទាល់ជាមួយកំពង់ផែនានានៅលើពិភពលោក ដោយពុំមានឧបសគ្គលើជម្រៅទឹកទៀតឡើយ។
លោកថា នៅក្នុងរយៈពេលជាង ៦ឆ្នាំទៀត កំពង់ផែកម្ពុជានឹងសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់ ២,៦៣៧,០០០ TEUក្នុងមួយឆ្នាំ។
លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងក្នុងពិធីនេះថា រាជរដ្ឋាភិបាលជប៉ុនប្ដេជ្ញាបន្តគាំទ្រដល់កម្ពុជាលើការពង្រីកសមត្ថភាពកំពុងផែនេះ និងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក ហ៊ុន ម៉ាណែត ក្នុងការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។
លោកថ្លែងថា៖ «នៅចំពោះមុខសម្ដេចធិបតី ហ៊ុន ម៉ាណែត ខ្ញុំសូមសន្យាជាមួយប្រជាជនកម្ពុជាថា រដ្ឋាភិបាលជប៉ុននឹងបន្តសហការជាមួយកម្ពុជាក្នុងការបន្តពង្រីក និងធ្វើឲ្យប្រសើរឡើងដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែយុទ្ធសាស្ត្ររបស់កំពង់ផែកម្ពុជាដែលត្រូវបានដាក់ចេញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយនឹងធម្មនុញ្ញនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ជប៉ុន និងអភិក្រមនៃកិច្ចសហប្រតិបត្តការទាំងបី ដែលបានប្រកាសដោយលោកជុំទាវ Yōko Kamikawa រដ្ឋមន្ត្រីការបរទេសជប៉ុន»។
លោក ហ៊ុន ម៉ាណែត បានសសើរចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនដែលមកទល់ពេលនេះ មានរយៈពេល ៧១ឆ្នាំហើយ និងជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធថែរក្សាសមិទ្ធិផលកំពង់ផែដែលសម្រេចបាននេះ៕