នាពេលឆាប់ៗខាងមុខនេះ គ្រប់អ្នកប្រើប្រាស់គណនីធនាគារដែលមានតែប្រាក់ដុល្លារ នឹងមានគណនីប្រាក់រៀលមួយទៀតដោយស្វ័យប្រវត្តិនិងដោយឥតគិតថ្លៃ ហើយគ្រប់ធនាគារទាំងអស់នឹងចេញ KHQR តែមួយដែលស្កែនបានទាំងប្រាក់រៀលនិងប្រាក់ដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក ស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ការកែសម្រួលនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងសម្រួលដល់ការចាយវាយរបស់អ្នកប្រើប្រាស់គណនីធនាគារ ដែលពីមុនការស្កែនពីគណនីប្រាក់ដុល្លារ ទៅគណនីប្រាក់រៀល ឬ ពីប្រាក់រៀលទៅប្រាក់ដុល្លារ អាចធ្វើបានដោយត្រូវឆ្លងកាត់ការទូទាត់តាមអត្រាប្តូរប្រាក់។
ថ្លែងក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១៧ ខែកញ្ញានេះ លោកស្រី ជា សិរី បានឲ្យដឹងថា អ្នកមានគណនីធនាគារមួយចំនួនបានបង្ហាញការភ្ញាក់ផ្អើលនៅពេលឃើញគណនីរបស់ខ្លួនមានគណនីប្រាក់រៀលមួយទៀតដោយមិនដឹងខ្លួន។
លោកស្រីបញ្ជាក់ទៀតថា ធនាគារជាតិបានតម្រូវឲ្យធនាគារទាំងអស់បើកគណនីប្រាក់រៀលសម្រាប់អ្នកប្រើប្រាស់ទាំងអស់ដោយមិនគិតថ្លៃ ហើយការគិតថ្លៃពីសំណាក់ធនាគារណាមួយនោះ គឺជាការទទួលខុសត្រូវរបស់ធនាគារនោះផ្ទាល់។
បើតាមលោកស្រីអគ្គទេសាភិបាលធនាគារជាតិ ការតម្រូវឲ្យធនាគារទាំងអស់បើកគណនីប្រាក់រៀលឲ្យអតិថិជនរបស់ខ្លួននេះ ត្រូវបានប្រកាសកាលពី ៦ខែមុន ហើយធនាគារជាច្រើនបានដំណើរការនេះជាបណ្ដើរៗ។ បើតាមការជូនដំណឹងនាពេលនោះ គ្រប់អ្នកប្រើប្រាស់នឹងមានគណនីប្រាក់រៀលនៅថ្ងៃទី១៩ ខែកញ្ញានេះ។ ប៉ុន្តែ កាលបរិច្ឆេទនេះ ត្រូវបានពន្យារពេលមួយរយៈ។
ស្របពេលជាមួយគ្នានេះ ធនាគារទាំងអស់នឹងចេញ KHQR ថ្មីសម្រាប់អ្នកលក់ទាំងអស់ ដែលអាចស្កែនបានទាំងគណនីជាប្រាក់រៀលនិងគណនីជាប្រាក់ដុល្លារ។ ប្រសិនបើអ្នកប្រើប្រាស់ប្រើគណនីប្រាក់រៀលដើម្បីស្កែនសម្រាប់ការទូទាត់ ការទូទាត់នោះនឹងធ្វើឡើងជាប្រាក់រៀល ប៉ុន្តែ បើអ្នកប្រើប្រាស់ប្រើគណនីរបស់ខ្លួនជាប្រាក់ដុល្លារ ការស្កែននឹងចេញជាប្រាក់ដុល្លារ លែងឆ្លងរូបិយវត្ថុដូចមុនទៀតហើយ។
លោកស្រី ជា សិរី ពន្យល់ពីភាពចាំបាច់នៃការប្រើប្រាស់គណនីប្រាក់រៀលដូច្នេះថា៖ «ការប្រើប្រាស់ប្រាក់រៀលគឺបង្ហាញពីការស្រឡាញ់ជាតិ។ លើសពីនេះ ធនាគារជាតិបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសដៃគូជាច្រើនដើម្បីធ្វើការទូទាត់ឆ្លងប្រទេស ប៉ុន្តែបានតែគណនីប្រាក់រៀលប៉ុណ្ណោះ។ ប្រាក់ដុល្លារស្កែកអត់ចេញ។ អីចឹងហើយ អ្នកខ្លះគាត់ឆ្ងល់ម៉េចបានគាត់ស្កែន UnionPay អត់ចេញ»។
លោកស្រីអគ្គទេសាភិបាលលើកទឹកចិត្តឲ្យពលរដ្ឋ និងក្រុមហ៊ុន និងស្ថាប័នទាំងអស់ចូលរួមប្រើប្រាស់ប្រាក់រៀលឲ្យបានច្រើន ទោះបីជាវាមិនមែនជាលក្ខខណ្ឌតម្រូវដូចប្រទេសមួយចំនួនក៏ដោយ៕