ខេត្ដ​រតនគិរី៖ សិក្ខាសាលា​កាល​ពី​ថ្ងៃទី​១៧ ខែកញ្ញា នៅ​ខេត្តរតនគិរី ក្រោម​ប្រធានបទ ការ​លើក​កម្ពស់​សមត្ថភាព​ប្រកួតប្រជែង​តាម​រយៈ​ផលិតភាព និង​នវានុវត្តន៍» បាន​គូស​បញ្ជាក់​ពី​ការ​បន្ត​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ផលិតផល​នាំចូល។

សិក្ខាសាលា​​នេះ​រៀបចំ​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ប្រមូលផ្តុំ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​​សហគ្រាស​ខ្នាតតូច មធ្យម និង​មធ្យម (MSMEs) និង​ឧស្សាហកម្ម​សិប្បកម្ម។

លោក ភោគ សុវណ្ណ​រិ​ទ្ធ រដ្ឋលេខាធិការ បាន​សង្កត់ធ្ងន់​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់អំណាច​ដល់​វិស័យ​ឯកជន ជាពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម ឱ្យ​ក្លាយ​ជា​អ្នក​រួមចំណែក​ដ៏​រឹងមាំ និង​និរន្តរភាព​ដល់​សេដ្ឋកិច្ច​ជាតិ។

លោក​បាន​កត់​សម្គាល់​ថា ខណៈពេល​ដែល​អ្នក​រិះគន់​មួយ​ចំនួន​អះអាង​ថា ផលិតផល​ក្នុង​ស្រុក​ពិបាក​ប្រកួត​ប្រជែង​ជាមួយនឹង​លំហូរ​នៃ​ទំនិញ​នាំចូល​ដែល​មាន​តម្លៃ​ថោក ប៉ុន្តែ​បញ្ហា​នេះ​មិនមែន​ជា​កត្តា​តែ​មួយគត់​ដែល​រារាំង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​នោះ​ទេ។

លោក​បាន​ពន្យល់​ថា​៖ «បញ្ហា​នេះ​យើង​ទទួល​ស្គាល់ តែ​មិន​មក​ពី​កត្តា​នេះ​ទាំង​ស្រុង​នោះ​ទេ សូម​បងប្អូន ក្មួយៗ សិក្ខាកាម​ទាំងអស់​គិត​ពិចារណា ហើយ​វិលត្រឡប់​ទៅ​ក្រោយ​ជាង​២០ ឆ្នាំមុន ដែល​ប្រទេស​យើង​មិន​ទាន់​ផលិត ផលិតផល​បាន គឺ​យើង​បាន​នាំចូល​ស្ទើរតែ ១០០​ភាគរយ»។

លោក​បន្ដ​ថា៖ «តែ​បច្ចុប្បន្ន យើង​ផលិត​បាន​ផលិតផល​មួយ​ចំនួន​ដូចជា៖ អង្ករ ភេសជ្ជៈ គ្រឿងសំណង់ (ស៊ីម៉ង់ត៍) គ្រឿង​ទេស សម្ភារ​ប្រើប្រាស់ ….។ល។ យើង​ឃើញ​ថា ការ​នាំ​ចូល​ផលិតផល​ទាំង​នោះ បាន​ធ្លាក់​ចុះ​ទៅ​វិញ ហើយ​ថែម​ទាំង​មាន​ផលិតផល​ខ្លះ បាន​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ទៀត​ផង ទោះ​បី​ជា​នៅមាន​កម្រិត ដោយ​មូលហេតុ​ថ្លៃដើម​ផលិត​របស់​យើង​នៅ​មាន​ថ្លៃ​ខ្ពស់​នៅឡើយ»។

លោក សុវណ្ណរិទ្ធ បាន​ចង្អុល​បង្ហាញ​ថា តួនាទី​របស់​ក្រសួង ​រួមមាន ​ការ​លើក​កម្ពស់​ផលិត​ភាព និង​នវានុវត្ដ៍ តាម​រយៈ​កម្មវិធី​បណ្តុះ​បណ្តាល ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម។

លោក​បាន​បន្ថែម​ថា៖ «គោលដៅ​របស់​យើង​គឺ​ដើម្បី​ធានា​ថា វិស័យ​ទាំង​នេះ​អាច​រីក​ចម្រើន និង​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ពិភព​លោក​ដែល​មិន​ជាប់លាប់»។

សិក្ខាសាលា​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា នៅ​ខេត្តរតនគិរី ក្រោម​ប្រធានបទ ការលើកកម្ពស់​សមត្ថ​ភាព​ប្រកួតប្រជែង​តាមរយៈ​ផលិតភាព និង​នវានុវត្តន៍​»។ រូបថត សហការី

ក្នុង​សិក្ខា​សាលា​នេះ លោក សុវណ្ណរិទ្ធ បាន​ជំរុញ​ឱ្យ​អ្នក​ចូលរួម​ស្រូប​យក​ចំណេះដឹង​ដែល​បាន​បង្ហាញ ហើយ​យក​ទៅ​អនុវត្ត​នៅ​មូលដ្ឋាន​ផលិតកម្ម​របស់​ពួកគេ។

លោក​បាន​កត់​សម្គាល់​ថា ការ​លើក​កម្ពស់​ផលិតភាព​ត្រូវបាន​គេ​មើលឃើញ​កាន់​តែ​ខ្លាំង​ឡើង​ថា​ជា​យុទ្ធសាស្ត្រ​សំខាន់​សម្រាប់​ជំរុញ​ការ​ប្រកួត​ប្រជែង​ជា​សាកល ហើយ​កម្ពុជា​ត្រូវតែ​អនុវត្តតាម​ដើម្បី​កុំឱ្យ​ធ្លាក់​ពីក្រោយ។

លោក សុវណ្ណរិទ្ធ បាន​ព្រមាន​ថា៖ «ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​បាន​អនុវត្ត​វិធីសាស្ត្រ​លើក​កម្ពស់​ផលិតភាព ដើម្បី​ជំរុញ​ការ​ប្រកួត​ប្រជែង។ ប្រសិន​បើ​យើង​មិន​ធ្វើ​ដូចគ្នា​ទេ សហគ្រាស​ធុន​តូច និង​មធ្យម​របស់​យើង​នឹង​ជួប​ការ​លំបាក ហើយ​មនុស្ស​ជាច្រើន​អាច​នឹង​ដួលរលំ»។

លោក អ៊ុំ សេរីវុទ្ធ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផលិតភាព​កម្ពុជា បាន​គូស​បញ្ជាក់​ពី​សិក្ខាសាលា​នេះ ផ្តោតលើ​ការ​ជួយ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ក្នុង​ខេត្តរតនគិរី កសាង​សមត្ថភាព​របស់​ពួកគេ​ឱ្យមាន​ភាព​ធន់ និង​និរន្តរភាព​។​

លោក​បាន​ចែករំលែក​ថា មជ្ឈមណ្ឌល​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ផ្សេងៗ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម និង​លើក​កម្ពស់​ប្រាក់​ចំណេញ និង​ការ​ប្រកួតប្រជែង​របស់​អាជីវកម្ម​។​

លោកលើកឡើង​ថា៖ «​បងប្អូន​ម្ចាស់​សហគ្រាស សិប្បកម្ម សេវាកម្ម ក្នុង​ខេត្ត នៃ​ភូមិភាគ​ឦសាន យកទៅអនុវត្ត​ជាក់ស្តែង​នៅ​មូលដ្ឋាន​ផលិតកម្ម ឱ្យមាន​ការវិវឌ្ឍ​ឈានឡើង និង​ប្អូនៗ សិស្ស និស្សិត កាន់​តែមាន​មូលដ្ឋាន​ចំណេះដឹង​មួយ​ជាក់លាក់​សម្រាប់​ប្រកប​មុខ​មុខរបរ​រៀងៗ​ខ្លួន​នាពេលខាងមុខ»​។​

លោកបាន​និយាយថា ម្ចាស់​សហគ្រាស និង​សិប្បកម្មផ្សេងៗមាន២៥​មូលដ្ឋាន សេវាកម្ម និង​លក់ប្រេង​ឥន្ទនៈ​ ជិត ៤០​មូលដ្ឋាន ​រួម​ទាំង​និស្សិត​មកពី​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ប្រមាណ ៤០នាក់ និង​សិស្ស​វិទ្យាល័យ​អូរជុំ ៦ នាក់៕