ភ្នំពេញៈ កម្ពុជា-ម៉ាឡេស៊ី បានប្រកាសជាផ្លូវការអំពីគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដែលជាការបើកលទ្ធភាពឱ្យភ្ញៀវទេសចរ និងវិនិយោគិនកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការទូទាត់នៅប្រទេសម៉ាឡេស៊ី ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
ធនាគារជាតិនៃកម្ពុជា(BNC) និងធនាគារកណ្តាលម៉ាឡេស៊ី នៅថ្ងៃទី១៩ ខែកញ្ញានេះ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត(QR Code) រវាងប្រទេសទាំង ២ ដើម្បីផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជាទទួលបាននូវបទពិសោធទូទាត់ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាមួយនឹងលោក Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្តាលប្រទេសម៉ាឡេស៊ី នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
យោងតាមធនាគារជាតិនៃកម្ពុជា នេះគឺជាដំណាក់កាលទី១ ក្នុងចំណោម ២ ដំណាក់កាល។
ក្នុងដំណាក់កាលទី១ នៃការតភ្ជាប់នេះ ប្រជាពលរដ្ឋកម្ពុជាអាចធ្វើការទូទាត់ថ្លៃទំនិញ និងសេវានៅប្រទេសម៉ាឡេស៊ីបាន ដោយគ្រាន់តែធ្វើការស្គេនឃ្យូអរកូត (DuitNow QR Code)ដែលតាំងបង្ហាញដោយពាណិជ្ជករ តាមរយៈការប្រើប្រាស់កម្មវិធីទូទាត់បាគង(Bakong app) និងកម្មវិធីធនាគារចល័តរបស់ធនាគារ មេយប៊ែង (M2U KH app)។
សម្រាប់ដំណាក់កាលទី២ ប្រជាជនមកពីប្រទេសម៉ាឡេស៊ី នឹងអាចធ្វើការទូទាត់ទំនិញ និងសេវា ទៅកាន់ពាណិជ្ជករនៅក្នុងប្រទេសកម្ពុជា វិញ។
លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គម្រោងទូទាត់ឆ្លងដែននេះ នឹងផ្តល់នូវភាពងាយស្រួល រហ័ស និងសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា ក្នុងការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែន នៅពេលធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។ ប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀល អាចធ្វើការទូទាត់ដោយប្រើរូបិយបណ្ណរៀលខ្មែរ(KHR) ជារូបិយប័ណ្ណគោល ខណៈរូបិយបណ្ណទូទាត់ជារីងហ្គីតម៉ាឡេស៊ី (MYR)។
លោកស្រីបន្តថា៖«គម្រោងទូទាត់ឆ្លងដែននេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសទាំងពីរ ដែលបង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន លើការតភ្ជាប់ប្រព័ន្ធទូទាត់រាយ ដែលមានភាពរហ័ស ប្រសិទ្ធភាព និងសុវត្ថិភាព»។
លោក Abdul Rasheed Ghaffour បានលើកឡើងថា តាមរយៈការតភ្ជាប់ការទូទាត់តាមឃ្យូអរកូត ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំង ២ នឹងកើនឡើងឆាប់រហ័ស និងមានប្រសិទ្ធភាពជាងមុន៕
បច្ចុប្បន្ននៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែន គឺកម្ពុជា មានជាមួយប្រទេសថៃ វៀតណាម ឡាវ ចិន កូរ៉េខាងត្បូង និងប្រទេសម៉ាឡេស៊ី៕