តម្លៃប្រេងសាំងធម្មតាធ្លាក់មកនៅ ៤០០០រៀលក្នុងមួយលីត្រ ដែលជាការធ្លាក់ចុះទាបលើកដំបូងក្នុងរយៈពេលជិត ២ឆ្នាំចុងក្រោយ។ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១ ខែកញ្ញានេះ បានប្រកាសពីតម្លៃប្រេងឥន្ធនៈដែលនឹងត្រូវអនុវត្តពីថ្ងៃទី១ដល់ទី១០ ខែកញ្ញានេះ។
តម្លៃសម្រាប់ចន្លោះពេលនេះ គឺសាំងធម្មតាតម្លៃ ៤០០០រៀលក្នុងមួយលីត្រ ធ្លាក់ចុះ ១៥០រៀល ខណៈដែលប្រេងម៉ាស៊ូតមានតម្លៃ ៣៨៥០រៀលក្នុងមួយលីត្រ ធ្លាក់ចុះ ១០០រៀល។ ការកំណត់តម្លៃនេះផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់ក្រសួង។
យ៉ាងណាក៏ដោយ តម្លៃនេះគឺជាតម្លៃក្រោយអនុវត្តតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានអនុញ្ញាតឱ្យបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារក្នុងមួយលីត្រ បន្តទៅលើគោលការណ៍ដែលត្រូវបានអនុវត្តជាច្រើនឆ្នាំមកហើយ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា តាមការអង្កេតរបស់លោក តម្លៃសាំងធម្មតាមិនបានធ្លាក់ចុះមកដល់ ៤០០០រៀលនេះទេក្នុងរយៈពេលជិត ២ឆ្នាំចុងក្រោយនេះ គិតចាប់តាំងពីចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣មក។
លោកថា ការប្រែប្រួលនៃតម្លៃនេះ មានឡើងស្របទៅតាមបរិមាណផលិត និងតម្រូវការនៅលើទីផ្សារពិភពលោក។ លើសពីនេះទៀត វាអាចដោយសារតែការផលិតរថយន្តអគ្គិសនីកាន់តែច្រើន ដែលធ្វើឲ្យតម្រូវការប្រេងឥន្ធនៈថយចុះ។ ការប្រើប្រាស់រថយន្តម៉ាស៊ីនតូច ឬរថយន្តទាក់បូ ដែលស៊ីប្រេងតិច ក៏ចូលរួមចំណែកដល់ការធ្លាក់ចុះនេះផងដែរ។
លោកថា កត្តារួមផ្សំមួយទៀតនៃការធ្លាក់ចុះនេះ អាចបណ្ដាលមកពីការបញ្ចេញប្រេងឆៅលក់ច្រើនពីប្រទេសរុស្ស៊ី និងការបញ្ចេញលក់បន្តក្នុងបរិមាណច្រើនដោយប្រទេសចិនដែលជាដៃគូរបស់រុស្ស៊ី៕