ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​អំពាវនាវ​ដល់​កសិករ​ជ្រើសរើស​ពូជស្រូវ​ប្រភេទ​ផ្កា​រំដួល និង​សែន​ក្រអូប​សម្រាប់​ធ្វើការ​ដាំដុះ ដោយ​កត់សម្គាល់​ថា ស្រូវ​ដែល​ផលិត​ពី​ពូជស្រូវ​ទាំងពីរ​ប្រភេទ​នេះ​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​សម្រាប់​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​ធ្វើការ​កែច្នៃ​​ជា​អង្ករ​នាំចេញ​ទៅ​ក្រៅ​ប្រទេស។

លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ថ្លែង​ថា៖ «ក្នុងនាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ យើង​ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ ក៏ដូចជា​ណែនាំ​ដល់​បងប្អូន​ប្រជា​កសិករ​ជ្រើសរើស​ពូជស្រូវ​ផ្កា​រំដួល និង​សែន​ក្រអូប ដែល​ជា​ពូជស្រូវ​ពូជ​របស់​យើង​ធ្វើការ​ផលិត​ដើម្បី​ផ្សារ​ភ្ជាប់​មក​ទីផ្សារ»​។ 

លោក​ថ្លែង​តាមរយៈ​វីដេអូ​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ក្រសួង​កាលពី​ថ្ងៃទី​៣១ សីហា ថា៖ «ពូជស្រូវ​ផ្កា​រំដួល និង​សែន​ក្រអូប​នេះ​ជា​ពូជស្រូវ​មួយ​ដែល​មាន​តម្រូវការ​ខ្ពស់ ជាពិសេស​រោងម៉ាស៊ីន ក៏ដូចជា​ក្រុមហ៊ុន​ក្នុង​ស្រុក​យើង​ត្រូវការ​ពូជ​ទាំងពីរ​នេះ​ដើម្បី​ធ្វើការ​កែច្នៃ​​ដើម្បី​នាំចេញ​ជា​អង្ករ​ទៅ​ក្រៅ​ប្រទេស អ៊ីចឹង​ធ្វើ​ឱ្យ​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​។ ​ទន្ទឹម​ហ្នឹង​ បង​ប្អូន​ប្រជា​កសិករ​អាច​លក់​ស្រូវ​ទាំងនោះ​ទទួល​បាន​តម្លៃ​សមរម្យ និង​មាន​ស្ថិរភាព​ផង»។ ​

លោក យ៉ង សាំងកុមារ បន្ត​ថា ក្រសួង​កសិកម្ម​ក៏​នឹង​ជួយ​សម្របសម្រួល​ និង​គាំទ្រ​ដល់​កសិករ​ដែល​ផលិត​ស្រូវ​ផ្កា​រំដួល និង​សែន​ក្រអូប​នេះ​ឱ្យ​មាន​ការ​សហការ​គ្នា​ល្អ​រវាង​រោង​ម៉ាស៊ីន និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​ទាំង​នេះ​ឱ្យ​បាន​ទាន់​ពេល​ជាមួយ​តម្លៃ​សមរម្យ។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​លោក Enrique Manalo រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន ក្នុង​ជំនួប​កាល​ពី​ចុង​ខែ​សីហា នៅ​ប្រទេស​ហ្វីលីពីន បាន​ទទួល​ស្គាល់​នូវ​សក្ដានុពល និង​កាលានុវត្ត​ភាព​ដ៏​ធំធេង និង​បាន​ឯកភាព​បង្កើន​ពាណិជ្ជកម្ម និង​វិនិយោគ តាម​រយៈ​ការ​លើកទឹកចិត្ត​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​ធុរកិច្ច និង​ធុរកិច្ច ក៏ដូចជា​ការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម។ 

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា៖ «ភាគី​ទាំងពីរ​បាន​ពិភាក្សា​ផង​ដែរ​អំពី​មធ្យោបាយ​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​អង្ករ និង​មុខ​ទំនិញ​ដទៃ​ទៀត ព្រម​ទាំង​ការ​អភិវឌ្ឍ​ធុរកិច្ច​ផ្នែក​កសិកម្ម»។

យោង​តាម​សហ​​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​(CRF)​ បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ ​២០២៣ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​សរុប ៦៥៦ ៣២៣​ តោន កើន​ឡើង​ ៣​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ចំណែក​ទឹកប្រាក់​ប្រមូល​បាន​មាន​ចំនួន ៤៦៦ ​លាន​ដុល្លារ កើន​ឡើង ១៣ ​ភាគរយ​។ អង្ករ​កម្ពុជា​ត្រូវ​បាន​នាំចេញ​ទៅកាន់​គោល​​ដៅ​ចំនួន ៦១ ​ប្រទេស​/​ដែនដី តាម​​រយៈ​ក្រុមហ៊ុន​នាំចេញ​ចំនួន ៦៣​។​

របាយការណ៍​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៧​ខែ​ដើម​ឆ្នាំ​២០២៤ ពី​ខែ​មករា ដល់​កក្កដា ការ​នាំចេញ​​របស់​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​គិត​ជា​ទឹក​ប្រាក់​មាន​ជាង​១៤​ពាន់​លាន​ដុល្លារ កើន​១៤​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣៕