ការ​នាំ​ចេញ​ផលិតផល​គ្រាប់​ស្វាយចន្ទី ផលិត​ផល​ត្រចៀកកាំ និង​ដំឡូងមី​កម្ពុជា ទៅ​ទីផ្សារ​ប្រទេស​ចិន​នឹង​បង្ហាញ​សញ្ញា​វិជ្ជមាន​កាន់​តែ​ខ្លាំង បន្ទាប់​ពី​សមាគម​ចំនួន ៣ របស់​កម្ពុជា បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ​(MoU)​​ ជាមួយ​នឹង​រដ្ឋបាល​គយ​ចិន​នៃ​ខេត្ត​គ័ងហ្ស៊ី ខណៈ​បរិមាណ​ទិន្នផល គុណភាព និង​សមត្ថភាព​កែច្នៃ​/វេចខ្ចប់​នៅ​កម្ពុជា​ ត្រូវ​បាន​ទទួល​ស្គាល់​កាន់​តែ​ច្រើន​ពី​ទីផ្សារ​អន្តរ​ជាតិ។

MoU នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ថ្ងៃទី​២៦ ខែ​កញ្ញា នៅ​ក្នុង​ទីក្រុង​ណាននីង នៃ​ខេត្ត​គ័ងហ្ស៊ី ប្រទេស​ចិន ក្នុង​វេទិកា CAEXPO: China- ASEAN Expo 21។

MoU នេះ​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​រដ្ឋបាលគយ​ចិន​ខេត្ត​គ័ងហ្ស៊ី ជា​មួយ​នឹង​សមាគម​ ចំនួន ៣​របស់​កម្ពុជា ដែល​រួម​មាន សមាគម​ស្វាយចន្ទី​កម្ពុជា សមាគម​ត្រចៀកកាំ​ខ្មែរ និង​សមាគម​សម្ព័ន្ធ​ដំឡូងមី​កម្ពុជា​ចិន។

MoU នេះ គឺ​មាន​គោល​បំណង​សម្រួល​ដល់​ការ​នាំចូល​ផលិត​ផល​កសិកម្ម​មួយ​ចំនួន​ជា​ផ្លូវ​ការ​ចូល​ក្នុង​ខេត្ត​គ័ងហ្ស៊ី ដោយ​មិនចាំបាច់​ឆ្លង​កាត់​ប្រទេស​ទី ៣ ខណៈ​កន្លង​មក​ការ​នាំ​ចេញ​តាម​រយៈ​ប្រទេស​ជិត​ខាង​ បាន​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ច្រើន​ទៅ​លើ​ថ្លៃ​ដឹកជញ្ជូន និង​រយៈ​ពេល​ធ្វើដំណើរ។​

ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា លោក អួន ស៊ីឡូត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ទីក្រុង​ណាននីង នៃ​ខេត្តគ័ងហ្ស៊ី បន្ទាប់​ពី​ពិធី​ចុះ​ហត្ថលេខា​ថា MoU នេះនឹង​ផ្តល់​ផល​វិជ្ជមាន​យ៉ាង​ច្រើន​សម្រាប់​ទីផ្សារ​នាំ​ចេញ​ផលិត​ផល​កម្ពុជា​ទៅ​​ប្រទេស​ចិន ខណៈ​កន្លង​មក​ការ​នាំ​ចូល​កសិផល​ស្រស់​ពី​ប្រទេស​កម្ពុជា ចាំ​បាច់​ត្រូវមាន​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​ពី​រដ្ឋបាលគយ​ចិន ទើប​អាច​នាំ​ចូល​បាន។

លោក​ថ្លែង​ថា៖​«​ការ​ត្រួត​ពិនិត្យ​កន្លង​មក​មាន​ភាព​ស៊ាំញាំ ស្មុគស្មាញ ដែល​ធ្វើ​ឱ្យ​កសិផល​មួយ​ចំនួន​ត្រូវ​បង្ខំ​ឆ្លង​កាត់​ប្រទេសទី ៣ ទើប​អាច​នាំ​ចូល​ប្រទេសចិន​បាន។ តាម​រយៈ​ស្មារតី​នៃ​អនុស្សារណៈ​នេះ គឺ​ការ​នាំ​ចេញ​របស់​យើង​នឹង​កាត់​បន្ថយ​របាំង​មួយ​ចំនួន​ដែល​នាំ​ឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​នាំ​ចូល​កសិផល​ទៅ​ក្នុង​ខេត្ត​គ័ងហ្ស៊ី ដែល​មាន​ប្រជាជន​រស់​នៅ​ជាង ៥០ លាន​នាក់»។

លោក ស៊ុយ កុកធាន ប្តូរអនុស្សារណៈ(MoU) ជា​មួយ​​តំណាង​​រដ្ឋបាល​គយនៃ​ខេត្តគ័ងហ្ស៊ី។ រូបថត សហការី

លោក​ប្រាប់​ទៀត​ថា កន្លង​មក​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រឹងប្រែង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស និង​លក្ខខណ្ឌ​ទ្វេភាគី​ពិសេស ក្នុង​ការ​នាំ​ចូល​ផលិតផល​កម្ពុជា ទៅ​ប្រទេស​ចិន​ជា​ទូទៅ​រួច​ហើយ ប៉ុន្តែ​អនុស្សារណៈ​នេះ ជា​ចំណុច​បំពេញ​បន្ថែម​រវាង​វិស័យ​ឯកជន​កម្ពុជា និង​រដ្ឋបាល​គយ​ក្នុង​ខេត្ត​គ័ងហ្ស៊ី។

យោង​តាម​លោក ស៊ីឡូត អនុស្សារណៈ​ដែល​បាន​ចុះ​ហត្ថលេខា​ក្នុង​ថ្ងៃ​នេះ(ថ្ងៃ​ទី​២៦ ខែ​កញ្ញា) មាន​ចំណុច​វិជ្ជមាន ២ គឺ​ទី១ លំហូរ​កសិផល​កម្ពុជា​ចូល​មក​ផ្ទាល់​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ខេត្ត​គ័ងហ្ស៊ី និង​ផលិត​នាំចូល​ទីផ្សារ​នានា​ក្នុង​ប្រទេស​ចិន​ដោយ​រួច​លក្ខខណ្ឌ​មួយ​ចំនួន​របស់​គយ​ចិន។

ចំណែកទី ២ អាច​ជា​ប្រទីប​ចង្អុល​ផ្លូវ​ដល់​វិនិយោគនានា​ក្នុង​ខេត្ត​គ័ងហ្ស៊ី ដើម្បី​បោះទុន​ទៅ​សាងសង់​រោងចក្រ​កែច្នៃ​កសិផល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​ដែល​មានស្រាប់​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​នាំចូល​មក​ចិន​ដោយ​មិន​ជាប់​លក្ខខណ្ឌ និង​កាតព្វកិច្ច​នានា​របស់​រដ្ឋបាលគយ​នៅ​ក្នុង​ខេត្តគ័ងហ្ស៊ី។

ទិន្នន័យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ផ្ទៃដី​ដាំដុះ​ដំណាំ​ស្វាយចន្ទី​ជាង ៥៨ ម៉ឺន​ហិកតា និង​ប្រមូល​ផល​បាន​ជាង ៨០ ម៉ឺន​តោន​ក្នុង​ ១ ឆ្នាំ។ សម្រាប់​រយៈពេល ៨ ខែ ដើម​ឆ្នាំ​២០២៤ កម្ពុជា​បាន​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ប្រមាណ​ជាង ៥៦ ម៉ឺន​តោន ទៅ​កាន់ ១១ ប្រទេស។​

បន្ថែម​ពី​លើ​នេះ ប្រធាន​សមាគម​ត្រចៀកកាំ​ខ្មែរ លោក ស៊ុយ កុកធាន ដែល​បាន​ចុះ​ហត្ថលេខា​លើ MoU ខាង​លើ​ក៏​បាន​ប្រាប់​ដែរ​ថា នេះ​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​បន្ថែម​ទៀត​សម្រាប់​ទីផ្សារ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ខណៈ​កន្លងមក​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា​ បាន​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ទៅ​ទីផ្សារចិន​។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​ក្នុង​ ១​ឆ្នាំ​ៗ​កម្ពុជា​អាច​ប្រមូលផល​ពី​សត្វ​ត្រចៀកកាំ​បាន​ប្រហែល ១០០​តោន ប៉ុន្តែ​ការ​នាំ​ចេញ​ផ្លូវ​ការ​ទៅ​ទីផ្សារ​អន្តរជាតិ គឺ​នៅ​មាន​បរិមាណ​តិច​តួច​នៅ​ឡើយ។ សម្រាប់​ទីផ្សារ​ចិន ការ​នាំចេញ​ជា​ផ្លូវ​ការ គឺមិន​ទាន់មាន​ទេ។

លោក​បញ្ជាក់​ថា៖​«​MoU នេះគឺ​ជា​មោទនភាព​ថ្មីមួយ​ទៀត​សម្រាប់​ទីផ្សារ​នាំចេញ​ផលិតផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ដោយ​ MOU ដែល​យើង​មាន​ចុះ​ហត្ថលេខា​ជា​មួយ​អាជ្ញាធរគយ​ខេត្ត​គ័រហ្ស៊ី នឹង​ត្រូវ​បន្ត​ទៅដល់​រដ្ឋាភិបាល​ចិន​ផងដែរ​»។​

បើ​តាម​លោក កុកធាន ប្រទេស​ចិន គឺ​ជា​ទីផ្សារ​ធំបំផុត​បំផុត​លើ​ពិភពលោក ដោយ​កាល​ពី​ឆ្នាំ​២០២៣ កន្លង​មក​មាន​ការ​នាំ​ចូល​ផ្លូវ​ការ​ប្រមាណ ៥០០​តោន និង​ការ​នាំចូល​ក្រៅ​ផ្លូវ​ការ​ជាច្រើន​ទៀត​។​

លោក​បាន​អះអាងថា៖​«ខ្ញុំមាន​សុទិដ្ឋិនិយម​ថា MoU នេះ​គឺ​មិន​ត្រឹម​តែ​ជួយ​បើក​ទីផ្សារ​ផលិតផល​ត្រចៀកកាំកម្ពុជា​ ​ផលិត​ផល​គ្រាប់​ស្វាយចន្ទី ព្រម​ទាំង​ដំឡូងមី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ជួយឱ្យ​មាន​ការ​វិនិយោគ​លើ​វិស័យ​ទាំង​អស់​នេះ​កាន់​តែ​ច្រើន​ផង​ដែរ​៕​