កម្ពុជា​បាន​បញ្ចេញ​ប្រាក់​ជិត ១៤​ ពាន់​លាន​ដុល្លារ​ ស្មើ​នឹង​ជាង ៧៣ ភាគ​រយ​នៃ​ចំនួន​ទឹក​ប្រាក់​សរុប​នៃ​ការ​នាំ​ចូល​ទំនិញ​ពី​ក្រៅ​ប្រទេស​ក្នុង​រយៈ​ពេល ៨ ខែ​ដើម​ឆ្នាំ​២០២៤ ទៅ​លើ​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ចំនួន ៣ ដើម្បី​បំពេញ​តម្រូវការ​ប្រើ​ប្រាស់​ក្នុង​ស្រុក និង​ធ្វើ​ជា​វត្ថុធាតុ​ដើម​សម្រាប់​ផលិត/​កែច្នៃ​ទំនិញ​ដើម្បី​នាំ​ចេញ​ទៅ​លក់​បន្ត​នៅ​ទីផ្សារ​អន្តរជាតិ។

របាយការណ៍​នាំ​ចូល​ទំនិញ​របស់​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​(GDCE)​ ឱ្យដឹង​ថា ​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ​២០២៤ ប្រទេស​កម្ពុជា​បាន​បញ្ចេញ​ប្រាក់​សរុប​ ១៨,៩០​ ពាន់​លាន​ដុល្លារ​ទៅ​លើ​ការ​នាំ​ចូល​ទំនិញ​ពី​ក្រៅ​ប្រទេស​ កើន​ឡើង ១៦,២ ​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​២០២៣។ ប្រទេស​ចំនួន ៣ ​រួម​មាន ​ចិន វៀតណាម និង​ថៃ បាន​គ្រប​ដណ្តប់​ចំណែក​ទឹក​ប្រាក់​នាំចូល​ចំនួន ១៣,៩១ ពាន់​លាន​ដុល្លារ ដែល​ស្មើ​នឹង ៧៣,៥៩ ភាគរយ​នៃ​ចំនួន​ទឹក​ប្រាក់​សរុប​។ រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៣ ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ទាំង ៣ មាន​ចំណែក​ប្រមាណ ៧១ ភាគរយ​នៃ​ទឹក​ប្រាក់​នាំ​ចូល​សរុប។

យោង​តាម GDCE ក្នុង​ចំនួន​ខាង​លើ គឺ​ប្រទេស​ចិន​បាន​នាំ​ទំនិញ​មក​កម្ពុជា​ចំនួន​ជិត ៨,៩៣​ ពាន់​លាន​ដុល្លារ(កើន ២៤,៨ ភាគ​រយធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​២០២៣) ស្មើនឹង ៤៧,២​ ភាគរយ​នៃ​ចំណែក​ទឹកប្រាក់​នាំ​ចូលទំនិញ​សរុប, វៀតណាម ២,៧៧ ពាន់​លាន​ដុល្លារ​(កើន ១៣ ភាគរយ) ស្មើ ១៤,៦​ ភាគរយ, និង​ប្រទេស​ថៃ ២,២២​ ពាន់​លាន​ដុល្លារ(កើន ១៤,៣​ ភាគ​រយ) ស្មើ​នឹង ១១,៧​ ភាគរយ។

ក្រៅ​ពី​ប្រទេស​ទាំង ៣ កម្ពុជា​ក៏​បាន​នាំ​ចូល​ទំនិញ​ពី​ប្រទេស​/ដែនដី ​មួយ​ចំនួន​ដូចជា ជប៉ុន ឥណ្ឌូនេស៊ី ចិនតៃប៉ិ, ម៉ាឡេស៊ី, សិង្ហបុរី កូរ៉េ​ខាងត្បូង, ហុងកុង, ស៊ីលី, អាមេរិក, ឡាវ, ឥណ្ឌា, អាល្លឺម៉ង់, អូស្រ្តាលី និង​ដាណឺម៉ាក ជាដើម។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​ថា លក្ខខណ្ឌ​ទីតាំង​ភូមិ​សាស្រ្ត និង​ទំនាក់​ទំនង​ល្អ​រវាង​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង ៣ ជា​មួយ​កម្ពុជា​ បាន​ធ្វើ​ឱ្យ​លំហូរ​ពាណិជ្ជកម្ម​កើន​ឡើង​ជា​បន្ត​បន្ទាប់។

លោក​បន្ត​ថា សម្រាប់​ប្រទេស​ចិន ទោះ​មិន​មាន​ព្រំដែន​ជាប់​ជាមួយ​កម្ពុជា ប៉ុន្តែ​បច្ចុប្បន្ន​ប្រទេស​នេះ​គឺ​ជា​មជ្ឈមណ្ឌល​ផ្គត់​ផ្គង់​ទំនិញ និង​វត្ថុធាតុ​ដើម​ដ៏​ធំ​លើ​ពិភពលោក​។ ចំណែក​វៀតណាម និង​ថៃ គឺ​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​ជាមួយ​កម្ពុជា ដូច្នេះ​ការ​ផ្លាស់​ប្តូរ​ទំនិញ​គឺ​កើត​មាន​ជា​ហូរហែ​រាល់ថ្ងៃ។

លោក​ប្រាប់​ទៀត​ថា សម្រាប់​ចំនួន​ទឹក​ប្រាក់​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ចិន​ដែល​មាន​បរិមាណ​ច្រើន​លើស​ពី​ប្រទេស​ផ្សេង​ គឺ​ដោយសារ​ភាគ​ច្រើន​នៃ​ទំនិញ​ចិន​នាំ​មក​កម្ពុជា គឺ​ជា​វត្ថុធាតុ​ដើម​សម្រាប់​បំពេញ​ឱ្យ​តម្រូវការ​រោងចក្រ​/សហគ្រាស​នៅ​ក្នុង​ស្រុក យក​ទៅ​ផលិត ឬ​កែច្នៃ សម្រាប់​កម្ពុជា​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ។

លោក​បាន​ថ្លែង​ថា៖​«​កត្តា​ទីតាំង​ភូមិសាស្រ្ត និង​កិច្ច​សហ​ប្រតិបត្តិការ​ល្អ ព្រម​ជា​មួយ​នឹង​ការ​អនុវត្តកិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP)​ របស់​ប្រទេស​ទាំង​ ៣ ជា​មួយ​កម្ពុជា នឹង​ធ្វើ​ឱ្យ​សម្ទុះ​នៃ​ការ​នាំ​ចូល​ទំនិញ​ប្រទេស​ទាំង ៣ នៅ​តែ​មាន​បរិមាណ​ច្រើន​បន្ត​ទៀត​នាពេល​ខាងមុខ»។

បើ​តាម​លោក លឹម ហេង ក្រៅពី​ការនាំ​ចូល​ទំនិញ​មក​កម្ពុជា ប្រទេស​ចិន វៀតណាម និង​ថៃ ក៏​ជា​ទីផ្សារ​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ក្នុង​ទឹក​ប្រាក់​ច្រើន​លាន​ដុល្លារ​ផង​ដែរ​ក្នុង ១ ​ឆ្នាំៗ។

ទិន្នន័យ GDCE បាន​ឱ្យ​ដឹង​ថា រយៈពេល​ ៨ ​ខែ ឆ្នាំ ​២០២៤ ប្រទេស​ទាំង​ ៣ បាន​ទទួល​​ទិញ​ទំនិញ​ពី​កម្ពុជា​ក្នុង​ទឹកប្រាក់​ប្រមាណ ៤,១៨ ​ពាន់​លាន​ដុល្លារ ​ដែល​ស្មើ​នឹង ២៣,៨ ​ភាគរយ​នៃ​ចំនួន​ទឹក​ប្រាក់​នាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា ដែល​មាន​ចំនួន​ជាង ១៧,៥៨ ​ពាន់​លាន​ដុល្លារ​។

សេដ្ឋវិទូ​ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរី​វឌ្ឍន៍ ធ្លាប់​បាន​និយាយ​ថា ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ចិន វៀតណាម និង​ថៃ គឺ​មាន​ដំណើរការ​ល្អ​គួរ​ឱ្យ​កត់​សម្គាល់ ខណៈ​ប្រទេស​ទាំង​ ៣ ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង RCEP​។

លោក​បន្ត​ថា ក្នុង​ដំណាក់កាល​នយោ​បាយ និង​សេដ្ឋកិច្ច​ពិភពលោក​មិន​ទាន់​ដំណើរការ​ល្អ ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជិតខាង ឬ​នៅក្នុង​តំបន់ គឺមាន​ភាព​ចាំបាច់ និង​មាន​សារៈសំខាន់​ណាស់។

លោក​បាន​បញ្ជាក់ថា​៖ «​ផ្អែក​លើ​ទីតាំង​ភូមិសាស្ត្រ និង​ទំនាក់​ទំនង​ល្អ​ទាំង​ផ្នែក​រដ្ឋាភិបាល និង​ឯកជន គឺ​ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ ជា​មួយ​ប្រទេស​ចិន វៀតណាម និង​ថៃ គឺ​នឹង​រឹតតែ​មាន​ធំ​ថែម​ទៀត»។

ក្នុង​ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ប្រទេស​ទាំង ៣ ចំនួន​ជាង ១៧,២៩​ ពាន់​លាន​ដុ​ល្លារ ស្មើនឹង ៧១,៥១​ ភាគរយ ​នៃ​ការនាំ​ចូល​សរុប​របស់​កម្ពុជា ដែលមាន​ចំនួន​ជិត ២៤,១៨ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម GDCE៕