កម្ពុជាកំពុងខិតខំពង្រីកសក្តានុពលលើការផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់ខ្លួននៅក្នុងប្រទេសជប៉ុនតាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្ដរជាតិជប៉ុន “Tourism Expo Japan 2024” ដែលកំពុងប្រព្រឹត្តធ្វើនៅក្នុងទីក្រុងតូក្យូ ខណៈចំនួនភ្ញៀវទេសចរជនជាតិជប៉ុនដែលធ្វើដំណើរមកកម្ពុជាក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៤ មានប្រមាណជាង ៦ ម៉ឺននាក់។
បណ្តាញសង្គម «Facebook» ផ្លូវការក្រសួងទេសចរណ៍ បានលើកឡើងថា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និងជំរុញការផ្សព្វផ្សាយយុទ្ធនាការ“ឆ្នាំទស្សនាសៀមរាប ២០២៤” ប្រតិភូក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយលោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ រួមជាមួយក្រុមហ៊ុនឯកជនកម្ពុជា មួយចំនួន បាននឹងកំពុងចូលរួមពិព័រណ៍ទេសចរណ៍អន្ដរជាតិជប៉ុន “Tourism Expo Japan 2024” ចាប់ពីថ្ងៃទី ២៦-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
បើតាមក្រសួងទេសចរណ៍ ព្រឹត្តិការណ៍“Tourism Expo Japan 2024 នឹងមានការចូលរួមពីអ្នកសារព័ត៌មាន ក្រុមហ៊ុនអន្តរជាតិ និងស្ថាប័ននានា មកពីជាង ៨០ ប្រទេស ក្នុងតំបន់ និងពិភពលោក ដោយរំពឹងថា ពិព័រណ៍រយៈពេល ៤ ថ្ងៃនេះនឹងមានអ្នកទស្សនាសរុបចំនួន ១៨ម៉ឺននាក់។
ក្រសួងបញ្ជាក់ថា៖«តាមរយៈការចូលរួមពិព័រណ៍ “Tourism Expo Japan 2024” ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនជប៉ុន ឱ្យមកទស្សនា និងវិនិយោគនៅប្រទេសកម្ពុជា“កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងផ្ដល់ភាពកក់ក្តៅ” កាន់តែច្រើនថែមទៀត»។
ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិក (PATA) លោក ធួន ស៊ីណាន Thuorn Sinan, president of the Pacific Asia Travel Association (PATA) បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៧ ខែកញ្ញាថា ភ្ញៀវទេសចរជនជាតិជប៉ុន ជាទូទៅការចេញទៅមកដើរលេងនៅប្រទេសណាមួយ គឺគេនិយមប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនជប៉ុនដូច្នេះការផ្សព្វផ្សាយដោយផ្ទាល់នៅប្រទេសជប៉ុន និងការស្វែងរកដៃគូក្រមហ៊ុនជប៉ុនឱ្យជួយសហការ គឺពិតជាមានសារៈសំខាន់សម្រាប់ជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។ លោកបន្ថែមថា សម្រាប់ការចំណាយ គឺការចំណាយរបស់ភ្ញៀវជប៉ុន មិនមានអ្វីខុសប្លែកពីភ្ញៀវទេសចរជនជាតិចិន ឬកូរ៉េឡើយ។
លោកអះអាងថា៖«ការទៅចូលរួមដោយផ្ទាល់ដើម្បីឲ្យគេស្គាល់អំពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា គឺពិតជាចំណែកដ៏សំខាន់ក្នុងការជួយលើកកម្ពស់វិស័យនេះឲ្យងើបឡើងវិញ បន្ទាប់ពីវិបត្តិជាង ៤ ឆ្នាំដោយសារកូវីដ១៩»។
ចំណែកប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បាននិយាយថា ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាប្រាសាទអង្គរវត្តបានកើនឡើងគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ប្រសិនបើជើងហោះហើរត្រង់បើកឡើងវិញ វាជាការល្អណាស់។
ស្របពេលជាមួយគ្នានេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានអញ្ជើញទៅចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ នៅទីក្រុង Guilin តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ផងដែរ។
យោងតាមក្រសួងទេសចរណ៍ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៣ ៧៤២ ២៣០ នាក់ កើនឡើង ២៣,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានចំនួន ៣ ០៣៧ ៣៤៤នាក់។ ក្នុងនោះភ្ញៀវទេសចរជនជាតិជប៉ុន មានចំនួន ៦២ ៤៩៧នាក់ កើនឡើង ៤៨,៩ភាគរយធៀបរយៈពេល ៧ខែ ឆ្នាំ២០២៣។
ក្នុងអំឡុងឆ្នាំ ២០១៩ ដែលជាពេលប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាប់កំណត់ត្រា ៦,៦១ លាននាក់ គឺជនជាតិជប៉ុន មានចំនួន ២០៧ ៦៣៦នាក់ ស្មើនឹង ៣,១ភាគរយនៃចំនួនភ្ញៀវបរទេសសរុប៕