ជន​បរទេស​ជិត ៤,៣​ លាន​នាក់​បាន​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​​កម្ពុជា​ក្នុង​រយៈ​ពេល​ ៨ ខែ​ដើម​ឆ្នាំ ​២០២៤ ​កើន​ឡើង​ជាង ២០​ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២៣ ក្នុង​នោះ​ភ្ញៀវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​មាន​ចំនួន​ជិត ២/៣​ នៃ​ចំនួន​ភ្ញៀវ​សរុប​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​ ដែល​ចេញ​ផ្សាយ​ចុង​សប្តាហ៍​មុន បាន​ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែមករា ដល់​ខែ​សីហា ឆ្នាំ​ ២០២៤ មាន​ភ្ញៀវ​បរទេស​ចំនួន ៤ ២៩១ ០៥៨ នាក់​ បាន​ចូល​មក​ប្រទេស​កម្ពុជា កើន​ឡើង ២២,៥ ភាគរយ​ បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ២០២៣ ដែល​មាន​ចំនួន ៣ ៥០១ ៩៨១​ នាក់។ ក្នុង​ចំណោម​ភ្ញៀវ​ខាង​លើ គឺ​ភ្ញៀវ​មក​ពី​ប្រទេស​ថៃ មាន​ច្រើន​ជាង​គេ គឺ ១,៣៤​ លាន​នាក់, វៀតណាម ៨៦៨ ៤៤៥​ នាក់, ចិន​ ៥៣៨ ៨៣៤ នាក់, ឡាវ ២៤២ ១០៤ នាក់។ ក្រៅ​ពី​នោះ​ក៏មាន​ជនជាតិ​អាមេរិក កូរ៉េ​ខាងត្បូង ឥណ្ឌូនេស៊ី បារាំង ចក្រភព​អង់គ្លេស និង​ជប៉ុន ជាដើម​។

យោង​តាម​របាយការណ៍ ក្នុង​ចំណោម​ភ្ញៀវ​បរទេស​ទាំង​អស់​ គឺ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក មាន​ចំនួន ២,៧ លាន​នាក់ ​ផ្លូវ​អាកាស ១,៥៤ លាន​នាក់​ , ចំណែក​ផ្លូវ​ទឹក ៥៣ ៧៧៨​ នាក់។

លោក ខៀវ ធី ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នាថ្ងៃទី៣០ ខែកញ្ញា​ថា ភ្ញៀវ​បរទេស​ដែល​មក​ដើរ​កម្សាន្ត​នៅ​​​ប្រទេស​កម្ពុជា ពិសេស​ក្នុង​ខេត្ត​សៀមរាបក្នុង​ពេល​បច្ចុប្បន្ន​​គឺ​​មាន​ចំនួន​តិច​នៅ​ឡើយ​បើ​ធៀប​ទៅ​នឹង​មុន​ការ​លេច​ឡើង​វត្តមាន​ជំងឺ​កូវីដ​១៩។ មូល​ហេតុ គឺ​អាច​ដោយ​សារ​​ស្ថានភាព​សេដ្ឋកិច្ច​ពិភព​លោក​មិន​ទាន់ល្អ លក្ខខណ្ឌ​នៃ​ការ​ធ្វើ​ដំណើរ​ ​នៅ​មាន​ភាព​ស្មុគស្មាញ ការ​ចំណាយ​ខ្ពស់ និង​ការ​ផ្សព្វផ្សាយ​មិន​ទាន់​ទូលំទូលាយ។

លោក​លើក​ឡើង​ទៀត​ថា ​ភ្ញៀវ​បរទេស​ដែល​មក​កម្សាន្ត​តាម​តំបន់​ទេសចរណ៍​នានា​ក្នុង​ប្រទេស​កម្ពុជា ពិសេស​តំបន់​ប្រាសាទអង្គរវត្ត នា​ពេល​នេះ គឺ​មាន​ចម្រុះ​សាសន៍​ដោយ​មិន​មែន​ភាព​ច្រើន​តែ​ជា​ជនជាតិ​ចិន ដូច​មុន​ឆ្នាំ​២០១៩ ដែល​ជា​ពេល​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​ច្រើន​ជា​កំណត់​ត្រា​នោះ​ឡើយ​។ សម្រាប់​មូល​ហេតុ​ដែល​តួលេខ​ភ្ញៀវ​បរទេស​ចូល​មក​កម្ពុជា​ភាគ​ច្រើន​តាម​ផ្លូវ​គោក គឺ​ដោយ​សារ​តែ​ភាគ​ច្រើន​ជា​ ភ្ញៀវ​ជន​ជាតិ​ថៃ និង​វៀតណាម។​

ឆ្នាំ​២០១៩ គឺជា​ពេល​ដែល​កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ច្រើន​បំផុត ដោយ​មាន​ចំនួន ៦ ៦១០ ៥៩២ នាក់ កើន​ឡើង ៦,៦ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៨។

លោក​បាន​និយាយ​ថា៖​«​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​វិស័យ​ទេសចរណ៍​កម្ពុជា នឹង​មាន​សម្ទុះ​ឡើង​វិញ​ចាប់​ពី​រដូវកាល​ភ្ញៀវ​ច្រើន​(High Season)​នេះ​តទៅ ខណៈ​អាជ្ញាធរ​ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​ថ្មីៗ និង​ការ​ផ្សព្វផ្សាយ​ជា​បន្ត​បន្ទាប់​ដើម្បី​ពង្រឹង និង​ពង្រីក​ទីផ្សារ​ឱ្យ​កាន់​តែ​ធំ»។

ទោះយ៉ាង​ណា លោក​ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ និង​ផ្នែក​ឯកជន​ទាំង​អស់​ត្រូវ​រួមគ្នា​ឱ្យ​កាន់​តែ​សកម្ម​ថែម​ទៀត​ដើម្បី​បង្កើន​សក្តានុពល​ទាក់ទាញ​ភ្ញៀវ​បរទេស​ឱ្យ​ចូល​មក​កម្សាន្ត​នៅ​កម្ពុជា​កាន់​តែ​ច្រើន ព្រោះ​វិស័យ​ទេសចរណ៍​អាច​នាំ​ចំណូល​ចូល​ជាតិ​បាន​ច្រើន​រយ​លាន​ដុល្លារ​ក្នុង ១​ ឆ្នាំៗ។

អាជីវករ​លក់​វត្ថុ​អនុស្សាវរីយ៍ និង​ប្តូរប្រាក់​នៅ​ផ្សារ​កណ្តាល ខេត្ត​សៀមរាប លោក ជាក់ សេរី បាន​ប្រាប់​ថា ​ទោះបី​ការ​គម្រាមកំហែង​ពី​ជំងឺ​កូវីដ​១៩ បាន​បញ្ចប់ ប៉ុន្តែ​បញ្ហា​សេដ្ឋកិច្ច​សកល និង​ជម្លោះរវាង​ប្រទេស​មួយ​ចំនួន​បាន​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា នៅមិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ដូច​មុន​អំឡុង​ឆ្នាំ​២០២០ ឡើយ។ បច្ចុប្បន្ន​អាជីវកម្ម​របស់​លោក​ក៏​ដូច​ជា​អ្នក​ផ្សេង​ទៀត​ គឺ​មាន​ភាព​ស្ងប់​ស្ងាត់​ដូចគ្នា។

លោក​បន្ត​ថា៖​«​ទោះយ៉ាង​ណា យើង​មាន​ក្តី​រំពឹង​ថា អ្វីៗ​នឹង​មាន​ភាព​ល្អ​ប្រសើរ​​ចាប់​ពី​​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​តទៅ​។ កំណើន​ភ្ញៀវ​ទេសចរ ពិសេស​ជន​បរទេស នឹង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​សម្រាប់​គ្រប់​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា»។

កាល​ពី​ឆ្នាំ​ ២០២៣ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៥,៤៥ ​លាន​នាក់ កើន​ឡើង ១៣៩,៥​ ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ចំណែក​ប្រាក់​ដែល​រក​បាន​ពី​វិស័យ​ទេសចរណ៍​បរទេស ក្នុង​ឆ្នាំ​ ២០២៣ គឺមាន​ប្រមាណ ៣,០៤​ ពាន់​លាន​ដុល្លារ កើន​ឡើង ១១៥​ ភាគរយ​ពី​ចំនួន ១,៤១​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២២​។ នេះ​បើតាម​ក្រសួងទេសចរណ៍​៕